រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ដោះស្រាយបើកទឹក ជូនប្រជាកសិករ ក្នុងឃុំស្វាយដូនកែវ ដែលអាចនឹងប្រឈមបញ្ហាខ្វះខាតទឹកបង្កបង្កើនផល ខណៈដែលពួកគាត់អនុវត្តលើសផែនការកំណត់

  • 172
  • ដោយ Admin

 

(ពោធិ៍សាត់)៖ ក្រោយទទួលបានសំណើជួយអន្តរាគមន៍បន្ទាន់ ទាក់ទងនឹងកង្វះខាតទឹក បន្តបង្កបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាកសិករក្នុងភូមិច្រប់ ឃុំស្វាយដូនកែវ ស្រុកបាកាន, នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ម្សិលមិញ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ដើម្បីរកវិធានការណ៍ជួយអន្តរាគមន៍ ដោះស្រាយបើកទឹកជូនបងប្អូនប្រជាកសិករ ដែលកំពុងជួបបញ្ហា ខណៈដែលពួកគាត់បានអនុវត្តលើសផែនការកំណត់។

បើតាមលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការងារបង្កបង្កើនផល​ស្រូវរដូវប្រាំង ក្នុងឃុំស្វាយដូនកែវ ផ្ទៃដីអនុវត្តបានសរុបចំនួន​២,៥២០ហិកតា ក្នុងនោះផែនការសរុប​១,០៧០ហិកតា។ សម្រាប់ទូទាំងស្រុកបាកាន ផ្ទៃដីអនុវត្តបាន២៤,១២៦ហិកតា​ នៃផែនការ​៧,២០០ហិកតា។ លោកប្រធានមន្ទីរបន្តថា បើតាមតួលេខ និងការពិនិត្យជាក់ស្តែង ផ្ទៃដីដែលបងប្អូនប្រជាកសិករអនុវត្តបាននោះ គឺលើសពីផែនការកំណត់របស់សមត្ថកិច្ចជំនាញ ហើយពួកគាត់អាចនឹងជួបបញ្ហាខ្វះទឹក នាពេលខាងមុខផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានស្នើដល់អាជ្ញាធរឃុំស្រុក ណែនាំប្រជាកសិករ សូមកុំបន្តធ្វើស្រែប្រាំងបន្ថែមទៀត ខណៈនាពេលខាងមុខ អាចនឹងប្រឈមនឹងបញ្ហាខ្វះខាតទឹក ហើយអាជ្ញាធរនឹងរកវិធីសាស្ត្រដោះស្រាយ ការបង្កបង្កើនផលស្រូវ ដែលលើសផែនការនេះ។ ជាការពិតណាស់ថា បងប្អូនប្រជាកសិករ បានបូមទឹកចេញពីប្រឡាយស្ទឹងស្រកដល់បាតក្រោម ដើម្បីការពារស្រែស្រូវក៏ពិតមែន ក៏ប៉ុន្តែយើងនៅមានទំនប់ទី៣ និងទី៥ ដែលស្ដុកទឹកបានជាង៥០លានម៉ែតគូប សម្រាប់បើកទឹកបញ្ជូនតាមស្ទឹង ប្រឡាយមេ ប្រឡាយរង ឬប្រឡាយក្អែប ដើម្បីត្រៀមសម្រាប់ប្រជាកសិករ បូមដាក់ស្រែរៀងៗខ្លួន។

ឯកឧត្តមបានថ្លែងទៀតថា «ការធ្វើស្រែ ត្រូវការស្រូវពូជ និងទឹក, បើមានស្រូវពូជខ្វះទឹក ឬមានតែទឹកខ្វះស្រូវពូជ ក៏យើងមិនអាចដំណើរការទៅបានដែរ» នេះជាគោលនយោបាយមួយ របស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តតួនាទីភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនាមជាអ្នកបម្រើរាស្ត្រ មិនត្រូវសម្ងំស្ងៀម ពេលប្រជាពលរដ្ឋជួបបញ្ហានោះឡើយ។ ជាក់ស្ដែងដូចជាករណីធ្វើស្រែប្រាំងលើសផែនការកំណត់ នៅឃុំស្វាយដូនកែវនេះ បើយើងមិនជួយអន្តរាគមន៍ទេ ស្រែស្រូវរបស់ពួកគាត់ អាចនឹងប្រឈមនាពេលខាងមុខ។ 

ឯកឧត្តមសូមកោតសរសើរចំពោះបងប្អូនប្រជាកសិករទាំងអស់ ដែលខិតខំប្រឹងប្រែងយ៉ាងសស្រាក់ស្រាំ ក្នុងការធ្វើស្រែប្រាំងស្ទើរតែគ្មានដីទំនេរ។ ទាំងនេះក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព មានប្រភពទឹង និងប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែងគ្រប់ទីកន្លែង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង