រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ មក​ចែកជូនប្រជាពលរដ្ឋដែលរងការប៉ះពាល់ ដោយជំនន់ទឹកភ្លៀង នៅឃុំឈើតុំ ស្រុកក្រគរ ចំនួន៤៤២គ្រួសារបន្ថែមទៀត

  • 287
  • ដោយ Admin

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋងាយរងការប៉ះពាល់ ដោយជំនន់ទឹកភ្លៀងនាពេលថ្មីៗ នៅក្នុងឃុំឈើតុំ ស្រុកក្រគរ ចំនួន៤៤២គ្រួសារបន្ថែមទៀត ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឆ្លើយតបដោយបាននាំយកអំណោយមនុស្សធម៌ ទៅចែកជូន ដើម្បីជួយសម្រួលដល់ជីវភាព នាថ្ងៃទី២៣ ​ខែកញ្ញា ឆ្នាំ២០២២ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេសតូច និងទឹកត្រី១យួរ។

ពិធីនេះត្រូវបានធ្វើឡើង នៅវត្តបំណក់ ក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។ 

លោក គឺ គឹមណូ អភិបាលរង តំណាងលោក លីវ សេងហ៊ីម ប្រធានកិត្តិយ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រគរ បានជម្រាបជូនថា ស្ថានភាពជំនន់ទឹកភ្លៀង ដែលបានគ្របដណ្តប់ក្នុងឃុំឈើតុំ ស្រុកក្រគរ មានប្រភពមកពីភ្នំឱរ៉ាល់ មានក្បាលស្ទឹងសំខាន់ៗដែលហូរចូលក្នុងស្ទឹងបំណក់ ខួបប្រាំងខូបវស្សា ដូចជាក្បាលស្ទឹងភ្នំច្រកល្អៀង ភ្នំច្រកកកោស ភ្នំអ្នកតាដា ភ្នំអ្នកតាសាឡាំង និងស្ទឹងប្រាំបត់។ ដោយសារស្ទឹងបំណក់ទទួលប្រភពទឹកទាំងនេះ ទើបនៅថ្ងៃទី២០ ខែកញ្ញា មានភ្លៀងធ្លាក់ខ្លាំង ទើបធ្វើឱ្យភូមិសាស្ត្រឃុំឈើតុំ ទឹកឡើងយ៉ាងគំហុក ធ្វើឱ្យប៉ះពាល់ភូមិចំនួន៧ ក្នុងចំណោម១២ភូមិ ក្នុងនោះភូមិចំនួន៥ និងមានប្រជាពលរដ្ឋចំនួន១១៧៤គ្រួសារ ដែលទទួលរងធ្ងន់ធ្ងរ។ ជំនន់នេះបណ្តាលឱ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចរួមមានផ្លូវគ្រួសក្រហម១០ខ្សែ ផ្លូវដីស៣ខ្សែ លូកាត់ផ្លូវ១កន្លែង ស្រុតតូបលក់ដូរក្នុងផ្សាបំណក់៧ បាក់របងសាលាបឋមសិក្សាអស់ប្រវែង៦៤ម៉ែត្រ ជាសំណាងល្អដោយសារពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។  

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានពាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត ដែលជានិច្ចកាល ឯកឧត្តមតែងតែនឹករលឹក​ និងគិតគូអំពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនិងគ្រោះថ្នាក់ដោយប្រការផ្សេងៗ។ លោកជំទាវបានលើកឡើងថា នាពេលបច្ចុប្បន្ននេះស្ថានភាពធម្មជាតិនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចនៅក្នុងខេត្តពោធិ៍សាត់ ឃើញថាមានសភាពប្រែប្រួល ទៅតាមពេលវេលា ដូចជាភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតមាននៅគ្រប់ទីកន្លែង បង្កការលិចលង់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានរបស់ប្រជាពលរដ្ឋយើង ដូចជានៅក្នុងឃុំឈើតុំជាសក្ខីភាពស្រាប់ ។

លោកជំទាវបានថ្លែងជម្រាបជូនថា ការផ្តល់ជូនអំណោយមនុស្សធម៌នាពេលនេះ ក៏ដូចនាពេលកន្លងមក គឺអនុវត្តទៅតាមគោលការណ៍ និងអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលឱ្យសាខាកាកបាទក្រហមកម្ពុជា គ្រប់រាជធានីខេត្ត ផ្តោតការយកចិត្តទុកដាក់ និងផ្តល់អាទិភាព ចំពោះប្រជា​ពលរដ្ឋរងគ្រោះ ធ្ងន់ធ្ងរជាងគេជាមុន ហើយក៏មិនភ្លេច ពីការលំបាកខ្វះខាត របស់បងប្អូន ដែលរងការប៉ះពាល់ ដោយកត្តាផ្សេងៗនោះដែរ។ ដូចជាពេលនេះបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងឃុំឈើតុំ​ ស្រុកក្រគរ ចំនួន៤៤២គ្រួសារ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានយកអំណោយមនុស្សធម៌ចែកជូនជាបន្ទាន់ ដោយមិនបានប្រកាន់ ឬរើសអើង ពីនិន្នាការ នយោបាយ បក្ខពួក​ ជាតិសាសន៍ វណ្ណៈ ព័ណ៌សម្បុរអ្វីឡើយ ឱ្យតែប្រជាពលរដ្ឋរងគ្រោះ សុទ្ធតែទទួលបាន នូវការឧបត្ថម្ភ​ ពីកាកបាទ​ក្រហម​កម្ពុជា និងពីសាខាអនុសាខា​ស្មើៗគ្នា គ្រប់ក្រុមគ្រួសារ។ 

តាមរយៈនេះលោកជំទាវក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន អំពីហានិភ័យ នៃគ្រោះមហន្តរាយ ដែលតែងតែកើតមានគ្រប់ពេលវេលា និងចូលរួមថែរក្សាអនាម័យលំនៅឋាន ត្រូវសំអាតឱ្យបានស្អាតក្រោយពីទឹកស្រក និងយកចិត្តទុកដាក់ អំពីបញ្ហាសុខភាព ធ្វើយ៉ាងណា ចេះរស់នៅស្អាត ហូបស្អាត ផឹកស្អាត មាន​អនាម័យល្អត្រឹមត្រូវ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ ​ពិសេសនារដូវបុណ្យភ្ជុំបិណ្ឌនិងសូមឱ្យសង្គមគ្រួសារមាន​ភាពរុងរឿងក្រោមម្លប់សន្តិភាព៕

Ti Amo (ពស)

អត្ថបទទាក់ទង