រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សម្តេចព្រះកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស យាងប្រទានព្រះសុគន្ធវារីចម្រើនអាយុវឌ្ឍនមង្គល ព្រះពោធិវង្សាវិមល កែវ កន ព្រះមេគណខេត្តពោធិ៍សាត់

  • 160
  • ដោយ Admin

(ពោធិ៍សាត់)៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព ​វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានយាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រទានព្រះសុគន្ធវារីចម្រើនអាយុវឌ្ឍនមង្គល ប្រគេនព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិ៍វង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់ និងប្រគេនចង្ហាន់ព្រះសង្ឃ៥០០អង្គ នៅវត្តកែវវិជ័យ ក្នុងភូមិកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះមេគណខេត្តបាត់ដំបង ព្រះមន្ត្រីសង្ឃខេត្ត ព្រះអនុគណស្រុក ក្រុងទាំង៧ ចៅអធិការវត្ត និងពុទ្ធបរិស័ទក្នុង និងក្រៅខេត្តយ៉ាងច្រើនកុះករ។

ពិធីបុណ្យនេះត្រូវបានធ្វើឡើងតាមប្រពៃណីទំនៀមទំលាប់ខ្មែរ តាមបែបព្រះពុទ្ធសាសនា ដើម្បីបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិ ដែលថែរក្សាទឹកដីខេត្តពោធិ៍សាត់ គុណបុណ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពិសេសបារមី លោកតា ឃ្លាំង មឿន និងលោកជំទាវ​ ខាន់ ខៀវ ដើម្បីសុំសេចក្តីសុខសប្បាយ អាយុយឺនយូរប្រគេនដល់ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់ ព្រះនាយកពុទ្ធិកវិទ្យាល័យពោធិ៍សាត់ និងជាព្រះចៅអធិការវត្តកែវវិជ័យ គម្រប់៤៣ព្រះវស្សា និងឈានចូល៤៤ព្រះវស្សា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងខេត្ត ឱ្យបានរួចផុតពីជំងឺ និងនាំមកនូវសុខភាពល្អ។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា តាំងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ និងប្រជាជនទូទាំងខេត្ត សូមប្រសិទ្ធិពរប្រគេនសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត ក្នុងឱកាសបុណ្យចម្រើនអាយុវឌ្ឍនមង្គល គម្រប់៤៣ព្រះវស្សា និងឈានចូល៤៤វស្សា។ ព្រះពោធិវង្សា ព្រះមេគណខេត្តពោធិ៍សាត់ បានដឹកនាំព្រះមន្ត្រីសង្ឃ ព្រះសង្ឃ សីលវន្ត សីវតី ប្រជាពុទ្ធបរិស័ទក្នុងខេត្តបានយ៉ាងល្អ ទាំងការធ្វើបុណ្យទាន និងបានធ្វើការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌តាម បែបព្រះពុទ្ធសាសនា នាំមកនូវសេចក្តីសុខ​ទាំងផ្លូវចិត្ត ផ្លូវកាយប្រកបដោយសន្តិភាព និងការអភិវឌ្ឍន៍។ 

ឯកឧត្តមបានលើកឡើងថា ក្រោមការដឹកនាំរបស់ព្រះមេគណខេត្តនាពេលកន្លងមកនេះ ឃើញថាវត្តកែវវិជ័យក៏ដូចបណ្តាទីវត្តអារាមក្នុងខេត្ត មានការអភិវឌ្ឍន៍ ​ហើយសមិទ្ធិផលទាំងអស់នេះ បានធ្វើឱ្យខេត្តពោធិ៍សាត់មានមុខមាត់ស្រស់បំព្រង និងជាម្លប់ដ៏ត្រជាក់ពីសំណាក់ព្រះសង្ឃគ្រប់ និងពុទ្ធបរិស័ទ្ធ។

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដិកាសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ប្រគេនព្រះព្រហ្មាភិរ័ត កែវ កន ដែលព្រះអង្គតែងតែខិតខំអស់កម្លាំងព្រះកាយពល និងព្រះបញ្ញាណចូលរួមចំណែក ក្នុងការបម្រើដោយស្មោះស្ម័គ្រ ក្នុងបុព្វហេតុថែរក្សាព្រះពុទ្ធសាសនា និងសង្គមជាតិ ជាពិសេសលើកកម្ពស់តួនាទី វិស័យពុទ្ធចក្រកាន់តែសកម្ម។ ការសាបព្រោះពុទ្ធឱវាទ ដើម្បីបណ្តុះពុទ្ធិ បម្រើជាឧត្តមប្រយោជន៍ ក្នុងជីវភាពរស់នៅទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ គឺផ្តើមចេញនូវកម្លាំងមហាសាមគ្គីធម៌ ក្រោមម្លប់សន្តិភាព បើបែកបាក់ការសាមគ្គី គឺនាំមកនូវវិនាសអន្តរាយជាក់ជាមិនខានឡើយ ដូចនេះទាំងពុទ្ធចក្រ និងអាណាចក្រ គឺមាគ៌ាតែមួយ។

បន្ទាប់មកសម្តេច ព្រមទាំងឯកឧត្តម ​លោកជំទាវ ព្រះមន្ត្រីសង្ឃខេត្ត ព្រះអនុគណស្រុក ក្រុងទាំង៧ និងពុទ្ធបរិស័ទ បានយាងនិមន្ត និងអញ្ញើញប្រទានព្រះសុគន្ធវារី ដល់ព្រះព្រហ្មាភិរ័ត កែវ​ កន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត ព្រះនាយកពុទ្ធិកវិទ្យាល័យពោធិ៍សាត់ និងជាព្រះចៅអធិការវត្តកែវវិជ័យ ស្របតាមគន្លងនៃព្រះពុទ្ធសាសនាផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង