រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋមន្ត្រី កែវ រតនៈ បិទការប្រកួតកីឡា ដណ្តើមពានរង្វាន់ ៧ មករា លើកទី៦ នៅស្រុកកណ្តៀង និងលើកទី៩ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

  • 188
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី0៨-០៩ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទការប្រគួតកីឡា ដណ្តើមពានរង្វាន់ ៧ មករា លើកទី៦ នៅទីលានកីឡដ្ឋានវិទ្យាល័យ ហ៊ុន សែន ស្រុកកណ្តៀង និងលើកទី៩ នៅទីលានកីឡដ្ឋានអនុវិទ្យាល័យព្រះសីហនុ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមរបាយការណ៍គណៈកម្មការដឹកនាំការប្រគួតស្រុកកណ្តៀង និងស្រុកក្រគរ បានឱ្យដឹងថា ការប្រកួតកីឡាដណ្តើមពានរង្វាន់ ឯកឧត្តម កែវ រតនៈ ដែលបានធ្វើពិធីបិទនាពេលនេះ គឺដើម្បីអបអរសាទរ ខួបលើកទី៤៤ ទិវាជ័យជម្នះ ៧ មករា លើកទី៦ នៅទីលានកីឡដ្ឋានវិទ្យាល័យ ហ៊ុន សែន ស្រុកកណ្តៀង និងលើកទី៩ នៅទីលានកីឡដ្ឋានអនុវិទ្យាល័យព្រះសីហនុ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ឆ្នាំនេះក្រុមកីឡា បានដាក់ពាក្យមកពីបណ្តាឃុំ និងក្លិបទាំង២ស្រុក ចំនួន៤២ក្រុម មានកីឡាករសរុប៨៥៥នាក់ ស្រី១០៨នាក់ក្នុងនោះបាល់ទាត់បុរស មាន២៧ក្រុម ​បាល់ទះបុរស១០ក្រុម និងបាល់ទះនារី៩ក្រុម។ ប្រធានគណៈកម្មការ បានឱ្យដឹងទៀតថា ឆ្លងតាមរយៈនៃការប្រកួតអស់រយៈ៣២ថ្ងៃនោះ កីឡាករ កីឡាការនីទាំងបាល់ទាត់ និងបាល់ទះ បានយកអស់កម្លាំងកាយចិត្ត ប្រឹងប្រែងអស់ពីសមត្ថភាព ទេព្យកោសល្យ ក្នុងការប្រកួតប្រជែងប្រកបដោយទឹកចិត្តក្លៀវក្លា ក្នុងនាមជាអ្នកកីឡា និងឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ទាំងការគោរពវិន័យ បទបញ្ជា បច្ចេកទេស ស្រឡាញ់យោគយល់អព្យាស្រ័យ គឺជាសក្ខីកម្ម បង្ហាញថាយុវជនបានយល់ច្បាស់ នូវមនៈសិកាកីឡា ដែលជាគម្រូមួយដ៏ល្អសម្រាប់ទៅថ្ងៃអនាគត។

មានប្រសាសន៍សំណេះសំណាល នៅក្នុងពិធីបិទការប្រកួត ទាំង២ទីតាំងនោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានថ្លែងថា ការប្រកួតកីឡាបាល់ទាត់ និងបាល់ទះបុរស និងនារី នៅស្រុកកណ្តៀង និងស្រុកក្រគរ ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ «៧ មករា ១៩៧៩ - ៧ មករា ២០២៣» ដណ្តើមពានរង្វាន់ឯកឧត្តម កែវ រតនៈ ក្នុងគោលបំណងបង្កើនសាមគ្គីភាព មិត្តភាព សុខភាព ផ្តល់ភាពសប្បាយរីករាយដល់យុវជន និងប្រជាពលរដ្ឋ។ ការប្រកួតកីឡាឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក បានប្រព្រឹត្តិទៅក្នុងបរិយាកាសផុលផុស និងជ្រើសរើសបានយុវជន យុវនារីវ័យក្មេង មានសមត្ថភាព ទេព្យកោសល្យល្អ ទាំងបាល់ទាត់ និងបាល់ទះ តាមក្លិប អង្គភាព និងឃុំនីមួយៗ ដែលអាចចាត់ទុកបានថា វិស័យអប់រំកាយ និងកីឡា បាននឹងកំពុងដើរតួរនាទីសំខាន់ ជាយាន ក្នុងការអភិវឌ្ឍន៍សង្គម ដូចពាក្យថា «កីឡាសាងមនុស្ស មនុស្សសាងសង្គម»។ 

ឯកឧត្តមបានបន្ថែមថា ការអប់រំកាយ និងកីឡា គឺជាសមាសភាគមួយ នៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់រាងកាយ និងបញ្ញាស្មារតីរបស់មនុស្ស ឱ្យមានការលូតលាស់ល្អ មានកម្លាំងមាំមួន និងកាត់បន្ថយភាពអសកម្មផ្សេងៗ។ ដូចនេះហើយបានជានៅស្រុកកណ្តៀង និងស្រុកក្រគរ តែងតែរៀបចំព្រឹត្តការណ៍ប្រកួតកីឡានេះឡើង សំដៅលើកកម្ពស់វិស័យកីឡានៅក្នុងតំបន់ ឱ្យកាន់តែមានភាពលេចធ្លោរ ពីព្រោះកីឡានាំមកនូវសុខភាព សាមគ្គីមិត្តភាព បើគ្មានសុខភាព និងសន្តិភាពនោះទេ យើងមិនអាចលេងកីឡាបាននោះឡើយ។ ដូច្នេះហើយ សូមក្មួយៗយុវជន ជម្រុញ និងអភិវឌ្ឍន៍វិស័យកីឡានៅក្នុងមូលដ្ឋាន សហគមន៍ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលថា «យុវជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទ ក្នុងមួយជីវិត»។

ឯកឧត្តមបានសម្តែងការកោតសរសើរ គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមសហការ ក្នុងការរៀបចំការប្រកួតកីឡា ប្រកបដោយជោគជ័យ។ នៅក្នុងខណៈនោះ ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា បានប្រគល់រថយន្តពេទ្យ ដល់មណ្ឌលសុខភាពស្រុកកណ្តៀងមួយគ្រឿង ប្រគល់លិខិតសរសើរ ដល់ក្រុមការងារ អាជ្ញាធរមូលដ្ឋាន គណៈកម្មការដឹកនាំការប្រគួត និងប្រគល់ជូនជ័យលាភី ដល់កីឡាករ កីឡាការនី ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ទាំងបាល់ទាត់ និងបាល់ទះ អមដោយពានរង្វាន់១ ទង់១ និងថវិកាមួយចំនួន និងចែកជូនសម្ភារៈសិក្សា ដល់ក្មួយៗសិស្សានុសិស្សផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង