រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អាជ្ញាធរខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យស្ថានភាពទឹក និងនាំយកអំណោយចែកជូន ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងឃុំឈើតុំ ស្រុកក្រគរ

  • 207
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យស្ថានភាពទឹក និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៧ភូមិ លើ១២ភូមិ រួមមាន ភូមិកប៉ាសលើ ភូមិកប៉ាស ភូមិបំណក់ ភូមិទួលត្បែង ភូមិដង្កៀបក្តាម រងផលប៉ះពាល់ធ្ងន់ធ្ងរ និងភូមិចាមថ្មី ភូមិកណ្តាល រងផលប៉ះពាល់កម្រិតស្រាល ដែលខណៈនេះទឹកបានមានសភាពធូរស្រាលហើយ។

នៅក្នុងជំនួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ជំហាន១ ចំនួន៣៨០គ្រួសារ នារសៀលនេះ ឯកឧត្តម ជាវ តាយ បានជម្រាបជូនថា ដោយផ្ដើមចេញពីក្ដីកង្វល់ និងមានការជំរុញយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅពេលដែលជួបគ្រោះមហន្តរាយ ក៏ដូចបញ្ហាផ្សេងៗនោះ ក្នុងនាមគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត ឯកឧត្តមបានសម្ដែងការចូលរួម នូវទុក្ខលំបាកជាមួយប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងនាពេលនេះ។

ឯកឧត្តម បានបន្ថែមថា បញ្ហាគ្រោះមហន្តរាយ គឺមិនអាចកំណត់បានឡើយ កត្តាសំខាន់ គឺរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមតាមរយៈយន្តការ ឬវិធានការណ៍នានា ដើម្បីបង្ការទប់ស្កាត់ និងដោះស្រាយសង្គ្រោះអាយុជីវិតមនុស្ស ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានរួមសហការគ្នា ត្រៀមបង្ការជួយសង្គ្រោះប្រជាពលរដ្ឋ ព្រមទាំងបានផ្ដាំផ្ញើឱ្យយកចិត្តទុកដាក់ខ្ពស់ តាមដានក្នុងគោលដៅប្រឈមនានា បើមានបញ្ហាប្រឈមសូមប្រញាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព និងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ដើម្បីជួយអន្តរាគមន៍សង្គ្រោះ មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ ស្លាប់ដោយគ្រោះទឹកជំនន់ឡើយ។

ទន្ទឹមនឹងនោះប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាអនាម័យ ដោយត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាពិសេសត្រូវយកចិត្តទុកដាក់ ប្រុងប្រយ័ត្នចំពោះកូនចៅ ដើម្បីបង្ការគ្រោះថ្នាក់ដោយយថាហេតុ ដែលបណ្ដាលមកពីការធ្វេសប្រហែស។ 

ឆ្លៀងក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បាននាំយកអំណោយ រួមមានអង្គរ មី និងទឹកត្រី ទឹកស៊ីអ៉ីវ មកចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ជំហាន១ នៅបរិវេណវត្តបំណក់ ចំនួន៣៨០គ្រួសារ ដើម្បីជួយសម្រាកការលំបាក ក្នុងដំណាក់កាលបន្ទាន់។ ដោយឡែកនៅថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ ក្រុមការងារកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងបន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ឱ្យបានគ្រប់ចំនួន១១៧៤គ្រួសារផងដែរ។

សូមជម្រាបជូនថា កាលពីវេលាម៉ោង ៩ និង០០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ នៅឃុំឈើតុំ មានហេតុការណ៍ជំនន់ទឹកភ្លៀង បានកើតឡើងដោយសារភ្លៀងជោគជាំនៅតំបន់ជួរភ្នំឱរ៉ាល់ និងក្នុងតំបន់ភូមិសាស្ត្រឃុំ មួយយប់មួយថ្ងៃ ជាហេតុធ្វើឱ្យទឹកស្ទឹងបំណក់ឡើងយ៉ាងគំហុកជាងឆ្នាំមុនៗ បណ្តាលឱ្យលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន៧ភូមិ លើ១២ភូមិ រួមមាន ភូមិកប៉ាសលើ ភូមិកប៉ាស ភូមិបំណក់ ភូមិទួលត្បែង ភូមិដង្កៀបក្តាម រងផលប៉ះពាល់ធ្ងន់ធ្ងរ និងភូមិចាមថ្មី ភូមិកណ្តាល រងផលប៉ះពាល់កម្រិតស្រាល និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានាមួយចំនួនផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង