រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

កាកបាទក្រហមកម្ពុជា សម្រេចតែងតាំង ឯកឧត្តម ខូយ រីដា ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្ដិទី៥

  • 160
  • ដោយ Admin

(ពោធិ៍សាត់)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ខូយ រីដា ជាប្រធានថ្មី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយស គណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា-អនុសាខា មន្ទីរអង្គភាពជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីបច្ចេកទេសពីទីស្នាក់ការកណ្តាល សរុបចំនួន ៩៦នាក់។

នៅក្នុងអាណត្តិទី៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំង ឯកឧត្តម ខូយ រីដា ជាប្រធានគណៈកម្មាធិការសាខា ជំនួស ឯកឧត្តម ជាវ តាយ ដែលត្រូវបានផ្ទេរភារកិច្ចថ្មី និងមានអនុប្រធានអចិន្ត្រៃយ៍ ១រូប, ហេរញ្ញិក ១រូប, លេខាធិការ ១រូប, សមាជិក សមាជិកា ៨រូប និងសមាជិកបម្រុង ២រូបតាមសេចក្តីសម្រេចលេខ ០១ កក្រក.ធធ.ចត ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ភារកិច្ច ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥ នាពេលនេះ ហើយដើម្បីជាសក្ខីភាព ឆ្លើយតបចំពោះទំនុកចិត្ត និងសេចក្តីជឿជាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តម ខូយ រីដា បានធ្វើការប្តេជ្ញាចិត្តថា៖
១៖ ប្រកាន់ខ្ជាប់គោលការណ៍គ្រឹះទាំង ៧ប្រការ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សំដៅបម្រើឧត្តមប្រយោជន៍មនុស្សជាតិ រួមចំណែកឱ្យសម្រេចបានតាមទស្សនវិស័យរបស់ កាកបាទក្រហមកម្ពុជា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។
២៖ យកចិត្តទុកដាក់អនុវត្តនូវគោលការណ៍ លក្ខណៈវិនិច្ឆ័យសាខាដែលមានដំណើរការល្អ ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ។
៣៖ រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់។
៤៖ ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្ត កាកបាទក្រហមកម្ពុជា ២០២១-២០៣០។
៥៖ បង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការមនុស្សធម៌ របស់សាខា និងយកចិត្តទុកដាក់ណែនាំដល់គ្រប់អនុសាខាឱ្យបំពេញភារកិច្ចមនុស្សធម៌ឱ្យបានល្អ ស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្រ្ត ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។
៦៖ យកចិត្តទុកដាក់បន្តការងារពង្រឹង ពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅមូលដ្ឋាន ឱ្យចូលរួមក្នុងសកម្មភាពអប់រំសុខភាពសហគមន៍ ពិសេស ជំងឺកូវីដ-១៩។
៧៖ យកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សានានា ជាគំរូក្នុងការងារមនុស្សធម៌ក្នុងសង្គម។
៨៖ បន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់មន្ទីរស្ថាប័ន អង្គភាព អង្គការជាតិ អន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ប្រមូលកម្លាំងដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ជនងាយរងគ្រោះ។
៩៖ អភិវឌ្ឍធនធានថវិកា ធនធានមនុស្ស ដើម្បីឆ្លើយតបគ្រោះមហន្តរាយ ឱ្យបានទាន់ពេលវេលា និងតាមសំណូមពររបស់ សាខា អនុសាខា និងក្រុមកាកបាទក្រហម គ្រប់មូលដ្ឋាន។
១០៖ អនុវត្តតាមអនុសាសន៍ និងការតម្រង់ទិសរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ឯកឧត្តមបានគូសបញ្ជាក់ថា «ក្នុងឱកាសដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចតែងតែខ្ញុំជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ពិតជាមានកិត្ដិយសបំផុតសម្រាប់ខ្ញុំ ក្នុងកិច្ចការងារបម្រើការងារមនុស្សធម៌ ពិសេសមានឱកាសជួយដោះស្រាយបញ្ហា ឬសម្រាលការលំបាក ខ្វះខាតរបស់ប្រជាពលរដ្ឋគ្រប់រូបភាពទាំងអស់ ទាំងជនពិការភាព ទុរគិតជន ក្មេងកំព្រារ ស្ដ្រីមេម៉ាយគ្មានទីពឹងទាំងអស់ ដែលមានលំបាកក្នុងភូមិសាស្ដ្រាខេត្ដពោធិ៍សាត់យើងនេះ ដើម្បីចូលរួមចំណែកបំបាត់ការឈឺចាប់ ទុក្ខវេទនារបស់ពលរដ្ឋយើង ក្រោមដំបូងនៃសុខសន្ដិភាព ដូចប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល គឺមិនឱ្យបងប្អូនប្រជាពលរដ្ឋយើងណាម្នាក់ដែលខ្វះបាយហូប និងជួបការលំបាកវេទនា ដោយគ្មានការយកចិត្ដទុក្ខដាក់នោះទេ»

ថ្លែងពីលើវេទិកានេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានពាំនាំពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខ រួមជាមួយនឹងប្រសាសន៍ថ្លែងអំណរគុណ និងការកោតសរសើរចំពោះគណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នៅតាមសាខារាជធានី-ខេត្ត ដែលតែងតែសកម្មក្នុងការបំពេញភារកិច្ចមនុស្សធម៌ ជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ បានឆាប់រហ័សទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ស័ក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

លោកជំទាវបានថ្លែងបន្ដថា ថ្វីត្បិតថ្ងៃនេះ អង្គពិធីប្រារព្ធការប្រកាសឯកឧត្តម ខូយ រីដា ថាជាប្រធានថ្មីនៃគណៈកម្មាធិការសាខាអាណត្តិទី៥ ក៏មែនពិត តែតាមការពិតជាក់ស្តែងនៃប្រវត្តិការងាររបស់ ឯកឧត្តមនៅក្នុងសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ មិនមែនជាការងារថ្មីនោះឡើយ។ ឯកឧត្តមធ្លាប់បានសន្និបាតសាខាបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មាធិការសាខាអាណត្តិទី៤ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩។

«ផ្អែកលើប្រវត្តិ និងបទពិសោធន៍ជ្រៅជ្រះក្នុងការងារមនុស្សធម៌របស់ឯកឧត្តម ខូយ រីដា រួមជាមួយការបេ្តជ្ញាចិត្តក្នុងពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ពិតជាមានក្តីសង្ឃឹមយ៉ាងមុតមាំថា បើទោះបីជាត្រូវរែកពុនភារកិច្ចក្នុងនាមជាអភិបាលនៃគណៈអភិបាលខេត្តផង និងជាប្រធានគណៈកម្មាធិការសាខាផង លោក រួមទាំងអនុប្រធានអចិន្ត្រៃយ៍ និងសមាជិក សមាជិកាគណៈកម្មាធិការសាខា ពិតជានឹងរួមកម្លាំងគ្នាទទួលអម្រែកនេះដោយការទទួលខុសត្រូវខ្ពស់ និងធានាឱ្យបានថា សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ពិតជានឹងបន្តអភិវឌ្ឍ និងមានភាពម្ចាស់ការកាន់តែរឹងមាំឡើងជាលំដាប់»។នេះតាមការបញ្ជាក់របស់លោកស្រី។

ជាមួយគ្នានោះដែរ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍នៃការផ្តាំផ្ញើរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ជូនដល់សាខាថា៖

១៖ សូមថ្លែងអំណរគុណ និងកោតសរសើរ សាខា ដែលតែសកម្មដោះស្រាយឆ្លើយតបជួយសម្រាលជីវភាពប្រជាពលរដ្ឋ ទាន់ពេលវេលា មានប្រសិទ្ធភាព នេះបង្ហាញពីភាពម្ចាស់ការខ្ពស់ក្នុងការជួយសម្រាលបន្ទុករបស់ថ្នាក់កណ្តាល។ ហើយបើសាខាមានតម្រូវការឆ្លើយតបលើសពីលទ្ធភាព គឺថ្នាក់កណ្តាលនឹងជួយជានិច្ច។
២៖ សូមបន្តពង្រឹង ពង្រីកសមត្ថភាពបន្ថែមទៀតទាំងថ្នាក់កណ្តាល សាខា អនុសាខា ដើម្បីដឹកនាំអ្នកស្ម័គ្រចិត្ត និងយុវជនឱ្យបំពេញការងារមនុស្សធម៌បានពេញលេញនៅតាមសហគមន៍។
៣៖ សូមយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត ឱ្យចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមនានា។
៤៖ ក្នុងការងារយុវជន សូមយកចិត្តទុកដាក់ដោះស្រាយជីវភាពសិស្ស-និស្សិត ដែលមានជីវភាពខ្វះខាត៕

អត្ថបទទាក់ទង