រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្រោយទទួលបានសំណើជួយអន្តរាគមន៍បន្ទាន់, អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងណែនាំដល់មន្ទីរជំនាញ ឱ្យបើកទឹក ជូនប្រជាកសិករបង្កបង្កើនផលស្រូវស្តារឡើងវិញ

  • 179
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ បានណែនាំដល់អាជ្ញាស្រុក ឃុំ និងមន្ទីរធានធានទឹកខេត្ត ត្រូវគ្រប់គ្រង និងផ្តល់លទ្ធភាពបើកទឹកឱ្យបានគ្រប់គ្រាន់ ជូនបងប្អូនប្រជាកសិករបង្កបង្កើនផលស្រូវស្តារឡើងវិញ ឱ្យបានចប់សព្វគ្រប់ ក្រោយពីទទួលបានស្រូវពូជ (OM) ពីសម្តេចតេជោ ហ៊ុន សែន ខណៈដែលកន្លងទៅធ្លាប់បានលិចលង់ខូចខាត ដោយសារទឹកជំនន់។

ឯកឧត្តមអភិបាលខេត្ត បានណែនាំបែបនេះ ក្នុងឱកាសដឹកនាំមន្ទីរជំនាញចុះពិនិត្យដោយផ្ទាល់ ទៅលើវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវស្តារឡើងវិញ របស់ប្រជាកសិករភូមិចិន្តាយ, ភូមិប៉ោឡោ និងទីតាំងមុខសាលាឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោយទទួលបានសំណើជួយអន្តរាគមន៍បន្ទាន់ ពាក់ព័ន្ធនឹងកង្វះខាតទឹកធ្វើស្រែប្រាំង។

ឯកឧត្តម ខូយ រីដា បានថ្លែងថា ការចុះមកនាពេលនេះ គឺឆ្លើយតបទៅនឹងសំណើជួយអន្តរាគមន៍បន្ទាន់ របស់ប្រជាកសិករតាមរយៈលេខទូរស័ព្ទ ពាក់ព័ន្ធនឹងកង្វះខាតទឹកក្នុងកិច្ចការងារបង្កបង្កើនផលស្តារឡើងវិញ។ តាមការចុះពិនិត្យជាក់ស្តែង ស្រែស្រូវរបស់បងប្អូនប្រជាកសិករ គឺពុំទាន់ខ្វះខាតទឹកដែលជាតម្រូវការបន្ទាន់នោះទេ ឯកឧត្តមក៏សូមឱ្យបងប្អូនចេះយោគយល់អធ្យាស្រ័យ ព្រោះការបើកទឹកមកជួយអន្តរាគមន៍ មិនមែនបើកភ្លាមបានភ្លាមនោះទេ។

ឯកឧត្តមបានជម្រាបជូនថារាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានផ្តល់ជូនជាចំណងដៃដល់ខេត្តពោធិ៍សាត់ នូវសមិទ្ធផលដ៏ធំ គឺស៊ីទែនទឹកមិនចេះរីងស្ងួត មានទំនប់ទី៣ និងទី៥ ដែលអាចស្តុកទឹកបានជាង៥០លានម៉ែត្រគូប សម្រាប់ផ្តល់លទ្ធភាពដល់ប្រជាកសិករក្នុងការបង្កបង្កើនផលស្រូវ ដំណាំរួមផ្សំ និងជីវិតរស់នៅប្រចាំថ្ងៃ របស់មនុស្សសត្វ។  

ឯកឧត្តមបានបញ្ជាក់ថា ក្រោយការតែងតាំង ជាអភិបាលខេត្តពោធិ៍សាត់ថ្មី បានរយៈពេលជិត២ខែមកនេះ ឯកឧត្តមប្តេជ្ញាដឹកនាំ គ្រប់គ្រង និងបម្រើប្រជាពលរដ្ឋ នៅទូទាំងខេត្តពោធិ៍សាត់ឱ្យអស់លទ្ធភាព ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ជាក់ស្តែងដូចជាការងារបង្កបង្កើនផលស្រូវស្តារឡើងវិញនាឱកាសនេះ គឺដាច់ខាតមិនឱ្យបងប្អូនខ្វះទឹកបងបង្កបង្កើនផលនោះទេ។

ជាថ្មីម្តងទៀត សម្តេចបានខិតខំខ្លាំងណាស់ ក្នុងការរកសេចក្ដីសុខជូនប្រជាពលរដ្ឋ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ នៅពេលប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានរកវ៉ាក់សាំងចាក់ជូន និងផ្ដល់ប័ណ្ណសមធម៌ សម្រាប់អ្នកទីទ័លក្រគ្មានទីពឹង ហើយនៅពេលជួបគ្រោះទឹកជំនន់ រាជរដ្ឋាភិបាលបានចាត់កម្លាំងជួយអន្តរាគមន៍គ្រប់ទីកន្លែង ក្នុងការជួយសង្គ្រោះអាយុជីវិត ផ្ដល់ស្បៀង និងចែកស្រូវពូជដល់បងប្អូនយើង សម្រាប់ធ្វើការស្ដារឡើងវិញ។

ឯកឧត្តម ខូយ រីដា បានផ្ដាំផ្ញើរដល់បងប្អូនប្រជាកសិករទាំងអស់ ពេលបូមទឹកបញ្ចូលស្រែ សូមកុំបូមឱ្យអស់ពីប្រឡាយ ដើម្បីទុកឱ្យត្រី ក្ដាម ខ្យង និងជីវៈចម្រុះផ្សេងៗទៀតនៅមានជីវិត ជាតម្រូវការម្ហូបអាហាររបស់យើងគ្រប់ៗគ្នា។ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាស្រុក ឃុំ និងមន្ទីរធានធានទឹកខេត្ត ដែលជាមន្ទីរជំនាញ ត្រូវគ្រប់គ្រង និងផ្តល់លទ្ធភាពបើកទឹកឱ្យបានគ្រប់គ្រាន់ ជូនបងប្អូនប្រជាកសិករ អាចបង្កបង្កើនផលស្រូវស្តារឡើងវិញ ឱ្យបានចប់សព្វគ្រប់ផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង