រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្នុងខែតុលា ឆ្នាំ២០២២នេះ ខេត្តពោធិ៍សាត់បង្ក្រាបបទល្មើសគ្រឿងញៀន បាន៧ករណី ឃាត់ខ្លួនជនសង្ស័យ៨នាក់ រួមនឹងវត្ថុតាងមួយចំនួន, អភិបាលរងខេត្តជម្រុញឱ្យអាជ្ញាធរ បន្តយកចិត្តទុកដាក់លុបបំបាត់ បញ្ហាគ្រឿងញៀនឱ្យបានទាំងស្រុង

  • 208
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញ បានរៀបចំកិច្ចប្រជុំលេខាធិការដ្ឋាន ត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនោះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពី លោក យ៉ែម តុលា ចៅក្រមស៊ើបសួរ តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត, ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងអស់លោក លោកស្រី ជាសមាជិក សមាជិកា នៃលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត ជាច្រើនអ្នកទៀត។ ក្នុងកិច្ចប្រជុំនោះ ក៏មានការពិនិត្យ និងកែសម្រួលសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការបង្កើតក្រុមការងារត្រួតពិនិត្យចល័ត បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ដើម្បីសុវត្ថិភាពទន្លេមេគង្គ ស្តីពីប្រតិបត្តិការត្រីកោណមាស ១៥១១/២១ តាមខ្សែបន្ទាត់ព្រំដែនខេត្តពោធិ៍សាត់ផងដែរ។

សូមជម្រាបជូនថា យោងតាមរបាយការណ៍ របស់ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា លទ្ធផលកិច្ចប្រតិបត្តិការអនុវត្តវិធានការច្បាប់ ក្នុងខែតុលា ឆ្នាំ២០២២នេះ ការងារបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន៧ករណី ឃាត់ខ្លួនជនសង្ស័យបាន៨នាក់ រួមនឹងវត្ថុតាង មេតំហ្វេតាមីន១១៥កញ្ចប់ ទម្ងន់២៧០,៥២ក្រាម, ជញ្ជីញ១គ្រឿង, ដែកកេះ៥, ម៉ូតូ១គ្រឿង, ទូរស័ព្ទ៥គ្រឿង, លុយខ្មែរ៥១,៥០០រៀល, ដាវ២, កាបូបស្ពាយ១, កាំភ្លើងស្នប់២, សម្ភារជក់ និងថង់ច្រកមួយចំនួន ធ្វើតេស្តទឹកនោនស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន និងបានបញ្ជូនទៅពន្ធនាគារ ចំនួន៨នាក់។ ជាមួយគ្នានោះ ការអនុវត្តវិធានការរដ្ឋបាល បានអប់រំមុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀន បានចំនួន៧នាក់ និងផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ចំនួន៣លើក មនុស្សចូលរួម៣៤៥នាក់។ 

ថ្លែងក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សម្រេចបានលទ្ធផលផ្លែផ្កា ប្រកបដោយឆន្ទៈមោះមុត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ហើយទទួលបានការអបអរសាទរគាំទ្រ និងមានការចូលរួមយ៉ាងក្លៀវក្លាពីប្រជាពលរដ្ឋ។

លោកបានជម្រុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់លុបបំបាត់ ឱ្យបានទាំងស្រុង នូវរាល់បទល្មើសជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន នៅតាមសហគមន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកប្រធានលេខាធិការដ្ឋាន បន្ថែមថា ដើម្បីយកឈ្នះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងខេត្តយើងបាន គឺត្រូវមានការចូលរួមពីគ្រប់អ្នកពាក់ពន្ធ័ទាំងអស់ ជាក់ស្តែងប្រជាពលរដ្ឋ ក៏ត្រូវមានភារកិច្ចចូលរួម ដោយមិនត្រូវប្រើប្រាស់គ្រឿងញៀន និងត្រូវធ្វើជាភ្នាក់ងារសម្ងាត់សហការជាមួយសមត្ថកិច្ច ដើម្បីគ្រួសារយើង ភូមិយើង ឃុំ/សង្កាត់យើង ស្រុក/ក្រុងយើង និងខេត្តយើងទាំងមូលគ្មានគ្រឿងញៀន។ ដោយឡែកសមត្ថកិច្ច ដាច់ខាតមិនត្រូវពាក់ព័ន្ធ ឬនៅពីក្រោយខ្នងបទល្មើស ហើយមិនត្រូវបន្ធូរបន្ថយ និងអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀននោះឡើយ។

ក្នុងថ្ងៃដដែលនោះ លោកប្រធានលេខាធិការដ្ឋានខេត្ត ក៏បានដឹកនាំកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្ម រង្គសាល ក្លឹបកម្សាន្ត ខារ៉ាអូខេ ផ្ទះសំណាក់ និងសណ្ឋាគារ ដើម្បីឱ្យម្ចាស់អាជីវកម្មទាំងនោះ ចូលរួមសហការបង្ក្រាប ទប់ស្កាត់ ការចរាចរណ៍ជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនក្នុងខេត្តផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង