រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់បុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ ពិសេសក្មួយៗគរុសិស្សទាំងអស់ ត្រូវខិតខំរៀបចំសាលារៀន ប្រកបទៅដោយបរិស្ថានអប់រំ ឱ្យសាកសមជាមជ្ឈមណ្ឌល ឬជាថ្នាលបណ្តុះមនុស្សថ្មីដ៏ល្អ

  • 175
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ ពិសេសក្មួយៗគរុសិស្សទាំងអស់ ត្រូវខិតខំរៀបចំសាលារៀន ប្រកបទៅដោយបរិស្ថានអប់រំ ឱ្យសាកសមជាមជ្ឈមណ្ឌល ឬជាថ្នាលបណ្តុះមនុស្សថ្មីដ៏ល្អ ក្នុងការសាបព្រួសទង្វើរ និងចែករំលែកបទពិសោធន៍ល្អៗ ជូនដល់ក្មួយៗចៅៗសិស្សានុសិស្ស ឱ្យទទួលបាននូវគុណភាព និងប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅអប់រំ ឱ្យក្លាយជាសាលារៀនគម្រូពិតប្រាកដទៅថ្ងៃអនាគត។

ឯកឧត្តមបានស្នើបែបនេះ ក្នុងពិធីជួបសំណេះសំណាល និងប្រគល់សញ្ញាបត្រ ជូនដល់គរុសិស្ស១២+២ ជំនាន់ទី៣៧ ចំនួន៤០នាក់ ស្រី៣៦នាក់ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរក្រុង ប្រធានការិយាល័យអប់រំក្រុង និងមន្ត្រី នៃអប់រំ យុវជន និងកីឡាខេត្តយ៉ាងច្រើនកុះករ។

ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍ថា វិស័យអប់រំ យុវជន និងកីឡា ដែលមានលោកគ្រូ អ្នកគ្រូជាអ្នកអនុវត្តន៍ផ្ទាល់ គឺជាឳពុកម្តាយទី២ ជាពុម្ព និងជាថ្នាលបណ្តុះបណ្តាលមនុស្សថ្មី ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន, ទន្ទឹមនឹងនោះគ្រប់ទង្វើ និងសកម្មភាព របស់លោកគ្រូ អ្នកគ្រូ សុទ្ធតែជាការអប់រំ ដូច្នេះគប្បីយកចិត្តទុកដាក់ មានឆន្ទះក្នុងការបំពេញការងារ មានសាមគ្គីភាពផ្ទៃក្នុងល្អ និងត្រូវខិតខំរៀបចំសាលារៀន ប្រកបទៅដោយបរិស្ថានអប់រំ ដើម្បីសម្រេចគោលដៅអប់រំ ឱ្យក្លាយជាសាលារៀនគម្រូពិតប្រាកដទៅថ្ងៃអនាគត។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៀតថា សុខសន្តិភាព និងស្ថេរភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ធានានូវការអភិវឌ្ឍន៍លើគ្រប់វិស័យ សម្តៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនយើង។ កត្តាដែលយើងផ្តោតការយកចិត្តទុកដាក់សំខាន់នោះ សូមថ្នាក់ដឹកនាំជាន់ថ្នាក់ គប្បីអនុវត្តតួនាទីភារកិច្ចដែលរដ្ឋប្រគល់ជូនឱ្យអស់លទ្ធភាព ក្នុងនាមខ្លួនយើងជាថ្នាក់ដឹកនាំគេ ត្រូវមានព្រហ្មវិហាធម៌ មានវប្បធម៌ចែករំលែក បង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ មានមនសិការស្នោះត្រង់ និងយោគយល់ឱ្យគ្នាទៅវិញទៅមក។ ទាំងអស់នេះ គឺជាកិត្តិយស និងភាពថ្លៃថ្នូ របស់លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តទាំងមូល ដែលទទួលបានការសាទរ ពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋជាក់ជាមិនខាន។

ក្នុងមុខតំណែង ជាអភិបាលខេត្តពោធិ៍សាត់ថ្មី បានរយៈពេលជាង១ខែមកនេះ ឯកឧត្តមប្តេជ្ញាដឹកនាំ គ្រប់គ្រង និងបម្រើប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ នៅទូទាំងខេត្តពោធិ៍សាត់ឱ្យអស់លទ្ធភាព ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានប្រគល់សញ្ញាបត្រ និងថតរូបទុកជាអនុស្សាវរីយ៍ ជាមួយគរុសិស្ស១២+២ ជំនាន់ទី៣៧ ទាំង៤០នាក់ និងមន្ត្រីជាការដែលបានចូលរួម ព្រមទាំងបានឧបត្ថម្ភនូវស្រាបៀរ៣០កេស និងថវិកា១លានរៀល សម្រាប់ចូលរួមក្នុងពិធីពិសាអាហារសាមគ្គីផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង