រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខបងប្អូនខ្មែរឥស្លាម និងពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងពោធិ៍សាត់

  • 261
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ហេង ទ្រី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក រុន សារី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនខ្មែរឥស្លាម និងពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចភូមិព្រៃស្តី សង្កាត់លលកស រហូតដល់ចំណុចភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោក រុន សារី អភិបាលរងនៃគណៈអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែលអាចបណ្តាលឱ្យបាត់បង់អាយុជីវិត ជាមួយគ្នានោះត្រូវចេះបង្ការ និងការពារសត្វល្អិតទិច ឬខាំ។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា នៅក្នុងខេត្តពោធិ៍សាត់ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ កំពស់ទឹកបានកើនឡើងក្នុងកម្រិតមួយ ដែលត្រូវប្រកាសអាសន្ន គឺកម្រិតកំពស់ ៥,០០ម៉ែត្រ និងកម្រិតកំពស់នាបច្ចុប្បន្នគឺ៥,៣២ម៉ែត្រ។

ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹង ដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបថា បន្ទាប់ពីបានធ្វើការសង្កេតតាមដាន លើស្ថានភាពអាកាសធាតុរួចមកឃើញថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអាតៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកំរិតខ្ពស់ មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កឱ្យមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។

មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹងដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕

Ti Amo (ពស)

អត្ថបទទាក់ទង