រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១០ឆ្នាំ នៅលើបូរីវប្បធម៌កោះសំពៅមាស

  • 210
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលសាលាខេត្ត នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានរៀបចំ​ពិធីគោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម​ សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វរៈរាជ្យបិតាជាតិខ្មែរ ​គម្រប់​ខួប១០ឆ្នាំ នៅបុរីវប្បធម៌កោះសំពៅមាស ដែលស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ក្រោមការដឹកនាំដោយ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

ក្រោយពីសមាជិក សមាជិកា អង្គពិធីទាំង៨ផែន បានអញ្ជើញដាក់កូរោនគោរពព្រះវិញ្ញាណក្ខន្ធ និងព្រះសង្ឃចំនួន៧​អង្គ បង្សុកូលឧទ្ទិសថ្វាយព្រះរាជកុសលផលបុណ្យនោះរួចមក និងផ្អែកតាមសាលិខិតរបស់រដ្ឋបាលខេត្ត ដោយបានបញ្ជាក់ថា​ នេះគឺជាបុណ្យ​គម្រប់​​ខួប១០ឆ្នាំ ​ដែលទូលព្រះបង្គំយើងខ្ញុំ ជាកូនចៅ ចៅទួត ក្នុងជួរក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ព្រះសង្ឃ មន្រ្តីរាជការកងកម្លាំង​ប្រដាប់អាវុធទាំង៣ ​និង​ប្រជា​​ពលរដ្ឋគ្រប់សញ្ញាតិទូទាំងខេត្តពោធិ៍សាត់ ​សូមសម្តែងនូវសមាណទុក្ខ​យ៉ាង​ក្រៀម ក្រំក្រៃ​លែង​ រកទីបំផុតគ្មាន ​ចំពោះការយាង​ទីវង្គត របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះ​មហាវីរៈ ក្សត្រ​​ព្រះវរៈរាជ្យ បិតាឯករាជ្យបូរណៈភាព​ និង​ឯករាជ្យជាតិ​ខ្មែរ កាលពីថ្ងៃទី១៥ ខែតុលា ​ឆ្នាំ​២០១២ ​នៅមន្ទីរពេទ្យ​ទីក្រុង​បេកាំង ​​​នៃសាធា​រណរដ្ឋប្រជាមានិតចិន។ ​ព្រះអង្គគឺជាព្រះមហាក្សត្រ​មួយព្រះអង្គ ប្រកបដោយទសពិតរាជធម៌ កម្ររកបានជាក្សត្រ​ មានបទ​ពិសោធន៍ជាចាស់ទុំ ក្នុង ចលនាបង្រួបបង្រួម និងផ្សះផ្សារជាតិ មហាសាមគ្គីភាពឯកភាព​ជាតិរឹងមាំ ជាអគ្គពុទ្ធសាសនូបត្ថម្ភ​ខ្មែរ និង​ជាព្រះរាជឧបត្ថម្ភបិតា នៃ ពុទ្ធសាសនិកពិភពលោក។

ការ​សោយ​ព្រះទីវង្គត​ គឺជាការបាត់បង់នូវព្រះមហាវីរៈក្សត្រដ៏ឆ្នើម​ ដែលព្រះ​អង្គបាន​បូជាព្រះកាយពលបញ្ញាញាណ​ ចំពោះជាតិមាតុភូមិ​ និង​​ប្រជាពលរដ្ឋខ្មែរ និងជា​ការបាត់បង់នូវកំពូលស្ថាបនិក​សន្តិភាព​ជាតិ ​អន្តរជាតិ ដោយព្រះអង្គជាក្សត្រ ដ៏មានប្រជាប្រិយ៍ភាពជាទីបំផុត។ នេះជាថ្ងៃចុងក្រោយត្រូវ​បែកឆ្ងាយពីព្រះ​ភក្រ្ត័ ​និងព្រះកាយ​ជារៀង​​រហូតពីព្រះអង្គ។ ទូលព្រះបង្គំយើងខ្ញុំ ជាកូន ជាចៅ ចៅទួត ​របស់​ព្រះអង្គ​ទូទាំងខេត្តពោធិ៍សាត់ សូមលើកអញ្ជលី​បូងសួង​សំបូង សំរូងដល់គុណកែវទាំងបី គឺព្រះពុទ្ធព្រះធម៌ ព្រះសង្ឃ​ និងបារមីព្រះ​មហាក្សត្រជំនាន់មុនៗ ​សូមជួយយិតយោង​ព្រះវិញ្ញាណក្ខន្ធ​សម្តេចតា សម្តេចតាទួតឱ្យបានទៅកាន់សុគតិភព ពោលគឺសួគ៍និព្វានកុំបីឃ្លៀងឃ្លាត​ឡើយ។

ទូលព្រះបង្គំ​យើងខ្ញុំ សូម​ថ្វាយព្រះរាជកុសល ដល់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី​ ព្រះមហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​និងសម្តេចមហាក្សត្រី នរោត្តម​មុនីនាថ សីហនុ ព្រះវរាជមាតាក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល សូមឱ្យព្រះអង្គទទួលបានសេចក្តីសុខចម្រើន ក្នុងព្រះរាជសម្បត្តិ មានព្រះសុខភាពជន្មាយុយឺនយូទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ព្រះពុទ្ធសាសនា និងប្រជាពលរដ្ឋខ្មែរតរៀងទៅ៕

Ti Amo (ពស)

អត្ថបទទាក់ទង