រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តពោធិ៍សាត់

  • 207
  • ដោយ Admin

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញមកដល់ខេត្តពោធិ៍សាត់ហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅខេត្តបាត់ដំបង។

ជាមួយដំណើរអញ្ជើញដល់ខេត្តពោធិ៍សាត់ទឹកដីលោកតាឃ្លាំងមឿងមេទ័ពដ៏អស្ចារ្យរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តើមការងារជាមួយនឹងការសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយនៅថ្ងៃស្អែកសម្តេចតេជោ នឹងអញ្ជើញចែកស្រូវពូជជូនកសិកររងគ្រោះទឹកជំនន់។

របាយការណ៍របស់ឯកឧត្តម ចេង ឡៃ អភិបាលស្តីទីនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលទទួលបានកិត្តិយសជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃនេះមានចំនួនប្រមាណ ២,០២២នាក់។

តំណាងឱ្យឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តទាំងមូល ឯកឧត្តម ចេង ឡៃ បានបង្ហាញក្តីរំភើបឥតឧបមា ចំពោះវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានឆ្លៀតការងារដ៏មមាញឹកផ្តល់នូវជំនួបសំណេះសំណាល។

ឯកឧត្តម ចេង ឡៃ បានថ្លែងថា វត្តមានរបស់សម្តេចតេជោនាពេលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តពោធិ៍សាត់។

បន្ទាប់ពីថ្លែងស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងក្តីសោមនស្សរីករាយហើយនោះ ឯកឧត្តម ចេង ឡៃ ក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីទាំងមូលនូវព័ត៌មានទាក់ទងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ និងការងារផ្សេងៗនៅក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្តស្តីទី បានឱ្យដឹងថា មន្ត្រីរាជការស៊ីវិលទូទាំងខេត្តពោធិ៍សាត់ មានចំនួន ៥,៩៧៦នាក់ ស្រី ២,៥៨១នាក់។ លោក ចេង ឡៃ ក៏បានលើកឡើងផងដែរថា 
ក្នុងគោលដៅបម្រើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឱ្យបានកាន់តែល្អប្រសើរ មន្ត្រីរាជការគ្រប់ថ្នាក់ បានអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមគោលនយោបាយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសការបំពេញតួនាទី ភារកិច្ច ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ តាមរយៈយន្តការដោះស្រាយបញ្ហាប្រឈមនានា និងចូលរួមកសាងអភិវឌ្ឍន៍នៅមូលដ្ឋាន។

បន្ថែមពីលើនោះ ដើម្បីបង្កើនជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តបានបង្កបរិយាកាសឱ្យព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានសប្បាយរីករាយ តាមរយៈការរៀបចំព្រឹត្តិការណ៍ពិធីប្រណាំងទូក «ង»រយៈពេល ៣ថ្ងៃ ដែលទើបនឹងបានបញ្ចប់នាពេលថ្មីៗនេះ ដោយទទួលបានភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនារហូតដល់ប្រមាណជាង ១៧ម៉ឺននាក់។

លើការងាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លោកអភិបាលខេត្តស្តីទី បានអះអាងថា គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានខិតខំ ប្រឹងប្រែង សាមគ្គី និងសហការគ្នា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបង្កឱ្យមានភាពកក់ក្តៅក្នុងការរស់នៅ និងប្រកបមុខរបររបស់ប្រជាពលរដ្ឋ។

ក្នុងនាមរដ្ឋបាលខេត្ត ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តពោធិ៍សាត់ ឯកឧត្តម ចេង ឡៃ បានបង្ហាញនូវមោទនភាពយ៉ាងក្រៃលែងចំពោះការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងបានប្រកាសយ៉ាងឱឡារិកបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ថែរក្សាការពារ សន្តិភាព និងផ្តល់ការអភិវឌ្ឍជាតិមាតុភូមិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

បន្ទាប់ពីស្តាប់នូវរបាយការណ៍នានារបស់លោកអភិបាលខេត្តរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវអារម្មណ៍រីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តពោធិ៍សាត់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់​ក្នុងខេត្តបន្ទាយមានជ័យទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតកាលពីពេលថ្មីៗនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងនៅក្នុងខេត្ត ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់នូវទង្វើបង្កចលាចលនានាក្នុងសង្គម។

បើទោះបីជាយ៉ាងណានៅក្នុងជំនួបសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស។ ចៀសវាងដាច់ខាតការបង្កបង្កើតនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកឱ្យបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរកម្ម ប្លន់ ការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ក៏សុំបានណែនាំអាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង។

សម្ដេចតេជោ ក៏បានណែនាំអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដែលស្ថិតជាប់នឹងខេត្តរបស់ខ្លួនដូចជាប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ ជាពិសេសពង្រឹងលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសជិតខាងឱ្យបានល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកលូតលាស់ជាបន្តបន្ទាប់៕

អត្ថបទទាក់ទង