រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បន្តចុះអង្កេតទំនិញ​ នៅផ្សារស្រែស្តុក រកឃើញទំនិញ០៧មុខ ហួសកាលបរិច្ឆេទ​, និងបន្តចុះអង្កេតទំនិញនៅស្តង់តាំងពិព័ណ៌ តែរកមិនឃើញសារធាតុគីមីហាមឃាត់

  • 931
  • ដោយ Admin

(ពោធិ៍សាត់)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ​បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះផ្សព្វផ្សាយ អប់រំ និងត្រួតពិនិត្យទំនិញ ម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារស្រែស្តុក ស្រុកកណ្តៀង និងផ្ទះលក់ចាប់ហួយ នៅភូមិក្តីឈ្វិត និងភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ព្រមទាំងបន្តចុះពិនិត្យស្តង់តាំងពិព័ណ៌ ដែលដាក់លក់ទំនិញម្ហូបអាហារ តាមបណ្តោយផ្លូវលេខ១០១ ទល់មុខសាលាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ក្នុងការត្រួតពិនិត្យ​ មន្រ្តីជំនាញបានធ្វើវិភាគបឋមរកសារធាតុគីមីហាមឃាត់ទៅលើប្រហិតសាច់គោដុំធំ, ប្រហិតសាច់គោដុំតូច, មឹក, បង្គារ, ណែម ដែលលទ្ធផល​ មន្ត្រីជំនាញរកពុំឃើញ​វត្តមានសារធាតុគីមីហាមឃាត់ទេ។ ប៉ុន្តែក្រុមការងារបានរកឃើញ ទំនិញខូចគុណភាព ហួសថ្ងៃកំណត់ប្រើប្រាស់ ដោយបានធ្វើកំណត់ហេតុ ដកហូតទំនិញ ចំនួន០៧មុខ សរុប១៥៩,៥គីឡូក្រាម នៅផ្សារស្រែស្តុក និងបណ្តាផ្ទះលក់ចាប់ហួយ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីរក្សាទុក និងដុតកំទេចចោលនាពេលក្រោយ។

លោកប្រធានសាខាកាំកុងត្រូលបានបន្ថែមថា ក្នុងនោះ​ក្រុមការងារយើង ក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ «Poster» ផងដែរ។

លោក តូច ចៅកុយ ក៏បានណែនាំអាជីវករ ឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់៕

Ti Amo (ពស)

អត្ថបទទាក់ទង