រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចុះពិនិត្យម្រោងពង្រីកសមត្ថភាពប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ ខណៈបច្ចុប្បន្នសម្រេចបាន៦៤.៦%ហើយ

  • 180
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អមដំណើរដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងពង្រីកសមត្ថភាពប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានឥតសំណង ប្រមាណជិត២២លានដុល្លារ របស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ជប៉ុន។

គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងគ្រោងបញ្ចប់ការសាងសង់ត្រឹមខែសីហា ឆ្នាំ២០២៣ខាងមុខ។

គម្រោងនេះដែររួមមាន៖ ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមទឹកបាន ៧.២៦០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ (សម្រេចបាន៨៨%) និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ (សម្រេចបាន ៤៧.៨%) សាងសង់អគាររដ្ឋបាល តំឡើងបំពង់បូមទឹកឆៅដែលមានប្រវែង ៨.៣គីឡូម៉ែត្រ និងបំពង់ចែកចាយទឹកស្អាតដែលមានប្រវែង៧៥.៤គីឡូម៉ែត្រ (សម្រេចបាន៧៨.២%)។ សរុបរួមការសាងសង់គម្រោងទាំងមូលសម្រេចបាន៦៤.៦%ហើយ។

ក្រោយបញ្ចប់ការសាងសង់ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកខេត្តពោធិ៍សាត់នឹងកើនដល់ចំនួន ១៣.៨៦០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ ជាមួយនឹងសមត្ថភាពនេះ គេរំពឹងថានៅឆ្នាំ២០២៥ ប្រជាជននៅទីប្រជុំជនចំនួន ៨៦.១% (១១០.៥៣១នាក់) និងប្រជាជនក្នុងតំបន់សេវាទឹកស្អាតរដ្ឋាករទឹកខេត្តពោធិ៍សាត់ចំនួន៦៧.៩% នៃចំនួនប្រជាជនសរុប (១១០.៥៣១ នាក់) នឹងទទួលបានទឹកស្អាត ធ្វើឱ្យសេវាផ្គត់ផ្គង់ទឹកប្រកបដោយស្ថេរភាព និងលើកកម្ពស់គុណភាពជីវិត របស់ប្រជាពលរដ្ឋ៕

Ti Amo (ពស)

អត្ថបទទាក់ទង