រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ អបអរសាទរដង្ហែពានរង្វាន់ជ័យលាភីលេខ១ របស់មន្ទីរពេទ្យបង្អែកបាកាន និងលេខ៧ របស់មន្ទីរពេទ្យបង្អែកពោធិ៍សាត់ នៃការផ្តល់សេវាសុខាភិបាលគំរូ (Video inside)

  • 1.2ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំពីធីដង្ហែពានរង្វាន់ជ័យលាភីលេខ១ នៃការផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល របស់មន្ទីរពេទ្យបង្អែកបាកាន និងជ័យលាភីលេខ៧ នៃការផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣គំរូ របស់មន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ប្រចាំឆ្នាំ២០១៩។

ពិធីនេះត្រូវបានដង្ហែចេញពីសាលប្រជុំសាលាខេត្តពោធិ៍សាត់ តាមក្បួនរថយន្ត ឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែកបាកាន ដែលស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

https://www.facebook.com/pursatprovincialhall855/videos/2472691293020642/

លោកវេជ្ជបណ្ឌិត កែវ សាងផលបុណ្យ ប្រធានការិយាល័យស្រុកប្រតិបត្តិបាកាន បានឲ្យដឹងថា មុននឹងទទួលបានជ័យលាភីនេះ មន្ទីរពេទ្យរួមទាំងក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យទាំងអស់ បានប្រតិបត្តិ និងបម្រើពលរដ្ឋ ដោយមិនគិតពីការនឿយហត់គ្រប់វិនាទី។ លោកវេជ្ជបណ្ឌិតបន្ថែមថា បុគ្គលិកពេទ្យទាំងអស់ បានប្រើប្រាស់តួនាទីទៅតាមឋានានុក្រមគ្រួសារ និងគោរពទៅតាមក្រមសិលធម៌ វិជ្ជាជីវៈ ស្ថិតក្នុងភាពថ្លៃថ្នូរ រួមទាំងការថែរក្សាអនាម័យ បរិស្ថាន នៅក្នុងបរវេណមន្ទីរពេទ្យ ឲ្យមានសោភ័ណ្ឌភាព និងបរិយាកាសល្អប្រសើរ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការទទួលជ័យលាភីនេះ មិនមែនមកពីបុគ្គលម្នាក់ទេ គឺបានមកពីការចូលរួមពីបុគ្គលិកពេទ្យ និងប្រជាពលរដ្ឋ ព្រមទាំងការមើលឃើញជាក់ស្តែង នូវបំរើសេវាសាធារណៈ និងការព្យាបាលរបស់ក្រុមគ្រូពេទ្យទាំងអស់ ក្រោមការដឹកនាំរបស់មន្ទីរសុខាភិបាលខេត្ត។ លោកវេជ្ជបណ្ឌិត បានបង្ហាញអារម្មណ៍សប្បាយចិត្ត ក្រោយការវាយតម្លៃរបស់រាជរដ្ឋាភិបាល មកលើមន្ទីរពេទ្យបង្អែកស្រុកបាកាន ទទួលបានជ័យលាភីលេខ១ នៃការផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល និងជ័យលាភីលេខ៧ នៃការផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣គំរូ របស់មន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដែលធ្វើឲ្យមានភាពល្បីល្បាយផងដែរ។ អ្វីដែលសំខាន់ លោកនិងបុគ្គលិកទាំងអស់ នៅតែខិតខំប្រឹងប្រែងបន្តទៀត ដើម្បីប្រកួតប្រជែងនៅឆ្នាំក្រោយៗទៀត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងថា ក្នុងនាមជាថ្នាក់ដឹងនាំខេត្ត និងតំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តមមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយសបញ្ជាក់ឲ្យឃើញពីស្មារតីខិតខំប្រឹងប្រែង របស់បុគ្គលិកពេទ្យ នៃមន្ទីរពេទ្យបង្អែកបាកាន និងមន្ទីរពេទ្យបង្អែកពោធិ៍សាត់។ ទន្ទឹមគ្នានោះ ឯកឧត្តមសូមឲ្យក្រុមគ្រូពេទ្យនៅគ្រប់មូលដ្ឋាន ត្រូវបន្តយកចិត្តដាក់បន្ថែមទៀត ដើម្បីលើកស្ទួយផ្នែកវិស័យសុខាភិបាល វិស័យអប់រំ ឲ្យកាន់តែមានភាពរីកចម្រើន និងធ្វើជាមន្ទីរពេទ្យដ៏គំរូ ឲ្យកាន់តែប្រសើរជាងនេះទៅទៀត។

ឯកឧត្តមបានអំពាវនាវ ដល់បុគ្គលិកពេទ្យទាំងអស់ ត្រូវអនុវត្តន៍ទៅតាមក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ឆ្លើយតបទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមេដឹកនាំដ៏ឈ្លាសវៃ ដែលរកសុខសន្តិភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋពេញផ្ទៃប្រទេស ឲ្យមានខឿនសេដ្ឋកិច្ចរីកចំរើនគ្រប់វិស័យ និងបង្កើនធនធានមនុស្ស ឲ្យមានភាពលូតលាស់ថែមទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩កន្លងទៅ នៅវិទ្យាស្ថានជាតិអប់រំ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីលេខ១ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ចំនួនមួយគឺ វិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង និងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលចំនួនបីគឺ មន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យខេត្តកំពង់ចាម។ ក្នុងពិធីនោះក៏បានការអញ្ជើញចូលរួមជាគណៈអធិបតី ពីសំណាក់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ, ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង