រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពទឹក និងបើកទ្វាទឹកទំនប់ធារាសាស្ត្រដំណាក់អំពិល ជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលកំពុងជួបបញ្ហា

  • 18
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យស្ថានភាពទឹក និងបើកទ្វាទឹកតាមប្រព័ន្ធមេកានិច្ច នៅទំនប់ធារាសាស្ត្រដំណាក់អំពិល ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករ ក្នុងស្រុកបាកាន ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ ដែលកំពុងជួបបញ្ហាខ្វះខាតទឹក ខណៈដែលពួកគាត់បានអនុវត្តការងារបង្កបង្កើនផលស្រូវ លើសពីផែនការកំណត់។

បើតាម លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅទូទាំងស្រុកបាកាន ផ្ទៃដីអនុវត្តបាន ២៤,១២៦ហិកតា​ នៃផែនការ​ ១០,៨០០ហិកតា, ក្រុងពោធិ៍សាត់ ផ្ទៃដីអនុវត្តបាន ២,១៤១ហិកតា​ នៃផែនការ​ ១,៩០០ហិកតា និងស្រុកកណ្តៀង ផ្ទៃដីអនុវត្តបាន ៦,៤៩៣ហិកតា​ នៃផែនការ​ ៣,៦០០ហិកតា។ លោកប្រធានមន្ទីរបន្តថា ផ្ទៃដីដែលបងប្អូនប្រជាកសិករអនុវត្តបាននោះ គឺសុទ្ធតែលើសពីផែនការកំណត់ ហើយពួកគាត់អាចនឹងជួបបញ្ហាខ្វះទឹក នាពេលខាងមុខផងដែរ។

ជាមួយគ្នានោះ លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ ក៏បានឱ្យដឹងដែរថា បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត បានចុះពិនិត្យដោយផ្ទាល់ ពីបញ្ហាប្រឈមខ្វះខាតទឹក នៅគោលដៅសំខាន់ៗមួយចំនួន ក្នុងស្រុកបាកាននោះរួចមក, ក្នុងនាមមន្ទីរជំនាញ លោកបានប្រើប្រាស់ប្រភពទឹក ពីទំនប់ទី៣ និងទី៥ តាមស្ទឹងពោធិ៍សាត់ ហូរកាត់ប្រឡាយមេដំណាក់អំពិល និងបញ្ជូនចែកចាយ តាមប្រឡាយរង និងប្រឡាយក្អែបជាច្រើន ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ក្នុងស្រុកបាកាន ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ ដែលកំពុងខ្វះខាតទឹកជាចាំបាច់។

លោកប្រធានមន្ទីរបានបន្ថែមថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីខ្សោយទៅមធ្យម បានធ្វើឱ្យតំបន់ទំនាបកណ្តាល និយាយជារួមនឹងនិយាយដោយឡែក នៅខេត្តពោធិ៍សាត់ក៏មានភ្លៀងធ្លាក់ជាប់ៗគ្នា ដែលនេះអាចនិយាយបានថា បញ្ហាកង្វះខាតទឹកធ្វើស្រែប្រាំង អាចនឹងធូរស្បើយបានមួយកម្រិតធំផងដែរ។ តែទោះជានេះក្តី មន្ទីរនៅតែខិតខំឱ្យអស់លទ្ធភាព ក្នុងការបើក និងបញ្ជូនទឹក ទៅគោលដៅដែលប្រឈមខ្លាំង ដើម្បីឱ្យពួកគាត់មានលទ្ធភាពបញ្ចប់កិច្ចការងារបង្កបង្កើនផលស្រូវរដូវប្រាំងបាន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា បើទោះបីប្រជាកសិករអនុវត្តលើសពីផែនការកំណត់ក៏ដោយ ក្នុងនាមជាអ្នកបម្រើរាស្ត្រនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តមមិនអាចនៅស្ងៀម ឬធ្វើប្រងើយកន្តើយបានឡើយ នៅពេលដែលពួកគាត់ជួបបញ្ហាប្រឈមខ្វះខាតទឹកធ្វើស្រែប្រាំង។ ឯកឧត្តមបានបញ្ជាក់ថា កន្លងមកបងប្អូនប្រជាកសិករ បានបូមទឹកចេញពីប្រឡាយស្ទឹងស្រកដល់បាតក្រោម ដើម្បីការពារស្រែស្រូវ ក៏ប៉ុន្តែយើងនៅមានទំនប់ទី៣ និងទី៥ ដែលស្ដុកទឹកបានជាង៥០លានម៉ែតគូប សម្រាប់បើកអន្តរាគមន៍ជួយសង្គ្រោះបានគ្រប់ពេលវេលា។ រយៈពេល៣ថ្ងៃមកនេះ ដោយយើងទទួលបានភ្លៀងធ្លាក់ជាប់ៗគ្នា និងបានបើកទឹកមួយផ្នែកពីទំនប់ទី៣ និងទី៥ ចូលតាមស្ទឹង បឹង បួរ ប្រឡាយមេ ប្រឡាយរង ប្រឡាយក្អែប...។ល។ ប្រជាកសិករអាចនឹងមានសង្ឃឹមច្រើន លែងព្រួយបារម្មណ៍ពីបញ្ហាកង្វះទឹកធ្វើស្រែប្រាំងទៀតហើយ។ នេះគឺជាការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដោយមើលឃើញពីសុខទុក្ខ និងចាត់ទុកប្រយោជន៍រាស្ត្រជាធំ៕

Ti Amo (ពស)

អត្ថបទទាក់ទង