រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលរងស្រុកបាកាន នៃខេត្តពោធិ៍សាត់ ចំនួន០៤រូប និងនាយករដ្ឋបាលសាលាស្រុក ០១រូប ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាផ្លូវការ នាព្រឹកនេះ!

  • 185
  • ដោយ Admin

(ពោធិ៍សាត់)៖ អភិបាលរងនៃគណៈអភិបាលស្រុកបាកាន នៃខេត្តពោធិ៍សាត់ ចំនួន០៤រូប និងនាយករដ្ឋបាលសាលាស្រុក ចំនួន០១រូបទៀត ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាផ្លូវការ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីសម្រួលដល់ការផ្ដល់សេវានៅមូល​ដ្ឋាន ឱ្យ​កាន់​តែ​លឿនមានភាពជឿជាក់ និងមានតម្លាភាព។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកបាកាន ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។

យោងតាមប្រកាសលេខ ៥៩៥៦ប្រក, ៥៩៥៧ប្រក និង៧៣៩៤ប្រក របស់ក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូន៖ ទី១-លោក អ៊ុំ សុខណា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងនៃគណៈអភិបាលស្រុក, ទី២-លោក ជា ហេងឡុង ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងនៃគណៈអភិបាលស្រុក, ទី៣-លោក ឌឹម ទូច ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលាស្រុក, ទី៤-លោក គង់ កំសត់ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ១ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរងនៃគណៈអភិបាលស្រុក និងទី៥-លោក សារី មូស្លីម ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ជាអភិបាលរងនៃគណៈអភិបាលស្រុកបាកាន។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាសតែងមន្ត្រីរាជការនោះរួចមក លោក អ៊ុំ សុខណា ដែលទើបតែងតាំងជាអភិបាលរងនៃគណៈអភិបាលស្រុកបាកាន បានប្តេជ្ញាចិត្តដូចតទៅ៖ ទី១-ប្តេជ្ញាអនុវត្តឱ្យបានល្អប្រសើរ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទី២-ប្តេជ្ញាអនុវត្តឱ្យបាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានអភិបាលកិច្ចល្អជាស្នូល។ ទី៣-គោរពយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា របស់រាជរដ្ឋាភិបាល។ ទី៤-រឹតចំណងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អ មិនបង្ករភាពអសកម្មផ្សេងៗ។ ទី៥-បង្កើនការរៀនសូត្រស្រាវជ្រាវ រាល់គន្លឹះអំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃរបស់ខ្លួន។ និងទី៦-ខិតខំថែរក្សា ការពារ និងពង្រឹងពង្រីកស្មារតី សាមគ្គីភាព ទំនាក់ទំនង សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយលោក លោកស្រី អភិបាល នៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការនៅគ្រប់អង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ និងបណ្ដាអាជ្ញាធរឃុំទាំងអស់ ទូទាំងស្រុក ដើម្បីផ្សារភ្ជាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋាន តាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ខូយ រីដា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជុំវិញការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមបានណែនាំដល់អភិបាលរងស្រុកថ្មីទាំង0៤រូប និងនាយករដ្ឋបាលសាលាស្រុកថ្មី០១រូប ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល និងត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ព្រមទាំងបានស្នើឱ្យលោកទាំងអស់ ខិតខំធ្វើការងារ ដោយសហការ និងពង្រឹង​សាមគ្គីភាពផ្ទៃក្នុងឱ្យ​បានល្អជាមួយនឹងសហការី អង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី​។

ឯកឧត្តម​សូមលើកទឹកចិត្ត ដល់​លោកអភិបាលរងស្រុកថ្មី​ និងលោកនាយករដ្ឋបាលសាលាស្រុកថ្មី ត្រូវខិតខំប្រឹងប្រែងលះបង់ពេលវេលា​ កម្លាំងកាយចិត្ត​ និងស្មារតី​ ដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង​ ​ជាពិសេសធ្វើយ៉ាងណាឱ្យការងាររដ្ឋបាលទូទៅ​ ការងារផ្ដល់សេវាសាធារណៈ​ ការដឹកនាំគ្រប់គ្រងការអនុវត្តគោលនយោបាយ ភូមិ​ ឃុំ សង្កាត់ មានសុវត្ថិភាព ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យដំណើរការបានយ៉ាងល្អប្រសើរ​ ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ​ប្រកបដោយគុណភាព​ និងប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យស្រុកបាកាន មានការរីកចម្រើនលូតលាស់ បានយ៉ាងល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវចូលរួម និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមសម្អាតបរិស្ថាន និងតុបតែងលម្អភ្លើងព័ណ៌ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ៕

Ti Amo (ពស)

អត្ថបទទាក់ទង