រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សំណូមពរ ក៏ដូចជាបញ្ហាប្រឈម ចំនួន១៧ចំណុច ដែលកើតមានក្នុងស្រុកកណ្តៀង ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងវេទិកាក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី៤ អាណត្តិទី៣

  • 282
  • ដោយ Admin

(ពោធិ៍សាត់)៖ សំណូមពរ ក៏ដូចជាបញ្ហាប្រឈម ចំនួន១៧ចំណុច រួមមានបញ្ហាដីបាក់ច្រាំងស្ទឹង ជួសជុលផ្លូវ ស្ពាន ស្ដារប្រឡាយ ការផ្ទេរកម្មសិទ្ធដីធ្លីប្រើរយៈពេលយូរពេក ការបង្ហូរទឹកស្អុយចូលអូរ បញ្ហាមិនទាន់មានទឹកស្អាតប្រើប្រាស់ និងសូមឱ្យពេទ្យឆ្មបយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុតចំពោះស្ត្រីឆ្លងទន្លេ ត្រូវបានឆ្លើយតប និងដោះស្រាយជូន ដោយមិនមានសេសសល់នូវចំណុចណាមួយឡើយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី៤ អាណត្តិទី៣ នៅសាលាស្រុកកណ្តៀង។  

អង្គវេទិកាត្រូវបានធ្វើឡើង  ក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្ត តំណាងអង្គការសង្គមស៊ីវិល  អាជ្ញាធរស្រុក   សមាជិកក្រុមប្រឹក្សាស្រុក ឃុំ និងប្រជាពលរដ្ឋសរុបប្រមាណជាង២០០នាក់។

មានមតិបើកវេទិកា ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តបានជម្រាបជូនថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលរៀបចំឡើងនាពេលនេះ ដោយយោងតាមអនុក្រិត្យលេខ២១៦ អនក្រ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ​ គណៈអភិបាលក្រុងស្រុក ត្រង់មាត្រា៩បានចែងថា ​ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ដើម្បីឱ្យក្រុមប្រឹក្សាខេត្ត ជម្រាបជូនដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសកម្មភាពរបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំកន្លងមក។ វេទិកានេះ ជាវេទិការបស់ថ្នាក់ក្រោមជាតិ ដោយមានប្រជាពលរដ្ឋ គ្រប់និន្នាកានយោបាយទាំងអស់ចូលរួម មិនមែនជាវេទិការបស់គណបក្សនយោបាយណាមួយនោះទេ។ 

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ធា វេទិកានេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីត្រួតពិនិត្យទៅលើការអនុវត្តតួនាទីភារៈកិច្ច ពិសេសផ្ដោតទៅលើគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលគ្រប់ភាគីគណបក្សនយោបាយទាំងអស់ បានសន្យា បានអនុវត្តន៍ បានប្ដេជ្ញាចិត្ត ជាមួយប្រជាពលរដ្ឋ ក្នុងពេលឃោសនាបោះឆ្នោត គឺគណបក្សណាឈ្នះឆ្នោត ត្រូវអនុវត្តតាមអ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋជាម្ចាស់ ឯថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាអ្នកបម្រើ ហើយការបម្រើរបស់យើង ពីមួយឆ្នាំទៅមួយឆ្នាំ វាបានឆ្លើយតបទៅប្រជាពលរដ្ឋតាមមូលដ្ឋាន គ្រប់ជ្រុងជ្រោយឬទេ? ហើយវានៅខ្វះខាតអ្វីទៀត ដែលយើងត្រូវបំពេញបន្ថែម ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋយើង។ ឯកឧត្តម ខូយ រីដា បានដាក់ចេញនូវកិច្ចចង្អុលការមួយចំនួន សម្រាប់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានអនុវត្តគឺ៖ រាល់សំណួររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ពាក់ព័ន្ធនឹងអង្គភាពជំនាញ ត្រូវដោះស្រាយជាបន្ទាន់។ សំណូមពរមន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើឱ្យបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន ​នៅគ្រប់ទីកន្លែងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ សូមឱ្យមានការផ្សព្វផ្សាយវេទិកាសាធារណៈ ដែលជាដំណោះស្រាយ សំណួរចម្លើយនេះ ទៅដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបគ្រប់ៗគ្នា។ ត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ ពិនិត្យការធ្វើស្រែរបស់ប្រជាកសិករដែលទទួលបានពូជស្រូវ ពីសម្ដេចតេជោ យកមកស្ដារឡើងវិញសព្វថ្ងៃនេះ តើវាបានដល់កម្រិតណាហើយ?។ គ្រប់គម្រោងអភិវឌ្ឍន៍នៅមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ដែលអភិវឌ្ឍន៍ដោយមូលនិធិឃុំសង្កាត់ សុំឱ្យមានការថែទាំ យកចិត្តទុកដាក់ឱ្យបានល្អ បើមានការខូចខាតតិចតួច ត្រូវជួសជុលបំពេញបន្ថែម កុំចាំតែគម្រោងទាំងស្រុងនោះ។ ការចោលសម្រាម ការដាក់ឆ័ត្រលក់ដូរឥវ៉ាន់នៅតាមមុខផ្ទះ និងជុំវិញផ្សារ សូមឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវមានការណែនាំឱ្យមានសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណភាពស្អាតទាំងអស់គ្នា។ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទឱ្យខាងតែបាន។ ត្រួតពិនិត្យចរាចរណ៍ ក្មេងទំនើងបង្ហោះម៉ូតូលើដងផ្លូវ ត្រូវតាមចាប់ឱ្យបានដាច់ខាត យកមករអប់រំ ឬដាក់ទណ្ឌកម្ម។ ចំពោះដីតំបន់៣ដែលត្រូវកែប្រែឱ្យមកតំបន់២ យើងបានរៀបចំរួចហើយ និងតំបន់២ ឱ្យមកតំបន់១ សូមពន្លឿននីតិវិធីកិច្ចការងារនេះ ដើម្បីចេញប្លង់ជូនប្រជាពលរដ្ឋឱ្យបានមុនឆ្នាំ២០២៤។ ត្រូវការពារ «សុខសន្តិភាព» ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕

អត្ថបទទាក់ទង