រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

មេបញ្ជាការរងអាវុធហត្ថផ្ទៃប្រទេស និងអភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់

  • 1.3ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការស្រាវជ្រាវព័ត៌មានសន្តិសុខ និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការស្វាគមន៍ ចំពោះក្រុមការងារគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយឯក ហុង វិបុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយបានជម្រាបជូនថា ខេត្តពោធិ៍សាត់ជាខេត្តមួយមានលក្ខណៈទ្រង់ទ្រាយធំទូលាយដូចបណ្តាខេត្តនានាទូទាំងប្រទេស។ ដោយឡែកក្នុងវិស័យធនធានធម្មជាតិ បានចែកចេញជា៣ផ្នែក គឺផ្នែករដ្ឋបាលព្រៃឈើក្រគរ មាន៥សង្កាត់ រដ្ឋបាលព្រៃឈើក្រវាញ មាន៣សង្កាត់ និងរដ្ឋបាលព្រៃឈើស្រុកវាលវែងមាន៣សង្កាត់។ នៅក្នុងខេត្តមានផ្ទៃដីព្រៃ សហគមន៍ជាង១៧ពាន់ហិកតា ព្រៃបម្រុងទុកជាង១៥២ពាន់ហិកតា ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនភាពីម៉ិច២១ពាន់ហិកតា ក្រុមហ៊ុនរតនាវិសាលជិត២ពាន់ហិកតា ក្រុមហ៊ុនយូរីសាគរជាង២២ពាន់ហិកតា ក្រុមហ៊ុនអឹមឌីអេសជាង៦ពាន់ហិកតា ក្រុមហ៊ុនតូចហ៊ាវជាង២ពាន់ហិកតា និងដីសម្បទានសង្គមកិច្ចជាង៥ពាន់ហិកតា។ រដ្ឋបាលព្រៃឈើបានសហការជាមួយកងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ ចុះល្បាតតាមតំបន់គោលដៅ និងបង្ក្រាបបទល្មើសព្រៃឈើ បាន១៣ករណី កំទេចរថយន្តកែឆ្នៃ បាន៣៥គ្រឿង រឹបអូសត្រាក់ទ័រ១គ្រឿង ឃាត់រថយន្ត៥គ្រឿង គោយន្ត៥គ្រឿង កំទេចម៉ាស៊ីនអាឈើ៩កន្លែងនិងឈើអាជាង១០ម៉ែត្រគីប។ ឯកឧត្តមក៏បានជម្រាបជូនដែរថា ប្រជាពលរដ្ឋចំណាកស្រុកមករស់នៅក្នុងតំបន់ព្រៃជ្រៅៗ បានវាទដីធ្វើស្រែចំការ ធ្វើឲ្យជំនាញមានការលំបាកក្នុងការចុះបង្ក្រា បតែទោះជាយ៉ាងនេះក៏ដោយ  ក្នុងនាមរដ្ឋបាលខេត្ត សហការជាមួយជំនាញ នៅតែបន្តសកម្មភាព បង្កា បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដូចភ្លៀងរលឹម។

ឯកឧត្តម ឧត្តមសេនីយឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររបស់ គណកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសំណូមពរដល់រដ្ឋបាលខេត្ត មន្ទីរជំនាញ និងស្ថាប័ន ដែលមានការពាក់ព័ន្ធចូលរួមសហការជាមួយក្រុមការងាររបស់គណៈកម្មការថ្នាក់ជាតិ ចុះធ្វើការស្រាវជ្រាវក្នុងតំបន់ដែលមានបញ្ហាប្រឈមច្រើន ពិសេសនៅក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែងនោះជាដើម។ ផ្នែកតាមការពិនិត្យកន្លងមកឃើញថា ករណីបទល្មើស ធនធានធម្មជាតិ គឺមិនមែនតែនៅក្នុងខេត្តពោធិ៍សាត់មួយនោះទេ ចំពោះខេត្តផ្សេងៗទៀត ក៏កើតមានប្រហាក់ប្រហែលគ្នា ដូចនេះដើម្បីឈានទៅបង្កាបង្ក្រាប និងទប់ស្កាត់លើករណីរុករាន ទន្រ្ទានកាប់ឆ្កាព្រៃឈើធ្វើជាកម្មសិទ្ធិឲ្យមានប្រសិទ្ធិភាពនោះ កត្តាសំខាន់បន្តជម្រុញការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធវិស័យព្រៃឈើ ជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ បន្តកិច្ចសហការជាមួយអង្គការដៃគូជាតិ អន្តរជាតិ សម្រាប់គាំទ្រកម្មវិធីវិស័យព្រៃឈើ ក្នុងគោលបំណង រួមគ្នាថែរក្សាការពារ ធនធានធម្មជាតិ សម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តភាព៕

Ti Amo (ពស)

អត្ថបទទាក់ទង