រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសឱ្យចូលកាន់មុខតំណែង អភិបាលរងស្រុកតាលោសែនជ័យ ចំនួន០២រូប ដើម្បីសម្រួលដល់ការផ្ដល់សេវានៅមូល​ដ្ឋាន ឱ្យ​កាន់​តែ​លឿនមានភាពជឿជាក់ និងមានតម្លាភាព

  • 248
  • ដោយ Admin

(ពោធិ៍សាត់) ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសឱ្យចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលស្រុកតាលោសែនជ័យ ចំនួន០២រូប ដើម្បីសម្រួលដល់ការផ្ដល់សេវានៅមូល​ដ្ឋាន ឱ្យ​កាន់​តែ​លឿនមានភាពជឿជាក់ និងមានតម្លាភាព។ ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកតាលោសែនជ័យ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។

យោងប្រកាសលេខ ៧៣៩៤ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចតែងតាំង៖ ទី១-លោក ឆេង ហ៊ុល ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងនៃគណៈអភិបាលស្រុកតាលោសែនជ័យ និងទី២-លោក យ៉ាន់ យូ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរងនៃគណៈអភិបាលស្រុកតាលោសែនជ័យ។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាសតែងមន្ត្រីរាជការនោះរួចមក លោក ឆេង ហ៊ុល ដែលទើបទទួលបានមុខតំណែងថ្មី បានប្តេជ្ញាចិត្តដូចតទៅ៖ «ទី១-ប្តេជ្ញា!គោរពអនុវត្តឱ្យបានល្អ នូវកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទី២-គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា របស់រាជរដ្ឋាភិបាល ព្រមទាំងឋានានុក្រម ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានដាក់ចុះនូវបទបញ្ជាទាំងឡាយ ឱ្យកាន់តែមានប្រសិទ្ធភាព និងខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍន៍ឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត ព្រមទាំងចូលរួមដោះស្រាយបញ្ហាផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដ និងជាក់ស្តែងរបស់អង្គភាព និងប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អ និងសមស្រប។ ទី៣-យកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធិភាព ដើម្បីជាសេនាធិកាដ៏រឹងមាំ ឱ្យរដ្ឋបាលឯកភាពស្រុក និងដើម្បីសេចក្តីសុខជូនប្រជាពលរដ្ឋ។ ទី៤-រឹតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងមិនបង្ករភាពអសកម្មផ្សេងៗ។ ទី៥-បង្កើនការរៀនសូត្រស្រាវជ្រាវរាល់គន្លឹះ អំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃរបស់ខ្លួន។ ទី៦-ខិតខំថែរក្សាការពារសន្តិភាព ពង្រឹងពង្រីកស្មារតី សាមគ្គីភាព ទំនាក់ទំនង និងសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធជាមួយអស់លោក លោកស្រី មន្ត្រីរាជការនៅគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធ ដើម្បីផ្សារភ្ជាប់ កិច្ចការរដ្ឋបាលឯកភាព និងការអភិវឌ្ឍមូលដ្ឋាន តាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា»។

ឯកឧត្តម ខូយ រីដា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជុំវិញការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ។ បានថ្លែងថា អភិបាលរងនៃគណៈអភិបាលស្រុកតាលោសែនជ័យ ដែលបានប្រកាសចូលកាន់មុខតំណែងនាពេលនេះ ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ ការងារទើប ក្រសួងមហាផ្ទៃបានសម្រេចប្រកាសតែងតាំង ដើម្បីសម្រួលដល់ការផ្ដល់សេវានៅមូល​ដ្ឋាន ឱ្យ​កាន់​តែ​លឿនមានភាពជឿជាក់ និងមានតម្លាភាព។ ក្រោយពីទទួលបានតួនាទីភារកិច្ចនេះ គប្បីត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល និងត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ព្រមទាំងបានស្នើឱ្យលោកទាំងអស់ ខិតខំធ្វើការងារ ដោយសហការ និងពង្រឹង​សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី​។

ឯកឧត្តមក៏បានដាក់ចេញនូវផែនការសកម្មភាពមួយចំនួន សម្រាប់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជម្រុញ និងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ មានកិច្ចសហការល្អជាមួយវិស័យឯកជន សប្បុរសជន អង្គការជាតិ អន្តរជាតិ ក្នុងការគៀងគររកមូលនិធីកសាងមូលដ្ឋាន​។ រាល់ការតែងតាំងមន្ត្រីណាម្នាក់ ត្រូវត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ កុំឱ្យមន្ត្រីក្រោមឱវាទ មានការថ្នាំងថ្នាក់ ដល់ថ្នាក់ដឹកនាំ ជាពិសេសប្រមុខនៃរាជរដ្ឋាភិបាល និងត្រូវខិតខំសម្របសម្រួលដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយផ្នែកលើគោលការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។

ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួម និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចូលរួមសម្អាតបរិស្ថាន និងតុបតែងលម្អភ្លើងព័ណ៌ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ ហើយដែលរដ្ឋបាលខេត្តប្តេជ្ញារៀបចំ ឱ្យមានភាពអធិកអធម សម្រាប់ប្រជាពលរដ្ឋសប្បាយរីករាយផងដែរ៕ 

Ti Amo (ពស)

អត្ថបទទាក់ទង