រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឃុំចំនួន៣ ក្នុងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ កំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង និងបានបំផ្លិចបំផ្លាញស្រូវប្រាំង ប្រជាកសិករ ប្រមាណជាង១ពាន់ហិកតា

  • 207
  • ដោយ Admin

(ពោធិ៍សាត់)៖ ឃុំចំនួន៣ ក្នុងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ រួមមានឃុំកញ្ជរ ឃុំអន្លង់វិល និងឃុំស្យា បាននឹងកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង និងបានបំផ្លិចបំផ្លាញស្រូវប្រាំង របស់ប្រជាកសិករ ចំនួន១,២៤០ហិកតា ស្នើនឹង៨៨០គ្រួសារ។

ជាក់ស្តែងនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់ និងវាយតម្លៃអំពីស្ថានភាពជំនន់ទឹកភ្លៀងរដូវប្រាំង ដែលកំពុងជន់លិច ដើម្បីធ្វើការស្នើសុំស្បៀងសង្គ្រោះបន្ទាន់ និងស្រូវពូជ ពីថ្នាក់ដឹកនាំ សម្រាប់ស្តារលទ្ធភាពឡើងវិញ។

បើតាមរបាយការណ៍ របស់រដ្ឋបាលស្រុកកណ្តៀង គោរពជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នា បង្កឱ្យមានគ្រោះមហន្តរាយជំនន់ទឹកភ្លៀងតាមដឹងស្ទឹងពោធិ៍សាត់បានកើតឡើង និងបានធ្វើឱ្យឃុំចំនួន០៣ ក្នុងស្រុកកណ្តៀង ក្នុងនោះរួមមានឃុំកញ្ជរ  ឃុំអន្លង់វិល និងឃុំស្យា ទទួលរងនូវផលប៉ះពាល់ដំណាំស្រូវប្រាំង ចំនួន១,២៤០ហិកតា ស្មើនឹង៨៨០គ្រួសារ។ ជាមួយគ្នានោះ ក៏នៅមានដំណាំរួមផ្សំមួយចំនួនតូច ក៏ទទួលរងផលប៉ះពាល់ផងដែរ។ 

ប្រសិនបើប៉ុន្មានថ្ងៃខាងមុខ នៅផ្នែកខាងលើ នៃស្រុកវាលវែង និងស្រុកភ្នំក្រវាញ ភ្លៀងនៅតែបន្តធ្លាក់ នោះដំណាំស្រូវប្រាំងទាំង១,២៤០ហិកតា នឹងទទួលរងនូវផលប៉ះពាល់ខូចខាតទាំងស្រុង។ តែបើក្នុងអំឡុងពេល៣ថ្ងៃក្រោយ គ្មានភ្លៀង ស្ថានភាពទឹកអាចនឹងស្រកចុះ នោះ ផលប៉ះពាល់អាចនឹងធូរស្បើយខ្លះ៕

Ti Amo (ពស)

អត្ថបទទាក់ទង