រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន៖ «ចាត់តាំងនៅក្នុងលិខិតស្នាម ប៉ុន្តែអ្នកដែលមកទទួលនូវការចាត់តាំង សូមឲ្យមកទាំងអស់»

  • 1.8ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ បានលើកឡើងថា លិខិតស្នាមនៃការតែងតាំងមួយសន្លឹកនេះ គឺគ្រាន់តែជាចំណាត់តាំងប៉ុណ្ណោះ ប៉ុន្តែអត្ថន័យ និងខ្លឹមសារពិតប្រាកដ ដែលមិនអាចកាត់ថ្លៃបាន គឺទង្វើរ និងសកម្មភាពរបស់យើង, ដូច្នេះអ្នកដែលមកទទួលនូវការចាត់តាំងនេះ សូមឲ្យមកទាំងខ្លួន មកទាំងចិត្ត មកទាំងសុខទុក្ខ មកទាំងមនសិការ ហើយគ្រប់យ៉ាងទាំងអស់នេះមកជាមួយ គឺដើម្បីបម្រើប្រជាពលរដ្ឋរបស់យើង ក្នុងនាមជាសាច់ ជាឈាម ក្នុងក្រុមគ្រួសារយើងតែមួយ។

©®2019 by Ti Amo

ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីប្រកាសតែងតាំងនាយករដ្ឋបាល និងប្រគល់ត្រា ប្រធានការិយាល័យភូមិបាល ស្រុកតាលោសែនជ័យ          ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ អាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។

យោងតាមប្រកាសលេខ ៥៦៥៩ ប្រ.ក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ត្រូវបានប្រកាសតែងតាំង​លោក ឆេង ហ៊ុល ឲ្យកាន់មុខតំណែង ជានាយករដ្ឋបាល និងប្រគល់ត្រាជូនលោក កែវ មៃក្រឺឌី ប្រធានការិយាល័យភូមិបាលស្រុកតាលោសែនជ័យ។

©®2019 by Ti Amo

បន្ទាប់ពីលោក ឆេង ហ៊ុល នាយករដ្ឋបាលថ្មី សាលាស្រុកតាលោសែនជ័យ បានប្តេជ្ញាចិត្តរួចមក, ឯកឧត្តម ម៉ៅ ធនិន​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា កន្លងមកយើងបានប្រកាសអភិបាលស្រុក និងថ្នាក់ដឹកនាំស្រុកមួយចំនួនរួចមកហើយ តែថ្ងៃនេះយើងប្រកាសជាផ្លូវការ នាយករដ្ឋបាល និងប្រគល់ត្រា ជូនប្រធានការិយាល័យភូមិបាលស្រុក ដើម្បីទទួលកិច្ចការថ្មី ជាប្រយោជន៍បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចខ្លួន ឲ្យទទួលបានទាំងបរិមាណ និងគុណភាព។ ឯកឧត្តមបានបន្ថែមថា ស្រុកនេះគឺជាស្រុកកូនពៅគេ  ដែលទើបនឹងបង្កើតថ្មី ដូចនេះត្រូវបន្តការខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី មានមនសិការលះបង់ ជំនះពុះពារ នូវរាល់គ្រប់ឧបសគ្គ ភាពស្មុកស្មាញ គ្រប់បែបយ៉ាង ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ដោយអនុវត្តទៅតាមច្បាប់​ក្រិតវិន័យ បទបញ្ជាផ្ទៃក្នុង របៀបរបបធ្វើការ ទុកដាក់ ឯកសារ លិខិតស្នាមរដ្ឋបាល និងឯកសារពាក់ព័ន្ធដីធ្លីរបស់ប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវ និងចេះគ្រប់គ្រងពេលវេលា ចែករំលែកការងារ ផ្តល់​ទំនុក​ចិត្ត និងជួយគ្នាទៅវិញទៅមក។

ឯកឧត្តមបានលើកឡើងថា ការអភិវឌ្ឍរីកចម្រើន នៃសង្គមជាតិយើងនាពេលបច្ចុប្បន្ននេះ គឺមិនអាចកើតមានបានទេ ​បើមិនមានសន្តិភាព ហេតុនេះយើងត្រូវចូលរួមថែរក្សា សុខសន្តិភាព ស្ថេរភាពនេះឲ្យបានគង់វង្ស សម្រាប់ប្រយោជន៍​ដល់កូនចៅយើង​ជំនាន់​ក្រោយៗ​ទៀត បានឃើញបានស្គាល់អំពីសមិទ្ធផលទាំងនោះ។ ឯកឧត្តមមានប្រសាសន៍ទៀតផ្តាំផ្ញើ សូមឲ្យក្រុមប្រឹក្សាស្រុក  គណអភិបាលស្រុក ​និងរដ្ឋបាលឃុំ ភូមិ បង្កើននូវចំណងសាមគ្គីភាព ឯកភាព ព្រោះវាជាគ្រឹះផ្តល់នូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ​តែបើយើងមិនចេះផ្តល់លទ្ធភាព ឱ្យ​មន្ត្រីថ្នាក់ក្រោមទេនោះ ផលវិបាក ធ្លាក់មកលើរូបយើងជាអ្នកដឹកនាំ និងទទួលរ៉ាប់រងទាំងស្រុង ព្រោះថាកិច្ចការអ្វីៗទាំងអស់ មិនអាចធ្វើតែម្នាក់ឯងបាននោះទេ បើគ្មានអ្នកចូលរួម ហេតុនេះទាមទារ ឱ្យមានការសាមគ្គីឯកភាពគ្នា និងចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៕

Ti Amo (ពស)

អត្ថបទទាក់ទង