រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលរងខេត្តពោធិ៍សាត់ គាំទ្រដល់ក្រុមប្រឹក្សា ឃុំ-សង្កាត់ ពិសេសអាជ្ញាធរមូលដ្ឋាន សូមធ្វើការឃាត់ទុកគ្រប់គ្រឿងចក្រ និងយានយន្ត ដែលបង្កហានិភ័យដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការរស់នៅរបស់ពលរដ្ឋ

  • 186
  • ដោយ Admin

(ពោធិ៍សាត់)៖ លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត បានប្រកាសគាំទ្រដល់ក្រុមប្រឹក្សា ឃុំ-សង្កាត់ ពិសេសអាជ្ញាធរមូលដ្ឋាន ដែលរស់នៅជិត និងដឹងសុខទុក្ខដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ សូមធ្វើការឃាត់ទុកគ្រប់មធ្យោបាយដឹកជញ្ជូន រួមទាំងគ្រឿងចក្រ និងរថយន្តដឹកដី ដែលបង្កហានិភ័យ ធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ការលើកឡើងរបស់លោកអភិបាលរងខេត្តរូបនេះ បានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំ ស្តីពីការថែរក្សាការពារដីរ៉ែរបស់រដ្ឋ នៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត ដោយបានការចូលរួម ពីលោកនាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង-ស្រុកទាំង៧ និងសមាជិក សមាជិកា ក្រុមប្រឹក្សា ឃុំ សង្កាត់ទាំង៤៩ ក្នុងខេត្ត។

បន្ទាប់ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរង ក្រុង-ស្រុក និងមន្ត្រីមូលដ្ឋាន បានរាយការណ៍ពីស្ថានភាពដី និងទីតាំងដីរ៉ែ ដែលនៅសេសសល់ និងខ្លះទៀតក្រោមការគ្រប់គ្រងរបស់ប្រជាពលរដ្ឋនោះរួចមក, លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត ក៏បានលើកឡើងថា មកដល់ពេលនេះ យើងមិនទាន់មានការចងក្រង និងគ្រប់គ្រងដីឱ្យបានជាក់លាក់ណាមួយ សម្រាប់ធ្វើការអភិវឌ្ឍន៍ មូលដ្ឋានឃុំ-សង្តាត់ របស់យើងនៅឡើយ។ 

ដោយទទួលបានគោលការណ៍ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាពិសេសឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកសូមឱ្យអភិបាលក្រុង-ស្រុក ចងក្រង និងរៀបចំផែនការគ្រប់គ្រងដីរ៉ែរបស់រដ្ឋឡើងវិញជាបន្ទាន់ ដោយទុកអំឡុងពេល១ខែ ដើម្បីស្រង់ដីមិនទាន់មានម្ចាស់ និងដីមានម្ចាស់ហើយ តែមិនទាន់មានច្បាប់ ដើម្បីឈានធ្វើរបាយការណ៍គោរពឆ្លង ទៅឯកឧត្តមអភិបាលខេត្ត ធ្វើការសម្រេចការងារនេះឱ្យបានលឿន។

ជាមួយគ្នានោះ លោកសូមឱ្យចាត់វិធានការក្តៅ ចំពោះគ្រប់អាជីវករ ដឹកជញ្ជូនទាំងឡាយណា ដែលមិនគោរពសារាចរណែនាំ លេខ០៣១០.រថ.អធរ.សរច ស្តីពីវិធានការចំពោះការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ ដែលចុះហត្ថលេខា ដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥។

ក្នុងនាមរដ្ឋបាលខេត្ត លោកបានផ្តល់ឱកាសដល់ក្រុមប្រឹក្សា ឃុំ-សង្កាត់ ពិសេសអាជ្ញាធរមូលដ្ឋាន សូមធ្វើការឃាត់ទុកគ្រប់គ្រឿងចក្រ ឬរថយន្តដឹកដី ដែលបង្កហានិភ័យដល់ផ្លូវ្នល់របស់រដ្ឋ ទាំងផ្លូវលំ និងផ្លូវកៅស៊ូគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បន្ថែមពីនោះ ក្រោយកិច្ចប្រជុំ សូមរៀបចំគណៈកម្មការមួយដើម្បីអនុវត្តន៍កិច្ចការនេះឱ្យបានប្រាកដជាក់លាក់ ដោយប្រើប៉ុស្តិ៍នគរបាលរដ្ឋបាលជាអ្នកចាប់ ហើយប្រធានមន្ទីរអង្គភាពជំនាញ ត្រូវធ្វើការជាមួយពួកគាត់៕

Ti Amo (ពស)

អត្ថបទទាក់ទង