រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ខូយ រីដា៖ «ស្ថិរភាព និងសន្តិសុខ ជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងសុខដុមរមនា របស់ប្រជាពលរដ្ឋ»

  • 211
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារ ចុះជួយក្រុងពោធិ៍សាត់ បានថ្លែងថា «សន្តិភាព ស្ថិរភាពនយោបាយ ជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាពលរដ្ឋ ត្រូវតែរួមគ្នារក្សាការពារ និងសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ស្របតាមគោលការណ៍ អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ-ឈ្នះ បានក្លាយជាស្មារតីដ៏ខ្លាំងខ្លា និងរស់រវើក នៅក្នុងដំណើរការកសាង និងការពារមាតុភូមិ។

ឯកឧត្តម ខូយ រីដា បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរខួបលើកទី៤៤ ទិវាជ័យជំនះ ៧ មករា « ៧ មករា ១៩៧៩ - ៧ មករា ២០២៣» នៅសាលប្រជុំគណបក្សខេត្ត ស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានសមាជិកសមាជិកាចូលរួមជិត៣០០នាក់។

បន្ទាប់ពីលោក សំរិទ្ធ អេង ប្រធានគណបក្សក្រុងពោធិ៍សាត់ បានជម្រាបជូនអំពីសកម្មភាព លទ្ធផល និងទិសដៅ​ របស់ក្រុមការងារទាំង៧សង្កាត់នោះរួចមក ឯកឧត្តម ខូយ​ រីដា បានចាត់ទុកថា ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ក៏ដូចទូទាំងប្រទេស ត្រូវរួមគ្នាពួនជ្រុំថែរក្សានិងការពារនូវទិវា ៧ មករា ឱ្យខានតែបាន ខណៈ៧មករានេះហើយ បាននាំដែនដីមរណៈរបស់កម្ពុជា ឱ្យក្លាយទៅជាដែនដី​ដ៏ស្រស់ត្រកាលឡើងវិញ រហូតមកដល់សព្វថ្ងៃ។ សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយនេះហើយ គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឃ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាពលរដ្ឋ ដូចនេះត្រូវតែរួមគ្នាការពារ និងសាមគ្គីយ៉ាងរឹងមាំ ជុំវិញរាជរដ្ឋាភិបាលកម្ពុជា ស្របតាមគោលការណ៍ អរគុណសន្តិភាព និងអរគុណនយោបាយ ឈ្នះ-ឈ្នះ។ ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ​ប្រសិនមិនមានថ្ងៃ៧មករា ឆ្នាំ១៩៧៩នោះទេ គឺមិនមានវត្តមានថ្ងៃនេះឡើយ។ ឆ្លងកាត់រយៈពេល៤៤ឆ្នាំមកនេះ ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជម្នះនូវរាល់ឧបសគ្គ និងកំពុងឈានទៅមុខឥតឈប់ឈរតាមទិសដៅដ៏ត្រឹមត្រូវ ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជន និងប្រែក្លាយទឹកដីមានសន្តិភាព ​សាមគ្គីភាព ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។ 

ឯកឧត្តម បានលើកឡើងទៀតថា ស្មារតី៧មករា ស្ថិតស្ថេរជាអមតៈ ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ ហើយត្រូវចងចាំជានិច្ច ព្រោះថា៤៤ឆ្នាំកន្លងទៅនេះ គឺជា៤៤ឆ្នាំ នៃសាមគ្គីភាព ជា៤៤ឆ្នាំ នៃការតស៊ូអនុវត្តគ្រប់កិច្ចការប្រកប ដោយវីរភាពនិងជា៤៤ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនកម្ពុជា។ មន្ត្រីបក្សគ្រប់រូប គ្រប់ផ្នែក គ្រប់ថ្នាក់ គប្បីចងចាំថា កត្តាផ្ទៃក្នុងរបស់ជាតិ គឺជាកត្តាកំណត់នៃជ័យជម្នះ ចំពោះកត្តាខាងក្រៅ គ្រាន់តែជះឥទ្ធិពលប៉ុណ្ណោះ ដូចនេះត្រូវរួមគ្នាថែរក្សាការពារនូវរាល់សមិទ្ធផល នៃសង្គមជាតិឱ្យបានគង់វង្ស និងរឹងមាំគ្រប់កាលៈទេសៈ។

ជាមួយគ្នានោះត្រូវរួមគ្នាកម្ចាត់នយោបាយជ្រុលនិយម ទណ្ឌិតក្បត់ជាតិ និងបក្សពួកមិនទុកឱ្យវាមកបំពុលសង្គម បំផ្លាញដំណើរការរីកចម្រើនជាដាច់ខាត។ តាមរយៈនេះដែរ ឯកឧត្តម ខូយ រីដា បាន​បញ្ជាក់ថានៅសល់តែ៧ខែទៀត ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គឺជាព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ និងមានអត្ថន័យយ៉ាងធំធេង ចំពោះជោគវាសនារបស់ជាតិ និងប្រជាជន ដែលកន្លងមកបានឆ្លងកាត់ការបោះឆ្នោតសកលថ្នាក់ជាតិ ចំនួន៦លើក និងបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ៥លើករួចមកហើយ ពិតជាមានការយល់ដឹង និងមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការអនុវត្តនូវសិទ្ធិ សេរីភាពរបស់ខ្លួនច្បាស់លាស់ត្រឹមត្រូវ។ ក្នុងបរិការណ៍នេះ ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តមសូមអំពាវនាវដល់សមាជិក សមាជិការបក្សគ្រប់រូប គ្រប់ផ្នែក និងគ្រប់ថ្នាក់ តែងតែគាំទ្រ និងជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា រយៈពេល៤៤ឆ្នាំកន្លងមកនេះ អាចបំពេញបេសកកម្មបម្រើជាតិមាតិភូមិប្រកបដោយជោគជ័យ៕

អត្ថបទទាក់ទង