រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋមន្ត្រី ស៊ុយ សែម អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តពោធិ៍សាត់

  • 188
  • ដោយ Admin

(ពោធិ៍សាត់)៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដំណើរការរយៈពេលពីរថ្ងៃកន្លងមកនេះ បានប្រារព្ធពិធីបិទ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

បន្ទាប់ពីគណៈអធិបតីទស្សនាការតាំងពិពណ៌ សកម្មភាពការងាររបស់ថ្នាក់ដឹកនាំខេត្ត និងបណ្ដាស្ថាប័ន មន្ទីរ អង្គភាពនានារួចមក ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានធ្វើសេចក្ដីរាយការណ៍ អំពី​លទ្ធផល​នៃ​ការគ្រប់គ្រង ដឹកនាំកិច្ចការរដ្ឋបាល ការអភិវឌ្ឍលើគ្រប់វិស័យ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ​ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្ត​ខេត្តពោធិ៍សាត់ នាឆ្នាំ២០២២កន្លងមក ។

ឯកឧត្តម ស៊ុយ សែម បានសម្តែង​នូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ​ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ប្រកប​ដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឱ្យកត់សម្គាល់។ការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មទាំងនេះ បានរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ និងខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែរឹងមាំប្រកប​ដោយ​ចីរភាព និងបរិយាប័ន្ន។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសយើងបានដាក់ចេញនូវវិធានការ​គ្រប់គ្រងឆ្លើយតបនឹងវិបត្តិ ក៏ដូចបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីស្តារផលប៉ះពាល់នានា មកលើសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បណ្តាលមកពីការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ការប្រែប្រួល​អាកាសធាតុ ដែលបង្កឱ្យមានគ្រោះទឹកជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឱ្យសេដ្ឋកិច្ចជាតិយើងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម ស៊ុយ សែម បានណែនាំដល់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវខិតខំពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ការពារឱ្យបានបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ព្រះមហាក្សត្រ​ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត បន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ នៃកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន​លើគ្រប់វិស័យ។ បន្តខិតខំពង្រឹង​កម្លាំងប្រជាការពារឱ្យមានចំនួន​សមស្រប​តាមភូមិសាស្ត្រ ទប់ស្កាត់ការជួញដូរ ប្រើប្រាស់ និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ យុវជន ដើម្បីទាំងអស់គ្នាជៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ចំពោះគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមដ៏ចម្បងក្នុងសង្គម  ដូច្នេះសមត្ថកិច្ចត្រូវបន្តអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវរៀបចំសណ្តាប់ឆ្នាប់តាមដង​ផ្លូវសាធារណៈ ទីប្រជុំជន ជាពិសេសតាមតំបន់រោងចក្រ សហគ្រាសនានា  ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍។​ បង្កើនការប្រុងប្រយ័ត្នអគ្គិភ័យឆេះផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្ម ផលិតកម្មនានា។ យកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងហត្ថពលករបរទេសក្នុងដែលសមត្ថកិច្ចរបស់ខ្លួន។ យកចិត្តទុកដាក់លើការកសាងសមត្ថភាព និងការផ្តល់ការគាំទ្រដល់មន្រ្តីបង្គោលសំខាន់ៗនៅថ្នាក់មូលដ្ឋាន រួមមាន មេឃុំ ចៅសង្កាត់ ស្មៀន ប្រធានភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល មន្រ្តីសុខាភិបាលបម្រើការងារតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករដ្ឋ សាលារដ្ឋគ្រប់កម្រិតនៅតាមមូលដ្ឋានឱ្យគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងខិតខំបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព មិនមានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ។

ក្នុងឱកាសនោះក៏មានបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្ត ស្រុក ក្រុងផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង