រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ រៀបចំពិធីពិសាបាយសាមគ្គី ក្រោមដំបូលសន្តិភាព ដើម្បីអបអរសាទរ ខួបលើកទី៤៤ ទិវាជ័យជម្នះ ៧ មករា

  • 177
  • ដោយ Admin

(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ នៅក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ មានរៀបចំពិធីទទួលទានអាហារសាមគ្គី ដើម្បីអបអរសាទរ ខួបលើកទី៤៤ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣) ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាជីវករ សិប្បករ ពាណិជ្ជករ និងយុវជន ប្រមាណ២,៦០០នាក់ ក្រោមគំនិចផ្តួចផ្តើមរបស់ ឯកឧត្តម ខូយ​ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ​ រីដា​ បានថ្លែងថា ថ្ងៃនេះជាថ្ងៃកំណើតទី២ គម្រប់ខួប៤៤ឆ្នាំ នៃមហាជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់រានឡើងវិញបានទាន់ពេលវេលា។ ផ្អែកលើមូលដ្ឋានមហាជ័យជម្នះនេះហើយ ទើបប្រជាជនកម្ពុជាទូទាំងប្រទេស មានអ្វីៗនៅថ្ងៃនេះ និងមានអនាគតប្រកបដោយក្តីសង្ឃឹម ដូច្នេះបងប្អូនជនរួមជាតិ ត្រូវអរគុណសន្តិភាព ចូលរួមថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិទាំងអស់គ្នា។

ឯកឧត្តម បានបន្ថែមថា «ក្នុងឱកាសដ៏មហានក្ខត្តប្ញក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះវីរៈភាព សម្តេចធម្មពោធិសាល ជា ស៊ីម, សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាញាណ និងលះបង់ អាយុជីវិត ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល ពីរណ្តៅមរណៈក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងអភិវឌ្ឍន៍ ប្រទេសឱ្យមានការរីកចម្រើន ដូចសព្វថ្ងៃនេះ»។

ការជួបជុំគ្នានៅល្ងាចនេះ ក្នុងស្មារតីចងចាំជានិច្ច នូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់បុព្វបុរស វីរយុទ្ធជន យុទ្ធនារី ស្នេហាជាតិនៅគ្រប់ជំនាន់ ដែលបានពុះពារប្រយុទ្ធ ហ៊ានធ្វើពលិកម្មយ៉ាងក្លាហានអង់អាចបំផុត ដើម្បីការពារជាតិ មាតុភូមិ និងប្រជាជនឲ្យស្ថិតស្ថេរ គង់វង្សជារៀងរហូតមក ជាពិសេសក្នុងឱកាសដែលឯកឧត្តម ទើបនឹងចូលកាន់មុខតំណែង ជាអភិបាលគ្រប់គ្រង និងដឹកនាំខេត្តពោធិ៍សាត់ បានប្រមាណជិត២ខែមកនេះ៕

Ti Amo (ពស)

អត្ថបទទាក់ទង