រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ម៉ក់ រ៉ា និងឯកឧត្តម ចេងឡៃ បើកកិច្ចប្រជុំសាមញ្ញាលើកទី៣ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់, ដោយពិភាក្សា និងអនុម័តលើរបៀបវារៈ ចំនួន៥

  • 188
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ, ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។

កិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួន៥ រួមមាន៖ 

១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ប្រចាំខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

៣-ពិនិត្យ និងអនុម័ត គម្រោងថវិកាខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣

៤-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត 

និង៥-បញ្ហាផ្សេងៗ។

អង្គប្រជុំបានលើកឡើង នូវបញ្ហាប្រឈមមួយចំនួន ដើម្បីរួមគ្នាធ្វើការដោះស្រាយ ដូចជា៖ អគារសិក្សាចាស់ទ្រុឌទ្រោម បារម្ភខ្លាចបាក់ធ្លាក់ បង្កគ្រោះថ្នាក់ដល់សិស្សានុសិស្សដែលកំពុងអង្គុយរៀនសូត្រ, ការឧបត្ថម្ភថវិកាដល់គ្រូសហគមន៍ នៅមានកម្រិតទាបដដែល, ផ្លូវសំខាន់ៗក្នុងទីប្រជុំជនខេត្ត គួរតែមានគំនូសសញ្ញាចរាចរណ៍ ដើម្បីងាយស្រួលដល់អ្នកបើកបរ, ការបើកស្ថានីយ៍ប្រេងឥន្ទនៈក្នុងទីប្រជុំជនខេត្ត បង្កហានិភ័យពេលមានគ្រោះអគ្គីភ័យកើតឡើង និងសារៈមន្ទីរខេត្តពោធិ៍សាត់សព្វថ្ងៃ ទុកចោលហាក់បីដូចជាគ្មានចំណាប់អារម្មណ៍អ្វីពីភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ និងអ្នកធ្វើដំណើរឆ្លងកាត់ទាល់តែសោះ។ 

ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយន្តការដឹកនាំ របស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ដែលធ្វើឱ្យខេត្តពោធិ៍សាត់មានការអភិវឌ្ឍន៍ ប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។ ឯកឧត្តមសូមឱ្យមន្ទីរអប់រំយុវជន និងកីឡា ចុះពិនិត្យអគារសិក្សា ដែលមានសភាពចាស់ទ្រុឌទ្រោម រាយការណ៍ទៅក្រសួង ឬអង្គការដៃគូនានា ដើម្បីជួយសាងសង់ ហើយជួយឧត្ថម្ភដល់គ្រូសហគមន៍ យ៉ាងហោចណាស់ឱ្យបាន៣០ម៉ឺនរៀលក្នុងមួយខែផងដែរ។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវរៀបចំសារៈមន្ទីរឱ្យបានល្អស្អាតឡើងវិញ ដោយមានការលាបថ្នាំ តុបតែងភ្លើងព័ណ៌ មានការតាំងពិព័ណ៌រូបចម្លាក់ រូបថតថ្នាក់ដឹកនាំតាមសម័យកាល ឯកសារផ្សេងៗ និងការបង្ហាត់បង្រៀនសិល្បះជាដើម។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត សូមឱ្យអភិបាលនៃគណៈអភិបាលខេត្ត ជួយជម្រុញការសាងសង់អគារក្រុមប្រឹក្សាខេត្ត និងបំពាក់គ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់ឱ្យបានឆាប់រហ័ស ដើម្បីឱ្យសមាជិកក្រុមប្រឹក្សាខេត្ត មានកន្លែងធ្វើការត្រឹមត្រូវ ដូចបណ្ដាខេត្តផ្សេងៗផងដែរ៕

អត្ថបទទាក់ទង