រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលថ្មីនៃខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករផ្សារថ្មីពោធិ៍សាត់

  • 152
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ថ្មី អមដំណើរដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុង និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករផ្សារថ្មីពោធិ៍សាត់ ដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈម ក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម ខូយ រីដា បានណែនាំដល់អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរក្រុង មិនត្រូវយកថ្លៃភាស៊ី លើសសៀវភៅបន្ទុក និងចេះយោគយល់អធ្យាស្រ័យ ចំពោះប្រជាពលរដ្ឋដែលមានវ័យចំណាស់ ឬក្មេងតូច ដែលដាក់លក់បន្លែបង្កា ក្តាម ខ្យង តាមកញ្ច្រែងល្អីបន្តិចបន្តួច ដោយត្រូវធ្វើយ៉ាងណាសម្រួលទីតាំងឱ្យពួកគាត់លក់ដូរបានល្អប្រសើរផងដែរ។

បន្ថែមពីនោះ អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរក្រុង ត្រូវរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ ធ្វើយ៉ាងណារក្សាការពារ សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរឱ្យបានល្អ ដើម្បីជៀសវាងការបាត់បង់នូវទ្រព្យសម្បត្តិ ឬធ្វើឱ្យមានគ្រោះថ្នាក់ដោយប្រការផ្សេងៗ។ 

ឯកឧត្តម ក៏បានលើកឡើងពីគោលបំណង នៃការគ្រោងរៀបចំកម្មវិធីជួបសំណេះសំណាល ជាមួយក្រុមគ្រួសារម៉ូតូឌុប ក្នុងក្រុងពោធិ៍សាត់ ក្នុងអាណត្តិដឹកនាំរបស់លោក ដែលទើបនឹងបានរយៈពេល១២ថ្ងៃកន្លងទៅ ដើម្បីមានឱកាសស្វែងយល់ និងប្រាស្រ័យទាក់ទងគ្នា រួមគ្នាគិត រួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសបញ្ហាសន្តិសុខសង្គមដែលកើតមានក្នុងមូលដ្ឋាន៕

Ti Amo (ពស)

អត្ថបទទាក់ទង