រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យប្រព័ន្ធធារាស្ត្រ និងអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវប្រជាកសិករ ជួបគ្រោះរាំងស្ងួត ក្នុងគោលដៅ ក្រុង១ និងស្រុក៤ (Video inside)

  • 1.8ពាន់
  • ដោយ Admin
https://youtu.be/FcD6AA6iXEU

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ការបង្កបង្កើនផលស្រូវ និងអន្តរាគមន៍បូមទឹក ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាត នៅតំបន់ខ្លះៗដែលឆ្ងាយពីប្រព័ន្ធធារាស្ត្រ និងមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ធ្វើឲ្យផ្ទៃដីស្រូវវស្សា ត្រូវបានទទួលរងនូវគ្រោះរាំងស្ងួត ក្នុងគោលដៅក្រុង១ និងស្រុក៤ រួមមាន៖ ស្រុកបាកាន ស្រុកតាលោសែនជ័យ ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។

របាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ក្នុងស្រុកបាកាន ផ្ទៃដីរាំងស្ងួត មានចំនួន៤១,១៨៣ហិកតា កំពុងប្រឈបបញ្ហាខ្វះទឹក ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ ៩,៦៨៥ហិកតា, ដោយឡែកស្រុកតាលោសែនជ័យ ផ្ទៃដីរាំងស្ងួត ចំនួន២,១៣៧ហិកតា ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ ៥២៥ហិកតា, ចំពោះស្រុកភ្នំក្រវាញ ផ្ទៃដីរាំងស្ងួត ចំនួន២,៦៨៩ហិកតា ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ ៧៧០ហិកតា សង្គ្រោះបាន ៦៤ហិកតា, ក្រុងពោធិ៍សាត់ ផ្ទៃដីរាំងស្ងួត ចំនួន៩,០៤៣ ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ ២៨៦ សង្គ្រោះបាន ២៥០ហិកតា និងនៅស្រុកកណ្តៀង ផ្ទៃដីរាំងស្ងួត ចំនួន៩,៨២២ហិកតា ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ ៣,៤០៣ហិកតា សង្គ្រោះបាន ១០៤ហិកតា។

បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក បានឲ្យដឹងដែរថា បច្ចុប្បន្នអាជ្ញាធរ បានប្រើប្រាស់ប្រភពទឹក ពីទំនប់ទី៣ និងទី៥ តាមស្ទឹងពោធិ៍សាត់ ហូរកាត់ប្រឡាយមេដំណាក់អំពិល និងប្រឡាយក្អែបជាច្រើន ក្នុងនោះកំពុងសង្រ្គោះស្រូវប្រជាពលរដ្ឋ បានប្រមាណជាង ៣ម៉ឺនហិកតា លើផ្ទៃដីតម្រូវការសរុប ៥ម៉ឺនហិកតា។ លោកប្រធានមន្ទីរបានបន្ថែមថា បច្ចុប្បន្នស្ថានីយ៍បូមទឹករបស់សម្តេច ហ៊ុន សែន ៣កន្លែង រួមមានស្ថានីយ៍ទី៥ ទី១៦ និងទី៤៨ បាននឹងកំពុងធ្វើការអន្តរាគមន៍ ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ លើផ្ទៃដី១៧០ហិកតា ក្នុងឃុំកណ្តៀង ស្រុកកណ្តៀង, សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ និងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ លោកបានឲ្យដឹងទៀតថា ជាមួយនឹងការជួយអន្តរាគមន៍ ពីស្ថានីយ៍បូមទឹករបស់សម្តេច ហ៊ុន សែន នោះ ម៉ាស៊ីនបូមទឹកចល័តរបស់មន្ទីរ និងក្រសួងធនធានទឹក ក៏បានចុះអន្តរាគមន៍បូមទឹកព្រមគ្នា ក្នុងស្រុកកណ្តៀង បានចំនួន៥០០ហិកតាផងដែរ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធី៍សាត់ បានលើកឡើងថា ពិនិត្យជារួមស្ថានភាពគ្រោះរាំងស្ងួតនៅទីនេះ មិនខុសពីតំបន់ផ្សេងនោះទេ, ឯកឧត្តមបានណែនាំឲ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរ ស្រុក ឃុំ ចុះតាមដានស្ថានភាព នៃការបើក និងបិទទ្វាទឹក ប្រឡាយមេដំណាក់អំពិលឲ្យបានជាប់ជាប្រចាំ ហើយក៏គួរសិក្សាពីលទ្ធភាពប្តូរមុខដំណាំខ្លះ ដែលប្រើប្រាស់ទឹកតិច ចំពោះប្រជាកសិករក៏គួរត្រៀមពូជទុកសាបព្រួសឡើងវិញ បន្ទាប់ពីមានទឹកគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខស្បៀងនៅឆ្នាំខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តមបានចែកជូនដល់ប្រជាកសិករ ដែលចូលរួមដំណើរចុះពិនិត្យទីតាំងនីមួយៗ ក្នុងម្នាក់ៗ សារុង១ ព្រមទាំងបានជួយដោះស្រាយបញ្ហាចំពោះមុខជាបន្ទាន់ ដោយបានឧបត្ថម្ភជាថវិកា សម្រាប់បងប្អូនប្រជាពលរដ្ឋ ថែទាំ និងយាមការ ទ្វាទឹក និងម៉ាស៊ីនបូមទឹកផងដែរ៕

Ti Amo (ពស)

https://www.facebook.com/pursatprovincialhall855/videos/2457406124549159/

អត្ថបទទាក់ទង