រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍មហាសង្ក្រាន្ត នៅលើបូរីវប្បធម៌កោះសំពៅមាស នាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (Photos inside)

  • 196
  • ដោយ Admin

(ពោធិ៍សាត់)៖ ស្របពេលដែលពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតកៀកចូលមកដល់ តាមបណ្ដារាជធានីខេត្តទូទាំងប្រទេស បាននឹងកំពុង ញ៉ាប់ដៃញ៉ាប់ជើង រៀបចំតុបតែងលម្អ នៅតាមដងវិថីបំពាក់ភ្លើងព័ណ ផ្កាភ្ញីយ៉ាងស្រស់ត្រកាល ដើម្បីអបអរពិធីដ៏សំខាន់មួយនេះ និងដើម្បីស្រូបទាញទេសចរ ឱ្យមកលេងកម្សាន្តនៅតាមកន្លែងរៀងៗខ្លួន។

ទន្ទឹមនឹងនេះ បើយើងគ្រលេកទៅមើលខេត្តពោធិ៍សាត់ ឯណោះវិញ ឃើញថាមានការតុបតែងភ្លើងព័ណ៌ល្អឆើត នៅតាមដងដងផ្លូវលេខ១០១ ផ្លូវជាតិលេខ៥ និងផ្លូវសំខាន់ៗមួយចំនួនទៀត ពិសេសបូរីវប្បធម៌កោះសំពៅមាស ដែលចាំងឆ្លុះផ្ទៃទឹកស្ទឹងពោធិ៍សាត់ បញ្ចេញព័ណ៌ចម្រុះស្រស់ស្អាតបំផុតក្នុងរាត្រីកាល លាយឡំជំនោរខ្យល់បោកបក់ត្រជាក់តិចៗ ហាក់កំពុងរំលាយកង្វល់ទេសចរ ឱ្យរសាយបន្តិចម្ដងៗ កាលបើបានដល់ទីឋាន ដ៏ត្រកាលមួយនេះ។

តាមការឱ្យដឹងពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បាននឹងកំពុងរៀបចំសោភណ្ឌភាព និងតុបតែងភ្លើងលម្អចម្រុះព័ណ៌ សម្រាប់ទីតាំងសំខាន់ៗក្នុងក្រុងពោធិ៍សាត់ ដើម្បីអបអរសារទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ និងដើម្បីធ្វើយ៉ាងណា ស្រូបទាញទេសចរ ឱ្យមកកម្សាន្តក្នុងខេត្តឱ្យបានកាន់តែច្រើនឡើងៗ។

គួរជម្រាបជូនថា ក្នុងមុខតំណែង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានរយៈពេលជិត៤ខែមកនេះ ឯកឧត្តម ខូយ រីដា បានបន្តកែប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យភ្លឺចិញ្ចែងចិញ្ចាច និងមានលក្ខណៈស្រស់ត្រកាល ជាងមុនជាលំដាប់ តាមរយៈការជម្រុញកំណើនសេដ្ឋកិច្ច វិស័យទេសចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូចជា៖ ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ, ការបំពាក់ភ្លើងចម្រុះព័ណ៌តាមដងផ្លូវសំខាន់ៗ, ការគូសគំនូសចរាចរណ៍ផ្លូវក្នុងក្រុង និងការចាត់ចែងរៀបចំទីសាធារណៈ ឱ្យមានរបៀបរៀបរយល្អត្រឹមត្រូវ, ការសម្អាតបរិស្ថាន, ការតម្លើងបង្គោលទង់ជាតិ…។ល។

ចំពោះហេដ្ឋារចនាសម្ព័ន្ធខាងលើនេះដែរ គឺជាការរំលេចនូវសោភ័ណភាពបៃតង នៅតាមដងស្ទឹង និងតាមដងផ្លូវសំខាន់ៗក្នុងក្រុងពោធិ៍សាត់ ពិសេសបូរីវប្បធម៌កោះសំពៅមាសនាពេលខាងមុខ នឹងត្រូវរៀបចំព្រឹត្តិការណ៍មហាសង្ក្រាន្តដ៏ធំ ដោយមានការប្រគុំតន្ត្រីខ្នាតយក្ស និងមានបង្ហោះគោម បាញ់កាំជ្រួច ដើម្បីទទួលអំណរសាទរទេវតាឆ្នាំថ្មីផងដែរ។

ទាំងនេះគឺកើតមានឡើង ក្រោមម្លប់នៃសុខសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលះបង់អាយុជីវិត រំដោះប្រទេសជាតិពីភ្នក់ភ្លើងសង្គ្រាម រហូតទទួលបានសន្តិភាព និងមានការអភិវឌ្ឍជាហូរហែរហូតមកដល់សព្វថ្ងៃនេះ៕

Ti Amo (ពស)

អត្ថបទទាក់ទង