រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ដាស់តឿនដល់មន្ត្រីអនុវត្តច្បាប់ ត្រូវប្រើភ្នែកឱ្យបានច្រើនជាងត្រចៀក

  • 215
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានដាស់តឿន ដល់គណៈបញ្ជាការឯកភាពស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរ និងអង្គភាពត្រូវប្រើប្រាស់ភ្នែកឱ្យបានច្រើនជាងត្រចៀក ទើបអនុវត្តការងារ ទៅទទួលបានលទ្ធផលជោគជ័យនិងចំគោលដៅ បើមិនដូច្នោះទេ វានឹងប៉ះពាល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ និងមានការថ្នាំងថ្នាក់ដល់ថ្នាក់ដឹកនាំជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ខូយ រីដា មានប្រសាសន៍ក្រើនរំលឹកបែបនេះ នៅសាប្រជុំសាលាខេត្ត ក្នុងឱកាសដឹកនាំប្រជុំគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខែធ្នូ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត សម្រាប់ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគណៈ បញ្ជាការឯកភាពស្រុក ក្រុងទាំង៧ ថ្នាក់ដឹកនាំ​បណ្តាមន្ទីរ កងកម្លាំងប្រដាប់អាវុធគ្រប់កងឯកភាព។ 

បន្ទាប់ពីគណៈបញ្ជាការឯកភាពស្រុក ក្រុង និងបណ្តាមន្ទីរអង្គភាពមួយចំនួន បានលើកឡើង ពីបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន ដែលបង្កឡើងដោយសកម្មជនដីធ្លី មករុករាន កាប់ឆ្កាដីព្រៃរបស់រដ្ឋ និងដីព្រៃសហគមន៍ ធ្វើជាកម្មសិទ្ធិនៅក្នុងស្រុកវាលវែង និង​​ស្រុក​ភ្នំក្រវាញនោះរួចមក, ឯកឧត្តម ខូយ រីដា បានដាក់ចំណាត់ការយ៉ាងម៉ឺងម៉ាត់ ចំពោះបទល្មើសព្រៃឈើ ជលផល​ ដែលសកម្ម ភាពទាំងអស់នេះ តែងតែកើតមានដដែលៗ ​ហេតុ​នេះសូម​ឱ្យអាជ្ញាធរដែនដី មន្ត្រីជំនាញ និងស្ថាប័នដែលមានការពាក់ព័ន្ធ ត្រូវប្រើប្រាស់ភ្នែកឱ្យបានច្រើនជាងត្រចៀក ត្រូវរួមសហការគ្នាចុះ​បង្ការ​បង្ក្រាប ​និងរកឃើញសកម្មជនដីធ្លី​ចំណាកស្រុក ​ដែលចូលមក​កាប់បំផ្លាញព្រៃឈើ និងនេសាទដោយខុសច្បាប់ ត្រូវមានវិធានការ ទៅតាមផ្លូវច្បាប់។​ កន្លងមកមានសមត្ថកិច្ចមួយចំនួន ក្នុងនោះ​ក៏មាន​អ្នកសារព័ត៌មានផងដែរ បានចុះមកធ្វើសកម្មភាពទាំងនៅបឹងទន្លេសាប និងនៅស្រុកវាលវែង ស្រុកភ្នំក្រវាញ ​ពុំមានលិខិតបេសកកម្ម និងមិនបាន​ឆ្លងកាត់មូលដ្ឋាន​ ​ធ្វើឱ្យប្រជាជន​មានការថ្នាំង​ថ្នាក់ មិនពេញចិត្តមន្ត្រីទាំងនោះ ហេតុនេះសូមឱ្យមន្ត្រីមន្ទីរ​ជំនាញ ដែល​មានការពាក់​ព័ន្ធ ត្រូវ​ចាត់​វិធានការបង្ការទប់ស្កាត់។ 

ដើម្បីឱ្យការអនុវត្ត សម្រាប់ខែមករា ឆ្នាំ២០២៣ កាន់តែប្រសើរថែមទៀតនោះ ឯកឧត្តម បានដាក់ចេញផែនការសកម្មភាព គឺត្រូវយកចិត្តទុកដាក់ អនុវត្តរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសង គ្រឿងញៀន ថែរក្សាសោភ័ណភាពអនាម័យគ្រប់មន្ទីរ អង្គភាព និងទីប្រជុំត្រូវតែស្អាត គ្មានសំរាម បង្កលក្ខណៈសប្បាយ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល និងខួបលើកទី៤៤ ថ្ងៃជ័យជំនៈ ៧ មករា, ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា, គ្រប់គ្រងមន្ត្រីរាជការ ត្រូវលើកទឹកចិត្តមន្ត្រីសកម្ម ពង្រឹងតួនាទី ភារកិច្ច សាមគ្គីផ្ទៃក្នុងល្អ និងចូលរួមសហការបង្ការបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រៃឈើ និងជលផល ឱ្យខាងតែបាន៕

អត្ថបទទាក់ទង