រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សិស្សានុសិស្សមកពីវិទ្យាល័យ ក្នុងស្រុកក្រគរ ស្រុកកណ្តៀង និងមួយផ្នែកក្រុងពោធិ៍សាត់ ជិត១ពាន់នាក់ ទទួលបានការតម្រង់ទិស និងចែករំលែកបទពិសោធន៍ ក្នុងការជ្រើសរើសមុខវិជ្ជាសិក្សា ទៅអនាគត

  • 201
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ស្រុកក្រគរ និងស្រុកកណ្តៀង, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ នៅសាលប្រជុំធំខេត្ត បានបើកវេទិកាតម្រង់ទិស និងចែករំលែកបទពិសោធន៍ ក្នុងការជ្រើសរើសមុខវិជ្ជាសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ជូនសិស្សានុសិស្ស មកពីស្រុកកណ្តៀង ស្រុកក្រគរ និងមួយផ្នែកក្រុងពោធិ៍សាត់ ប្រមាណជិត១ពាន់នាក់។

ឯកឧត្តម ខូយ រីដា បានថ្លែងថា វិស័យអប់រំ គឺជាវិស័យដែលដើរតួយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបាន របស់ប្រទេសជាតិ។ ចំពោះកូនក្មួយសិស្សានុសិស្ស គឺជាអ្នកបន្តវេន និងជាទំពាំងស្នងឬស្សី ដូច្នេះត្រូវតែខិតខំប្រឹងប្រែង ក្នុងការសិក្សារៀនសូត្រ និងប្រឡងជាប់ ដោយបានការអបអរសាទរចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២ ដែលមានបេក្ខជនប្រឡង ចំនួន៣,៣២៨នាក់ ក្នុងនោះប្រឡងជាប់ ចំនួន២,០៩៩នាក់ ស្មើនឹង៦៣,០៧% ក្នុងនោះដែរសិស្សទទួលបាននិទ្ទេសA ចំនួន២៥នាក់, B ចំនួន១៤១នាក់, C ចំនួន៤១៩នាក់, D ចំនួន៧០២នាក់, E ៨១២នាក់។ ឯកឧត្តមបានលើកឡើងថា កូនក្មួយសិស្សានុសិស្សទាំងអស់ មានឱកាសពេញលេញ ក្នុងការសិក្សារៀនសូត្រ ដែលខុសគ្នាពីយុវជនសម័យមុន ក្នុងសម័យសង្គ្រាម និងសម័យប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រទេសជាតិយើង ធ្លាប់ឆ្លងកាត់ក្នុងស្ថានភាពដ៏លំបាកវេទនាបំផុត។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត និងឱ្យក្លាយទៅជាធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

ឯកឧត្តម កែវ រតនៈ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាយ៉ាងច្រើន សម្រាប់វិស័យអប់រំ ក្នុងការកសាងធនធានមនុស្ស ដែលជាវិស័យអាទិភាពមួយ និងបានយកចិត្តទុកដាក់ ដល់សិស្សជួបការលំបាក សិស្សមកពីគ្រួសារក្រីក្រ ក្នុងគោលបំណងជម្រុញធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព ដូចពាក្យថា៖ ការអប់រំ ត្រូវមានការចូលរួម គ្រប់ភាគីពាក់ព័ន្ធជាច្រើន រួមមានសិស្សានុសិស្សខ្លួនឯង គ្រួសារ សហគម អាជ្ញាធរពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាឱ្យវិស័យនេះ មានការរីកចម្រើន ប្រកបដោយចីរភាព ស្របតាមទិសស្លោកថា «ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ»។ ឯកឧត្តមបានបន្តថា ដើម្បីអនាគតរបស់ខ្លួនឯង គ្រួសារ និងសង្គមជាតិ មានការរីកចម្រើននោះ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ និងសួរ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ដោយដាក់ចិត្តដាក់កាយ ថាគ្មានអ្វីដែលយើងមិនចេះនោះឡើយ។ ឯកឧត្តមបានផ្តាំផ្ញើ ដល់កូនក្មួយសិស្សានុសិស្សដែលប្រឡងជាប់ មិនត្រូវមោទនភាពចំពោះលទ្ធផលប្រឡង នឹងត្រូវសិក្សាជំនាញបន្ត ដោយឡែកអ្នកដែលប្រឡងមិនជាប់ កុំបោះបង់ការសិក្សា ត្រូវព្យាយាមខិតខំសិក្សាបន្ថែម ដើម្បីឈានទៅសម្រេចបំណងប្រាថ្នា ទៅថ្ងៃអនាគត។

ឯកឧត្តមបណ្ឌិត ជេត ជាលី បានបញ្ជាក់ថា សកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេ និងធំជាងនៅកម្ពុជា ដោយចែកចេញជា មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ និងវិទ្យាស្ថានភាសាបរទេស ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦០ និងទ្រទ្រង់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមបណ្ឌិតបន្ថែមថា ក្រៅពីបានផ្តល់ជូននូវសញ្ញាបត្រជំនាញឯកទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏មានសញ្ញាបត្រវិជ្ជាជីវៈ លើវិស័យដូចជា បច្ចេកវិទ្យាព័ត៌មាន អេឡិចត្រូនិច ចិត្តវិទ្យា សង្គមកិច្ចវិទ្យា និងទេសចរណ៍ និងបានក្លាយជាសមាជិកពេញលេញ នៃបណ្តាញសាកលវិទ្យាល័យអាស៊ាន។

បន្ទាប់ពីមានបទឧទ្ទេសនាមតម្រង់ទិស ដែលធ្វើបទបង្ហាញ ដោយសាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី ក៏មានសំណួរ-ចម្លើយ ពីសិស្សានុសិស្ស ដើម្បីតម្រង់ទិសទៅអនាគត ក្លាយជាអ្នកបន្តវេនផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង