រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល ២០២២ ឈានចូល ២០២៣ និងអបអរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅលើបូរីវប្បធម៌កោះសំពៅមាស ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជិត២ម៉ឺននាក់

  • 178
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ នាល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ ប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល ២០២២ ឈានចូល ២០២៣ និងអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅលើបូរីវប្បធម៌កោះសំពៅមាស ដោយមានប្រជាជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមទស្សនាកម្សាន្ត ចំនួន១៦,៧២៦នាក់ ក្នុងនោះទេសចរ​ជាតិ​១៦,៧២២នាក់ និងទេសចរបរទេស​៤នាក់។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា ថ្ងៃនេះជាឱកាស ដ៏វិសេសវិសាលថ្លៃថ្លាបំផុត ដែលរដ្ឋបាលខេត្តពោធិ៍សាត់ បានប្រារព្វពិធីបុណ្យឆ្លងឆ្នាំសកល ស្របគ្នាជាមួយនឹងពិធីអបអរសាទរខួបលើកទី៤៤ នៃថ្ងៃជ័យជម្នះ (៧ មករា ១៩៧៩ - ៧ មករា ២០២៣) ដែលជាថ្ងៃកំណើតទី២ និងជាថ្ងៃប្រវត្តិសាស្ត្ររបស់យើងទាំងអស់គ្នា បានរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានឯករាជ្យ សន្តិភាព  សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ 

ឯកឧត្តមបានបន្តថា ទោះបីពេលវេលាបានកន្លងផុតទៅជាច្រើនទសវត្សហើយក៏ដោយ ក៏យើងទាំងអស់គ្នា នៅតែចងចាំជានិច្ច នូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយរបស់ជាតិ ដែលបណ្តាលមកពីភ្លើងសង្គ្រាម ដ៏​សន្ធោរសន្ធៅ ដែលបង្កឡើងដោយរដ្ឋប្រហាររបស់ពួក លន់ ណុល តាមខ្សែញាក់របស់បរទេស និងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់ពួកឃាតករ ប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ស្ថិតក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុត ដែលប្រជាជាតិកំពុងទទួលរង​នូវ​គ្រោះមហន្តរាយនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធ នៃគណបក្សប្រជាជនកម្ពុជា ដែលនៅសល់ពីការកាប់សម្លាប់ បានក្រោកឈរតស៊ូប្រកបដោយវីរភាពប្រឆាំងនឹងរបបនេះ ហើយបានរួមគ្នាបង្កើតជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ និងបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ទទួលបាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ 

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ គោលនយោបាយ «ឈ្នះ-ឈ្នះ» ឈានដល់ការបង្រួបបង្រួមជាតិ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។  ជោគជ័យនេះធ្វើឱ្យប្រទេសជាតិទាំងមូល មានសន្តិភាពយ៉ាងពេញលេញ ដោយសារសន្តិភាពនេះហើយ ធ្វើឱ្យប្រទេសជាតិមានការីកចម្រើនលើគ្រប់វិស័យ។ ជាការពិតណាស់ថា ផ្លូវទៅមុខទៀតយើងនៅតែមានឧបសគ្គ ប៉ុន្តែគ្មានឧបសគ្គណាអាចមករារាំងមិន​ឱ្យយើងសម្រេចបំណងប្រាថ្នាបានឡើយ ឱ្យតែប្រជាជាតិយើងមានការឯកភាព រួបរួមសាមគ្គីគ្នា បន្តធ្វើ​ដំណើរទៅមុខលើផ្លូវដ៏ត្រឹមត្រូវនេះ។ យើងត្រូវជឿជាក់លើការ ខិតខំរបស់យើង ហើយគប្បីចងចាំថា គឺ​កត្តាផ្ទៃក្នុងរបស់ជាតិយើង ជាកត្តាកំណត់ នៃជ័យជម្នះ ពុំមែនបរទេសជាអ្នកកំណត់នោះទេ។ 

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ ប្រជាជនទូទាំងខេត្ត ឯកឧត្តមសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង   ចំពោះយុទ្ធនាការដែលប្រកាស ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយម​របស់​ជន​ក្បត់ជាតិ​​បីជំនាន់ និងសូមប្រកាសគាំទ្រ  សម្តេចតេជោ ហ៊ុន សែន​ ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ាណែត  ជាបក្ខភាព​នាយករដ្ឋមន្ត្រី បន្តវេន ដើម្បី​រក្សា​បាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្ត របស់​ប្រជាពល​រដ្ឋ​កម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់ឆ្នាំថ្មី២០២៣ សូមឱ្យអ្វីៗដែលសៅហ្មង និងអពមង្គល រលត់ទៅតាមឆ្នាំចាស់ ហើយនាំមកនូវសិរីសួស្ដី ជ័យមង្គល វិបុលសុខ គ្រប់ប្រការ ជូនដល់ ឯកឧត្តម លោកជំទាវ លោក លោស្រី មន្រ្តីរាជការ កងកម្លាំងទាំងបី កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជានិរន្តរ៍។

សូមជម្រាបជូនថា ជាមួយនឹងការប្រារព្ធពិធីនេះ គេសង្កេតឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដើម្បីរឹតបណ្តឹង សន្តិសុខ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ ដែលបានមកចូលរួមទស្សនាការប្រគុំតន្រ្តី រាំលេងកម្សាន្ត ការបាញ់កាំជ្រូច ការបង្ហោះគោម ដើម្បីចូលរួមអបអរសាទរឆ្លងឆ្នាំថ្មី និងបង្កើនភាពសប្បាយរីករាយ ឱ្យកាន់តែមានភាពអធិកអធមបន្ថែមទៀត៕

Ti Amo (ពស)

អត្ថបទទាក់ទង