រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ទទួលសំណើជួយអន្តរាគមន៍ ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត របស់អាជីវករផ្សារភួពុយ (Video inside)

  • 142
  • ដោយ Admin

(ពោធិ៍សាត់)៖ ក្រោយទទួលបានសំណើជួយអន្តរាគមន៍ ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត របស់អាជីវករផ្សារភួពុយនោះរួចមក, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ថ្មី អមដំណើរដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុង និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋ និងអាជីវករផ្សារភួពុយពោធិ៍សាត់ ដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈមទាំងនោះ រួមគ្នាគិត និងរួមគ្នាដោះស្រាយ ក្នុងនាមក្រុមគ្រួសារតែមួយ និងក្នុងនាមជាអ្នកពោធិ៍សាត់ដូចគ្នា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ដែលទើបនឹងចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ថ្មី បានប្រមាណ២សប្តាហ៍កន្លងមកនេះ បានលើកឡើងពីបញ្ហាប្រឈមរបស់ម្ចាស់ផ្សារ ក៏ដូចជាបញ្ហារបស់អាជីវករផ្សារភួពុយទាំងមូល គឺកើតឡើងមានដូចៗគ្នា គ្រាន់តែធំឬតូចតែប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនអាជីវករប្រើប្រាស់ពាក្យសម្តី ឬអាកប្បកិរិយាណា ដែលធ្វើឱ្យម្ចាស់ផ្សារ ទទួលយកបាន និងទន់ចិត្តទទួលយកសំណូមពររបស់ប្អូនទាំងអស់គ្នា។

ឯកឧត្តមបានបន្ថែមថា រូបឯកឧត្តម រួមនឹងលោកឧកញ៉ា ភួ ពុយ ដែលជាម្ចាស់ផ្សារ មានដើមកំណើតជាអ្នកពោធិ៍សាត់យើងដូចគ្នានោះ នឹងរកពេលវេលាសមស្របណាមួយ ដើម្បីជួបពិភាក្សា និងដោះស្រាយបញ្ហាប្រឈម ដែលជាសំណូមជាចាំបាច់របស់អាជីវករក្នុងផ្សារ ភួ ពុយ ទាំងអស់។

ជាមួយគ្នានោះ ឯកឧត្តមក៏បានជម្រុញលើកទឹកចិត្តដល់បងប្អូនអាជីវករ ចេះយោគយល់អធ្យាស្រ័យគ្នា និងចូលរួមជាម្ចាស់ផ្សារ ក្នុងការផ្តល់ភាស៊ីប្រចាំថ្ងៃ ឬប្រចាំខែ ព្រោះថាថវិកាដែលបានមកពីការទាភាស៊ីនោះ ត្រូវប្រើប្រាស់គ្រប់ជ្រុងជ្រោយ បូករួមទាំងសន្តិសុខ សុវត្ថិភាព បរិស្ថាន និងអនាម័យ...។ល។ 

សូមជម្រាបជូនថា ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត របស់អាជីវករផ្សារភួពុយ ដែលបានគោរពស្នើសុំអន្តរាគមន៍ ពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មាន៤ចំណុចធំៗរួមាន៖

ទី១-ស្នើសុំពន្យាពេលបង់ថ្លៃតូប ២ឆ្នាំទៀត ក្រោយម្ចាស់ផ្សារយោគយល់ និងអនុគ្រោះFreeថ្លៃតូប ៣ឆ្នាំមកហើយ។

ទី២-ស្នើសុំបង់ថ្លៃទ្វាតូប តាមដំណាក់កាល។

ទី៣-ស្នើសុំបង់ថ្លៃភាស៊ីប្រចាំថ្ងៃ ដោយយកកម្រៃឱ្យសមស្រប ដូចផ្សារថ្មីពោធិ៍សាត់។

ទី៤-ស្នើសុំក្រុមហ៊ុនផ្សារ បញ្ជាក់ពីតម្លៃតូបនីមួយៗ ដែលត្រូវកំណត់ប្រចាំខែ ឬប្រចាំឆ្នាំ ក្រោយពីអនុគ្រោះ៣ឆ្នាំកន្លងទៅ៕

Ti Amo (ពស)

អត្ថបទទាក់ទង