រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ធ្វើពិធីបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ពីលោកឧញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដើម្បីបន្តដឹកនាំគ្រប់គ្រង និងបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

  • 211
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំថ្វាយទាន ធូប កម្រងផ្កា និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសដែលឯកឧត្តម ខូយ រីដា ទើបនឹងចូលកាន់មុខតំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានរយៈពេលជិត១ខែ ដើម្បីបន្តដឹកនាំគ្រប់គ្រងបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ពិធីនេះ ត្រូវបានធ្វើឡើងនៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានទីតាំងស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ «ចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់» ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អ្នកតំណាងរាស្ត្រ លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីអ្នកមុខអ្នកការយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ដែលទើបនឹងចូលកាន់មុខតំណែងថ្មី បានប្រមាណជិត១ខែ ក៏បានបួងសួងសុំឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ តាមជួយថែរក្សាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ឱ្យបម្រើការងារជូនរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ប្រកបដោយជោគជ័យ ប្រជាពលរដ្ឋមានមុខរបរ បង្កបង្កើនផល ទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺដ៏កាចសាហាវផ្សេងៗ។ ម្យ៉ាងវិញទៀត សូមបារមី លោកឧកញ៉ា និងជំទាវ ពិសេសបារមីរក្សាការពារ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ សូមតាមជួយថែរក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរបំពេញសកកម្ម ទៅចូលរួមកិច្ចប្រជុំថ្នាក់កំពូលលើពិភពលោក នៅប៉ែកអ៊ឺរ៉ុប សូមទទួលបានជោគជ័យ ជូនជាតិមាតុភូមិ និងពិភពលោកទាំងមូល។     

សូមបញ្ជាក់ថា ភាពល្បីល្បាញ និងពូកែស័ក្កិសិទ្ធ របស់លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បានធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋក្នុងនឹងក្រៅប្រទេស ដែលបានធ្វើដំណើរឆ្លងកាត់ខេត្តម្តងម្កាល តែងតែចូលគោរពអុជធូបបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ពីបារមីលោកឧកញ៉ា ស្ទើរតែគ្រប់ៗគ្នា ទោះបីរូបរាងកាយរបស់លោក បានផុតរលត់ក៏ដោយ។ ដូច្នេះហើយទើបបានជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំខេត្ត តែងធ្វើពិធីឡើងរោង ​ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ​មិន​ដែលអាក់​ខាន ​ដើម្បី​រំលឹក​នូវ​គំរូ​វីរភាព​ដ៏​អង់អាច ​ក្លាហាន ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ផង និងសុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​ផង៕

Ti Amo (ពស)

អត្ថបទទាក់ទង