រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ណែនាំដល់មន្ត្រីមន្ទីរសុរិយោដីខេត្ត ត្រូវបន្តអនុវត្តតួនាទីភារកិច្ច ទៅតាមជំនាញ និងវិជ្ជាជីវៈ ប្រកបដោយក្រមសីលធម៌ ដែលច្បាប់កំណត់ (Video inside)

  • 1.1ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ​២០១៩ បានជម្រុញឲ្យមន្ត្រីមន្ទីររៀបចំដែនដី ​នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវអនុវត្តតួនាទីភារកិច្ច ទៅតាមជំនាញ និងវិជ្ជាជីវៈ ប្រកបដោយក្រមសីលធម៌ត្រឹមត្រូវ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាពិសេសអភិវឌ្ឍន៍ ធនធានចំណេះដឹង ដើម្បីឲ្យសមស្របទៅនឹងសម្ភារៈបច្ចេកទេស ដែលមានការអភិវឌ្ឍន៍រីកចម្រើន ក្នុងយុគ្គសម័យបច្ចុប្បន្ន។

ការជម្រុញបែបនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តម ម៉ៅ ធនិន អញ្ជើញប្រកាសទទួលស្គាល់ប្រធានស្តីទីមន្ទីរ ដ.ន.ស.ស ខេត្តពោធិ៍សាត់ និងជួបសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីររៀបចំដែនដី ​នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រមាណ៦៧នាក់ ដោយបានការចូលរួមពីលោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត ទទួលបន្ទុកការងារសុរិយោដី។

​ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា ការចុះជួបសំណេះសំណាលជាមួយមន្ត្រីរបស់យើងនាពេលនេះ គឺដោយប្រើប្រាស់តួនាទី២ ជាថ្នាក់ដឹកនាំខេត្ត និងជាមេគ្រួសារប្អូនប្រជាពលរដ្ឋទូទាំងខេត្ត។ យើងដឹងហើយថា កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងមកនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចុះចំណាត់ការមកលើប្រធានមន្ទីរមួយនេះ ក្រោយមកថ្នាក់ដឹកនាំក្រសួង បានប្រគល់តួនាទីជាបណ្តោះអាសន្ន ជូនលោក ឱន សុទ្ធា ជាប្រធានស្តីទី នៃមន្ទីរ ដ.ន.ស.ស ខេត្តយើង។ យ៉ាងណាមិញ ឯកឧត្តមបានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បំពេញតម្រូវការ និងសេវាផ្សេងៗជូនប្រជាពលរដ្ឋ ហើយការអនុវត្តច្បាប់ក៏មានលក្ខណៈល្អប្រសើរដែរ ប៉ុន្តែអ្វីដែលពាក់ព័ន្ធទៅនឹងកំហុសឆ្គង និងការប្រព្រឹត្តជាក់ស្តែងនោះ គឺជាលក្ខណៈបុគ្គល។ ឯកឧត្តមបានបន្ថែមថា ប្រទសជាតិមានច្បាប់ ដូច្នេះយើងត្រូវចូលរួមគោរព និងអនុវត្តន៍ច្បាប់ទាំងអស់គ្នា ដោយប្រើប្រាស់ឆន្ទះ មនសិក្កាទៅលើផ្លូវច្បាប់ ប្រើប្រាស់តួនាទី ពេលវេលាផ្សារភ្ជាប់ទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនអាចយកតួនាទីដែលរដ្ឋផ្តល់ឲ្យ ទៅប្រើប្រាស់លក្ខណៈឯកជន ប្រើប្រាស់ជាផលប្រយោជន៍ឯកជន ប្រើប្រាស់ជាផលប្រយោជន៍នៃគំនិតសួនតួ ដែលផ្ទុយនឹងច្បាប់កំណត់នោះបានឡើយ។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើរដល់គ្រប់មន្ត្រី នៃមន្ទីរ ដ.ន.ស.ស ខេត្តទាំងអស់ ត្រូវបន្តខិតខំធ្វើការងារ ដោយបង្កើនចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រើប្រាស់មន្ត្រីឲ្យត្រូវជំនាញ និងត្រូវគោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅគ្រប់ការិយាល័យភូមិបាលស្រុកទាំងអស់ ត្រូវខិតខំរួមគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យមានតម្លាភាព ប្រសិទ្ធភាព និងមានភាពជឿជាក់។ ជាមួយគ្នានោះ ឯកឧត្តមចង់ឃើញនូវស្នាមញញឹមនៃការដឹកនាំ ការចេះដឹង ក្រមសីលធម៌ខ្ពស់ ពោរពេញទៅដោយបទពិសោធន៍ ជាពិសេសត្រូវបន្តពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យសាកសមជាអ្នកបន្តវេនដ៏ល្អ និងឲ្យសមស្របទៅនឹងសម្ភារៈបច្ចេកទេស ដែលមានការអភិវឌ្ឍន៍រីកចម្រើន ក្នុងយុគ្គសម័យបច្ចុប្បន្ន។ 

ឯកឧត្តមបានស្នើដល់លោកប្រធានមន្ទីរស្តីទីថ្មី «ត្រូវយកចិត្តទុកដាក់ទប់ស្កាត់នូវរាល់សំណង់ដែលគ្មានលិខិតអនុញ្ញាត និងសំណង់ធ្វើឡើងខុសលិខិតអនុញ្ញាត ក្នុង​ន័យ​រឹត​បន្តឹង​ ការ​គោរ​ពលិ​ខិត​បទ​ដ្ឋាន​គតិយុត្ត ក៏ដូច​ធានា​​ឲ្យ​បាន​នូវសុខ​សុវត្ថិភាព និង​គុណភាព​ជូន​ប្រជាពលរដ្ឋ ​ស្របទៅតាម​គោល​បំណ​​ង​ និង​ការ​ដឹក​នាំ​របស់​សម្ដេច​​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា»

Ti Amo (ពស)

អត្ថបទទាក់ទង