រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ពលរដ្ឋស្រុកតាលោសែនជ័យ ប្តេជ្ញាចូលរួមសហការអភិវឌ្ឍន៍ស្រុក ឲ្យក្លាយជាស្រុកគំរូ និងមានសក្តានុពលជាងគេទូទាំងខេត្ត (Video inside)

  • 1.3ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានថ្លែងថា ស្រុកថ្មីដែលបង្កើតរួចរាល់ហើយនោះ នឹងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មើលឃើញពីរចនាបទខ្មែរ ដែលមានតំបន់រដ្ឋបាលប្រមូលផ្តុំ និងទីប្រជុំជនស្រុក មានផ្លូវថ្នល់ បណ្តាញភ្លើង ទឹកស្អាន ពហុកីឡាដ្ឋាន ព្រះស្រែ វាលប្រណាំងគោក្របី កន្លែងទេសចរណ៍ និងកន្លែងអ៊ុំទូកជាដើម។ល។…ការអភិវឌ្ឍតំបន់នេះ ក៏មិនត្រូវធ្វើនៅលើគំនរទឹកភ្នែកពុកម៉ែនោះដែរ គឺដើម្បីបំពេញតម្រូវការចាំបាច់ ទៅលើជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋយើងទៅថ្ងៃខាងមុខ។

https://www.facebook.com/pursatprovincialhall855/videos/2473894439566994/

ឯកឧត្តមបានថ្លែងបែបនេះ នៅលើសាលាឆាន់ វត្តបឹងព្រះពន្លាជ័យ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក្នុងឱកាសចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងព្រះពន្លៃ (បឹងព្រះពន្លាជ័យ) ចំនួន១៩៧គ្រួសារ ប្រកបដោយភាពជោគជ័យ និងទទួលយកទាំងអស់គ្នា ដោយបានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម ម៉ៅ ធនិន បានជម្រាបជូនថា ដោយបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលរបស់យើង និងជាសំណូមពររបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ យើងបានបង្កើតស្រុកថ្មីមួយ គឺស្រុកតាលោសែនជ័យ ដើម្បីលើកយកសេវារដ្ឋបាល ខិតឲ្យកៀកនឹងជើងជណ្តើររបស់ពុកម៉ែយើង។ ហើយស្រុកថ្មី យើងនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមាន៖ សាលារៀន តំបន់រដ្ឋបាលប្រមូលផ្តុំ និងទីប្រជុំជនស្រុក ឲ្យមើលឃើញពីរចនាបទខ្មែរ ដែលមានអគាររដ្ឋបាល ផ្លូវថ្នល់ បណ្តាញភ្លើង ទឹកស្អាន ពហុកីឡាដ្ឋាន ព្រះស្រែ វាលប្រណាំងគោក្របី កន្លែងទេសចរណ៍ និងកន្លែងអ៊ុំទូកជាដើម។ល។… ទន្ទឹមនឹងការអភិវឌ្ឍស្រុកថ្មីនេះឡើង ប្រមុខនៃរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែង ជាក់ស្តែងនៅទីនេះ យើងមានទំនប់ដំណាក់ឈើក្រម និងផ្នែកខាងក្រោម យើងមានទំនប់ដំណាក់អំពិល ទំនប់ចារឹក មុននឹងហូរទៅដល់បឹងទន្លេសាប។

ឯកឧត្តមបានបន្ថែមថា រឿងដែលត្រូវគិត មិនមែនដើម្បីផលប្រយោជន៍របស់បុគ្គលម្នាក់នោះទេ ហើយការអភិវឌ្ឍតំបន់នេះជាក់ស្តែងក៏មិនត្រូវធ្វើនៅលើគំនរទុក្ខ និងទឹកភ្នែកពុកម៉ែនោះដែរ! អ្វីៗដែលជាការគិតគូររបស់ថ្នាក់ដឹកនាំ គឺដើម្បីបំពេញតម្រូវការចាំបាច់ ទៅលើជីវភាព និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋយើងទៅថ្ងៃខាងមុខ ជាពិសេសកូនចៅជំនាន់ក្រោយ។ ឯកឧត្តមបានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកទាំងអស់ ត្រូវបន្សាំខ្លួនចូលជាសមាជិកគ្រួសារបងប្អូនប្រជាពលរដ្ឋទូទាំងស្រុក ក្នុងនាមជាកូន ជាបង ជាប្អូន ជាក្មួយ ដូចគ្រួសារតែមួយ បើមានបញ្ហាអ្វីកើតឡើងនៅមូលដ្ឋាន ត្រូវរាយការណ៍ និងរួមគ្នាធ្វើ រួមគ្នាដោះស្រាយ ឲ្យទាន់ពេលវេលា។

ផ្អែកតាមការជម្រាបជូនខាងលើ ប្រជាពលរដ្ឋនៅទីនោះ បានសម្តែងការសប្បាយចិត្ត ដោយយល់ព្រមឯកភាព និងសហការចូលរួម អភិវឌ្ឍន៍ស្រុកតាលោសែន ដែលជាស្រុកកូនពៅ ឲ្យក្លាយជាស្រុកគំរូ និងជាស្រុកដែលមានសក្តានុពលជាងគេទូទាំងខេត្ត។ ជាមួយគ្នានោះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណ និងប្តេជ្ញាគាំទ្រចំពោះសម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជូនសមិទ្ធផលធំៗ មានជាអាដថ៏ ទំនប់ ប្រឡាយមេ ប្រឡាយរង ផ្លូវថ្នល់ខ្វាត់ខ្វែងតភ្ជាប់ពីផ្លូវជាតិ ទៅទីប្រជុំជនស្រុក/ក្រុង ពីទីប្រជុំជនស្រុក/ក្រុង ទៅអន្តរឃុំ/សង្កាត់ ភូមិ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឯកឧត្តម ម៉ៅ ធនិន បានផ្តល់វត្ថុកំដរដៃ ជូនដល់បងប្អូនជាស្ត្រី ក្នុងម្នាក់ៗទទួលបានសារុង១ និងបានឧបត្ថម្ភអង្ករចំនួន២០០គីឡូក្រាម ដល់វត្តបឹងព្រះពន្លាជ័យ ព្រមទាំងបន្តចុះពិនិត្យប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រម និងផ្តល់អនុសាសន៍ល្អៗមួយចំនួន ជុំវិញហេដ្ឋារចនាសម្ព័ន្ធដែលត្រូវអភិវឌ្ឍន៍ សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង