រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អាជ្ញាធរខេត្តពោធិ៍សាត់អះអាងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នឹងឆាប់ស្រកចុះវិញ មិនមានហានិភ័យធ្វើឱ្យលិចលង់ធ្ងន់ធ្ងរនោះឡើយ

  • 262
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអះអាងថា ស្ថានភាពជំនន់ទឹកស្ទឹងពោធិ៍សាត់ នឹងឆាប់ស្រកចុះវិញក្នុងពេលដ៏ខ្លីខាងមុខ ហើយក៏មិនមានហានិភ័យណាមួយ ដែលធ្វើឱ្យលិចលង់ធ្ងន់ធ្ងរ ដល់ក្រុងពោធិ៍សាត់ និងបណ្តាស្រុកមួយចំនួននោះឡើយ។

ឯកឧត្តម បានអះអាងបែបនេះ ក្នុងឱកាសដឹកនាំអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងកើនឡើងយ៉ាងគំហុក និងស្រកចុះយ៉ាងឆាប់រហ័ស ក្នុងក្រុងពោធិ៍សាត់ ចាប់ពីចំណុចមុខសាលាខេត្តពោធិ៍សាត់ រហូតដល់ចំណុចស្ពានកោះសំពៅមាស។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានត្រៀមកម្លាំងប្រចាំការ ជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព បានទាន់ពេលវេលា ទោះបីមិនទាន់ស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ។

បើតាម លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងថា តាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងយោងតាមស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួល ដោយសារឥទ្ធិពលព្យុះទី១៦ ឈ្មោះណូរុ «NORU» មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ និយាយជារួមនឹងនិយាយដោយឡែក ខេត្តពោធិ៍សាត់ក៏មានភ្លៀងធ្លាក់ ពីតិចទៅបង្គួរផងដែរ។ ចំពោះអាកាសធាតុបែបនេះ យើងឃើញថាស្ថានភាពទឹកនៅស្ទឹងពោធិ៍សាត់ ដែលទទួលរងមកពីតំបន់ជួរភ្នំក្រវាញ ទឹកគឺមានការកើនឡើង តែក៏បានស្រកចុះវិញជាបណ្តើរៗ ពោលគឺពុំមានហានិភ័យធ្ងន់ធ្ងរនោះឡើយ។

ប្រភពបានបន្តថា ប្រសិនបើតំបន់ប្រជុំភ្នំឱរ៉ាល់ និងភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់បន្តទៀតនោះទេ ទឹកស្ទឹងពោធិ៍សាត់នឹងមានការស្រកចុះ តែប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ ពីប៉ែកខាងលើ នៃស្ទឹងប្រម៉ោយ ស្ទឹងអារ៉ែង និងស្ទឹងព្រៃខ្លុង មូលដ្ឋានមួយចំនួននៃស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ ពិសេសស្រុកកណ្ដៀងទាំងមូល និងប្រឈមបញ្ហាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ព្រោះលំហូរទឹកស្ទឹងកណ្ដៀងនាពេលបច្ចុប្បន្ននេះ និងកំណើនទឹកទន្លេសាប ដែលមានការកើនឡើងយ៉ាងគំហុក ធ្វើឱ្យទឹកស្ទឹងហូរចូលទន្លេមានភាពយឺតយ៉ាវ។

សូមជម្រាបជូនថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង៧ និង០០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ទឹកមានកម្ពស់ ៤.៥៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ២.៤៣ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ១.៥០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)៕

Ti Amo (ពស)

អត្ថបទទាក់ទង