រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចុះផ្ទាល់ដោះស្រាយទំនាស់ បញ្ហាប្រឈម និងសំណូមពរ ទាំង៧ករណី នៅឃុំខ្នារទទឹង ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា (Video inside)

  • 854
  • ដោយ Admin
https://www.facebook.com/pursatprovincialhall855/videos/2458019111154527/

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានចុះសម្របសម្រួល ដោះស្រាយសំណូមពរ បញ្ហាប្រឈម ទំនាស់ដីធ្លី រួមទាំងទំនាស់ផ្សេងៗ ទាំង៧ករណី បញ្ចប់ដោយជោគជ័យ ក្រៅប្រព័ន្ធតុលាការ ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា។

https://www.facebook.com/pursatprovincialhall855/videos/2457841871172251/

ពិធីនេះធ្វើឡើង នៅសាលាឃុំខ្នារទទឹង ស្រុកបាកាន ដោយបានការចូលរួមពីលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ និងភាគីដែលមានការពាក់ព័ន្ធជាច្រើននាក់ទៀត។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ការចុះមកសម្របសម្រួល ដោះស្រាយសំណូមពរ បញ្ហាប្រឈម និងទំនាស់ផ្សេងៗ ដល់ឃុំផ្ទាល់នាពេលនេះ គឺដើម្បីបន្សំាខ្លួនខិតកៀកឲ្យជិត ចូលទៅក្នុងសុខទុក្ខប្រជាពលរដ្ឋ ក្នុងនាមជាមេ និងក្នុងនាមជា បង ប្អូន កូន ក្មួយ ក្នុងសមាជិកគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត។ ឯកឧត្តមបានបន្ថែមថា បើប្រជាពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនបាន ហើយរត់មកពឹងពាក់ ឯកឧត្តមមិនដែលធ្វើព្រងើយកន្តើយនោះទេ។ ជាក់ស្តែងទំនាស់ទាំង៧ករណីខាងលើនេះ ត្រូវបានអាជ្ញាធរឃុំ ស្រុក ធ្លាប់បានសម្របសម្រួលជាច្រើនលើករួចមកហើយ រហូតដល់ឯកឧត្តម តែនៅមិនទាន់គ្រប់អង្គហេតុ និងភាគីពាក់ព័ន្ធ សាក្សីដែលដឹងឮច្បាស់លាស់នៅមូលដ្ឋានភូមិឃុំផ្ទាល់ ទើបឯកឧត្តមជ្រើសរើសថ្ងៃនេះ ដើម្បីដោះស្រាយបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ។ 

ថ្នាក់ដឹកនាំខេត្តរូបនេះ បានផ្តាំផ្ញើដល់ភាគីទំនាស់ទាំងសង្ខាង «សូមកុំចង់ឈ្នះ ចង់ចាញ់គ្នា ព្រោះគ្មានអ្វីដែលនៅសេសសល់នោះទេ គឺមានតែការខាតបង់ពេលវេលា ទ្រព្យសម្បត្តិ  កេរ្តិ៍ឈ្មោះ...។ល។ ត្រូវគិតថាលទ្ធផលដែលយើងទទួលបាននោះរបៀបម៉េច? »។ ដោយឡែកអាជ្ញាធរស្រុក ឃុំ ភូមិ រួមទាំងមេប៉ុស្តិ៍ ត្រូវប្រើប្រាស់តួនាទីជាឳពុកម្តាយដ៏ល្អ ចូលរួមសម្របសម្រួល ដោះស្រាយ សំណូមពរ បញ្ហាប្រឈមជូនប្រជាពលរដ្ឋ ដើម្បីជាភាពសុខសាន្តនៅមូលដ្ឋានរបស់យើង។

រាល់ដំណោះស្រាយរបស់ឯកឧត្តមអភិបាលខេត្ត ត្រូវបានការទទួលសាទរ ពីប្រជាពលរដ្ឋនៅទីនោះ ដោយម្នាក់ៗមានទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមអភិបាលខេត្ត ដែលមានព្រហ្មវិហារធម៌ មានភាពទន់ភ្លន់ ម៉ឺងម៉ាត់ មិនលំអៀង ឈរលើគោលការណ៍សុក្រឹត្យ និងយុត្តិធម៌ មិនខ្លាចពីការនឿយហត់ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តល់ជូនអភិបាលខេត្តដ៏ល្អ និងស្នើសុំឲ្យបន្តយន្តការ ក្នុងខេត្តនេះជារៀងរហូត។

សូមបញ្ជាក់ថា ក្នុងកិច្ចដំណោះស្រាយខាងលើ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនអាហារសម្រន់រួមមានមីកញ្ចប់ និងទឹកបរិសុទ្ធ សម្រាប់ពិសាជួបជុំគ្នា ព្រមទាំងបានប្រគល់ថវិកា អង្ករ និងសារុង ជូនដល់គ្រួសារអតីតយុទ្ធជន ជនចាស់ជរា ដែលជាភាគីទំនាស់ ទៅតាមទម្លាប់ផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង