រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្រសួងវប្បធម៌ សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំព្រឹត្តិការណ៍វប្បធម៌តាមតំបន់ លើកទី១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «មរតកយើង» នៅបរិវេណសួន១៤មករា

  • 193
  • ដោយ Admin

(ពោធិ៍សាត់)៖ ក្រសួង និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្ត សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងរដ្ឋបាលខេខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បានរៀបចំព្រឹត្តិការណ៍វប្បធម៌តាមតំបន់ លើកទី១ ក្រោមប្រធានបទ « មរតកយើង» នៅបរិវេណសួន១៤មករា និងនៅសារៈមន្ទីរ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រយៈពេល២ថ្ងៃ គឺថ្ងៃទី០៨-០៩ ខែមេសា។

ពិធីបើកព្រឹត្តិការណ៍ខាងលើ ស្ថិតក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ស៊ីយ៉ុង សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសមាជិក សមាជិកាចូលរួមជិត៥០០នាក់។

បន្ទាប់ពីលោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានជម្រាប់ជូនរបាយការណ៍សកម្មភាពនោះរួចមកលោក ស៊ីយ៉ុង សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានថ្លែងថានេះគឺជាលើកទី១ ដែលខេត្តពោធិ៍សាត់ បានរៀបចំព្រឹត្តិការណ៍វប្បធម៌តាមតំបន់ ក្រោមប្រធានបទ «មរតកយើង» ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណងបំផុសស្មារតី ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សិល្បករ សិល្បការិនី និងម្ចាស់សិប្បកម្ម ត្រូវចេះលើកស្ទួយ និងស្រឡាញ់វប្បធម៌ជាតិ ចេះថែរក្សាការពារឲ្យស្ថិតស្ថេរ គង់វង្សនូវសម្បត្តិវប្បធម៌ជាតិ។ នៅក្នុងព្រឹត្តិការណ៍នេះ បានដាក់តាំងបង្ហាញអំពីសិប្បកម្ម វត្ថុសិល្បៈខ្មែរ ឧបករណ៍ចម្លាក់ សំលៀក បំពាក់ និងមានបទបង្ហាញផ្សេងៗជាច្រើនទៀត។

មានប្រសាសន៍បើកព្រឹត្តិការណ៍ លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍វប្បធម៌នាពេលនេះ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ បន្តជម្រុញផ្សព្វផ្សាយសិល្បៈ វប្បធម៌កម្ពុជា និងនៅលើមាគ៌ាអភិវឌ្ឍន៍ ដ៏ជាក់លាក់ក្រោមដំបូលសុខសន្តិភាព។ ការជ្រើសរើសយកខេត្តពោធិ៍សាត់ ជាខេត្តដំបូងក្នុងការរៀបចំព្រឹត្តិការណ៍ ដោយសារជាខេត្តមានសក្តានុពលសេដ្ឋកិច្ច សម្បូរទៅដោយធនធានធម្មជាតិ និងវប្បធម៌ ដែលជាគោលដៅទេសចរណ៍វប្បធម៌​ដ៏សំខាន់មួយនៅក្នុងកម្ពុជាយើង។ ការបើកទំព័រថ្មី នៃព្រឹត្តិការណ៍វប្បធម៌ គឺជាការផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៌ខ្មែរ ដល់សាធារណជនគ្រប់ស្រទាប់ ជាពិសេសយុវជន ដែលជាទំពាំងស្នងឬស្សី ឆ្លើយតបទៅនឹងគោលនយោបាយវប្បធម៌ ដើម្បីអប់រំ អប់រំដើម្បីវប្បធម៌។ 

ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ លោកបានចាត់ទុកជាព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងគាំទ្រឲ្យបន្តរៀបចំមហោស្រប តាមការប្រកួតប្រជែង​ ការ​បង្ហាញស្នាដៃសិល្បៈវប្បធម៌ គ្រប់រូបភាពឲ្យកាន់តែផុលផុស និងទូលំទូលាយ ​ដើម្បីប្រើសក្តានុពលវប្បធម៌ ជាកម្លាំងលើកទឹកចិត្តកូនខ្មែរ ឲ្យចេះប្រើប្រាស់គំនិត ច្នៃប្រឌិតផលិតផល ប្រែក្លាយកម្ពុជា ឲ្យទៅជាមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ។ ឆ្លើយតបទៅនឹងគោលនយោបាយនេះ សូមឲ្យសាធារណជន សិស្ស និស្សិត សិល្បករ សិល្បការនី សិប្បករ និងសហគមន៍ ដែលជាធនធានមនុស្សយ៉ាងសំខាន់ គប្បីចូលរួមគ្រប់សកម្មភាព ក្នុងការអភិរក្ស លើកស្ទួយវប្បធម៌ជាតិ និងបានអញ្ជើញទស្សនាស្តង់ពិព័រណ៍នាពេលនោះផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង