រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម និងអភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងបាក់ច្រាំងស្ទឹង ដើម្បីធ្វើការស្ដារឡើងវិញ

  • 147
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាមានតួនាទីជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដោយបានការចូលរួម ពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ បានចុះពិនិត្យទីតាំងច្រាំងស្ទឹងពោធិ៍សាត់ ដែលបាក់ស្រុតនារដូវវស្សាកន្លងមក ដើម្បីធ្វើការស្ដារឡើងវិញ បន្ទាប់ពីការស្នើសុំរបស់រដ្ឋបាលខេត្ត។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរសាធារណការ និងដឹកជញ្ជូន សិក្សាវាយតម្លៃបណ្ដោះអាសន្ន ដើម្បីធ្វើរបាយការណ៍លម្អិតបញ្ជូនទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលជាអនុប្រធានគ្រោះមហន្តរាយ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការពិនិត្យលទ្ធភាពដោះស្រាយជូន។

គួរបញ្ជាក់ផងដែរថា កាលពីព្រលប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ មានករណីបាក់ស្រុតដី និងតូបលក់ចាប់ហួយ របស់អាជីវករឈ្មោះ គឹម ឈុនហ៊ួយ ដែលរស់នៅតាមច្រាំងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ តែពុំមាននរណាម្នាក់បាត់បង់ជីវិតនោះទេ។ 

តាមការប៉ាន់ប្រម៉ាន អីវ៉ាន់នៅក្នុងតូប ដែលក្រុមការងារអាចជួយសង្គ្រោះបាន មានប្រមាណ៧០% ដែលក្នុងនោះរួមមាន៖ ស្រាបៀរកំប៉ុង ដប ទឹកក្រូច ភេសជ្ជៈ នំ ចានស្នោរ…។ល។ រួមទាំងចានឆ្នាំង និងរបស់ក្លាស្សេង បាត់បង់ខ្លះ និងនៅសេសសល់មួយចំនួន។ ចំពោះករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា មកពីម្ចាស់តូបមិនសហការចូលរួម តាមរយៈការជូនដំណឹងរបស់អាជ្ញាធរឃុំ ទាក់ទងនឹងស្ថានភាពបាក់ច្រាំងគួរឱ្យព្រួយបារម្មណ៍ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២៕

Ti Amo (ពស)

អត្ថបទទាក់ទង