រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ កោតសរសើរចំពោះបងប្អូនប្រជាកសិករ ក្នុងឃុំកញ្ជរ ស្រុកកណ្ដៀង ដែលខិតខំបង្កបង្កើនផល ដោយការយកចិត្តទុកដាក់ខ្ពស់ ក្រោយទទួលបានស្រូវពូជ(OM5451)ពីសម្តេច

  • 162
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានកោតសរសើរ ចំពោះបងប្អូនប្រជាកសិករ ក្នុងឃុំកញ្ជរ ស្រុកកណ្ដៀង ដែលបានខិតខំបង្កបង្កើនផល ដោយការយកចិត្តទុកដាក់ខ្ពស់ ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល ដែលបានផ្ដល់ស្រូវពូជ(OM5451)ជូន។ ស្រូវពូជរបស់សម្ដេច ពិតជាមានគុណភាពល្អ សម្រាប់ធ្វើការដាំដុះស្ដារឡើងវិញ ដែលមួយហិកតាអាចនឹងទទួលបានទិន្នផល ពី០៥ទៅ០៨តោន ដើម្បីដោះស្រាយជីវភាពគ្រួសារយើង។ 

ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរបែបនេះ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវស្តារឡើងវិញ របស់ប្រជាកសិករភូមិសំរោង, ភូមិព្រែកត្របែក និងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោយពីទទួលបានស្រូវពូជ(OM5451) ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈដែលកន្លងទៅធ្លាប់បានលិចលង់ខូចខាត ដោយសារទឹកជំនន់ ។

ឯកឧត្តម ខូយ រីដា បានថ្លែងថា ការចុះមកនាពេលនេះ គឺដោយសារលោកទំនេរពីកិច្ចការងារស្នូល ដើម្បីចង់ដឹងពីសុខទុក្ខ មុខរបរ និងជីវភាពរស់នៅ ការខ្វះខាតនៅតាមមូលដ្ឋាន ពិសេសការស្ដារឡើងវិញនូវស្រូវពូជ ដែលសម្ដេចតេជោផ្ដល់ជូននេះ បានដល់កម្រិតណាហើយ។ ក្រោយការតែងតាំង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ថ្មី បានរយៈពេលជាង២សប្តាហ៍មកនេះ លោកប្តេជ្ញាដឹកនាំ គ្រប់គ្រង និងបម្រើប្រជាពលរដ្ឋ នៅទូទាំងខេត្តពោធិ៍សាត់ឱ្យអស់លទ្ធភាព ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំខ្លាំងណាស់ ក្នុងរកសេចក្ដីសុខជូនប្រជាពលរដ្ឋ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ នៅពេលប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានរកវ៉ាក់សាំងចាក់ជូន និងផ្ដល់ប័ណ្ណសមធម៌សម្រាប់អ្នកទីទ័លក្រគ្មានទីពឹង ហើយនៅពេលជួបគ្រោះទឹកជំនន់ រាជរដ្ឋាភិបាលបានចាត់កម្លាំងជួយអន្តរាគមន៍គ្រប់ទីកន្លែង ក្នុងការជួយសង្គ្រោះអាយុជីវិត ផ្ដល់ស្បៀង និងចែកស្រូវពូជដល់បងប្អូនយើង សម្រាប់ធ្វើការស្ដារឡើងវិញ។ សម្ដេចតេជោ មានបទពិសោធន៍នយោបាយចាស់ទុំ ក្នុងការដឹកនាំប្រទេសយូរអង្វែងជាងគេលើពិភពលោក ដោយសារប្រជាពលរដ្ឋគាំទ្រ និងមានជំនឿទុកចិត្តលើ តាមរយៈការបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ការអភិវឌ្ឍន៍សមិទ្ធផលពេញផ្ទៃប្រទេស និងការដឹកនាំប្រកបដោយភាពវៃឆ្លាត ដែលទទួលខុសត្រូវចំពោះជោគវាសនាប្រជាពលរដ្ឋ និងប្រទេសជាតិ។

ឯកឧត្តម ខូយ រីដា សូមឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ អប់រំកូនចៅឱ្យបានរៀនសូត្រ ព្រមទាំងត្រៀមលក្ខណៈទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ការងារបង្កបង្កើនផលស្រូវ និងការស្តារឡើងវិញ បន្ទាប់ពីទទួលបានគ្រាប់ពូជស្រូវពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រជាកសិករ ចំនួន៥,៣៣៦គ្រួសារ ស្មើនឹង១០០% បានបញ្ចប់ស្តារឡើងវិញ នៅលើផ្ទៃដី ចំនួន ៦,៦៦៧.៨៧ហិកតា ស្មើនឹង១០០% នៃផ្ទៃដីសរុបដែលត្រូវស្តារឡើងវិញ។ ចំពោះផ្ទៃដីស្តារឡើងវិញនេះ បាននឹងកំពុងអនុវត្ត នៅលើដីស្រូវរដូវប្រាំង ឆ្នាំ២០២២។

សម្រាប់ផ្ទៃដីស្តារឡើងវិញ ទូទាំងស្រុកកណ្តៀង មានចំនួន០៨ឃុំ លើផ្ទៃដីសរុប១,៦៧៤ហិកតា ស្មើនឹង១,៧៨៨គ្រួសារ ទទួលស្រូវពូជ ១៧៨តោន ៨០០គីឡូក្រាម។ ក្នុងនោះឃុំកញ្ជរ ស្រុកកណ្តៀង មានចំនួន០៣ភូមិ ស្មើនឹង៤៧៣គ្រួសារ មានផ្ទៃដីស្តារសរុប ៥៥៨ហិកតា និងទទួលបានស្រូវពូជ ៤៧តោន ៣០០គីឡូក្រាម។ ផ្ទៃដីស្តារឡើងវិញសម្រេចបាន១០០%។ បញ្ជាក់៖ ភូមិសំរោង​ បានទទួលស្រូវពូជ​ ១៣តោន ៧០០គីឡូក្រាម​ ស្មើនឹង១៣៧គ្រួសារ​ ផ្ទៃដីស្តារ១៦៤ហិកតា, ភូមិព្រែកត្របែក​ បានទទួលស្រូវពូជ​ ២១តោន ៤០០គីឡូក្រាម​ ស្មើនឹង២១៤គ្រួសារ​ ផ្ទៃដីស្តារ២៧២ហិកតា និងភូមិផ្លូវលួង​ បានទទួលស្រូវពូជ​ ១២តោន ២០០គីឡូក្រាម​ ស្មើនឹង១២២គ្រួសារ​ ផ្ទៃដីស្តារ១២២ហិកតា៕

Ti Amo (ពស)

អត្ថបទទាក់ទង