រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សេចក្តីជូនដំណឹង! បុណ្យខួបគំរប់១០០ថ្ងៃ នៃសពព្រឹទ្ធាចារ្យ ម៉ៅ សោភណ្ឌ អតីតអ្នកគ្រប់គ្រងនៅបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ

  • 2.8ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ពិធីបុណ្យ​ខួប​គំរប់១០០​ថ្ងៃ​ នៃ​សព​យោនិសោមនសិការោ ព្រឹទ្ធាចារ្យ ម៉ៅ សោភណ្ឌ ​អតីតអ្នកគ្រប់គ្រងនៅបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ នឹង​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២១​ ដល់​២២ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ នៅ​គេហដ្ឋាននៃសព ដែលស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ខាងត្បូងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត)។

នេះ​បើ​ផ្អែក​តាម​ លិខិតគោរពអញ្ជើញបុណ្យខួប១០០ ដែលទទួលបានពីក្រុមគ្រួសារនៃសព ​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្នុងលិខិតនោះ ក្រុមគ្រួសារនៃសពទាំងអស់ សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ឧបាសក ឧបាសិកា លោកគ្រូ អ្នកគ្រូ និងពុទ្ធបរិស័ទជិតឆ្ងាយ សូមចូលរួមចាប់មគ្គផល និងអនុមោទនា ទទួលយកនូវអានិសង្ឃ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។ ការអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបុណ្យនេះ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតចំពោះគ្រួសារនៃសព។

***សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ម៉ៅ សោភ័ណ្ឌ អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ និងជាអ្នកគ្រប់គ្រងបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង បានទទួលមរណភាព កាលពីវេលាម៉ោង ២៣៖៣៩នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។ លោកព្រឹទ្ធាចារ្យ ម៉ៅ សោភ័ណ្ឌ បានលះបង់កម្លាំងកាយ កម្លាំងចិត្ត ទាំងឈឺ ទាំងជា ខិតខំកសាង និងអភិវឌ្ឍ កែលម្អរបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដែលស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជារៀងរាល់ឆ្នាំទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋក្នុង និងក្រៅខេត្តតែងតែមកកាន់បូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដើម្បីមកចូលរួមធ្វើបុណ្យ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ជូនលោកឧកញ៉ា និងជំទាវ ដែលរៀបចំយ៉ាងសម្រិតសម្រាំង ដោយលោកព្រឹទ្ធាចារ្យ ម៉ៅ សោភ័ណ្ឌ។

ទោះបីរូបរាងកាយលោកលោកព្រឹទ្ធាចារ្យ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញ បានដក់ជាប់នៅក្នុងអារម្មណ៍ របស់ប្រជាជនទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស។ ការបាត់បង់លោកព្រឹទ្ធាចារ្យ គឺជាការបាត់មនុស្សជំនាន់មុន ដែលបានចងក្រងប្រវត្តិសាស្រ្ត និងរឿងព្រេងនិទាន ព្រមទាំងស្នាដៃជាច្រើន សម្រាប់យុវជនជំនាន់ក្រោយ បានសិក្សារៀនសូត្រ និងយកគម្រូតាម ជាពន្លឺទៅថ្ងៃខាងមុខ៕

Ti Amo (ពស)

អត្ថបទទាក់ទង