រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចុះដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ០៣គ្រួសារ ក្នុងស្រុកក្រគរ

  • 215
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះសម្របសម្រួល ដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ចំនួន០៣គ្រួសារ ក្នុងភូមិស្នារាជ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

វិវាទដីធ្លីដ៏រ៉ាំរ៉ៃ បានកើតឡើងរវាងប្រជាពលរដ្ឋ ០៣គ្រួសារ មានលោក ស្វាយ សារ៉ា, លោកយាយ គុំ ឡូយ និងអ្នកស្រី ងួន តាង រស់នៅក្នុងស្រុកភូមិជាមួយគ្នា ដែលមានទំនាស់ដីភូមិ និងដីស្រែនឹងគ្នា រហូតកើតដល់អំពើហឹង្សា ប្ដឹងផ្ដល់ដល់សមត្ថកិច្ចឃាត់ខ្លួនកូនប្រុស ដាក់ពន្ធនាគារដល់សព្វថ្ងៃផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានសំណូមពរឱ្យប្រជាពលរដ្ឋ ទាំង០៣គ្រួសារ ស្រលាញ់រាប់អានគ្នាឡើងវិញ ជាបងប្អូនឈាមជ័រតែមួយ អ្នកភូមិផងរបងជាមួយ ហើយអ្វីៗដែលមានរឿងល្អក់កករនឹងគ្នា ពីមុនមក ត្រូវលុបចោលទាំងអស់ កុំទុកក្នុងចិត្ត និងកុំមានការគុំគួនគ្នាតទៅទៀត ព្រោះយើងជាខ្មែរ រស់ក្នុងសង្គមជាតិតែមួយ ពិសេសរស់ក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រោយការសម្របសម្រួល ដោះស្រាយ ភាគីទំនាស់ទាំងសងខាង បានស្រុះស្រួលគ្នា ដកពាក្យបណ្ដឹងចេញពីតុលាការ ដើម្បីបញ្ចប់ទំនាស់ ចាប់ពីពេលនេះតទៅ។ ជាមួយគ្នានោះ ពួកគាត់បានគោរពថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ ចំណាយពេលវេលាដ៏មានតម្លៃ ចុះមកសម្របសម្រួល ដោះស្រាយបញ្ចប់ទំនាស់ដ៏រ៉ាំរ៉ៃនេះ និងប្ដេជ្ញាគាំទ្រគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ជារៀងរហូត៕

Ti Amo (ពស)

អត្ថបទទាក់ទង