រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រជុំពិភាក្សាស្តីពីការកែតម្រូវ និងធ្វើមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដើម្បីជួយសម្រួលប្រជាពលរដ្ឋ ទទួលបបានសេវាកាន់តែងាយស្រួល និងទូលំទូលាយ

  • 223
  • ដោយ Admin

(ពោធិ៍សាត់)៖ លោកស្រី ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម​ តេង រតនា ប្រធានសាលាដំបូងខេត្ត និងឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំជាន់ទី១ សាលាខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលេខ០៤៥ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបន្តដំណើរការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន ដោយមានការចូលរួមពីនាយក នាយករងសាលាខេត្ត អង្គភាពស្នងការនគរបាលខេត្ត និងមន្ត្រីរដ្ឋបាលស្រុក ក្រុង ដែលមានការពាក់ព័ន្ធ។

លោកស្រី ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ដោយអនុវត្តតាមសេចក្តីណែនាំលេខ០៤៥ ស.ណ.ន ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩របស់ក្រសួងមហាផ្ទៃ ស្តីពីការបន្តដំណើរការកែតម្រូវ និងធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាននោះ ទើបមានកិច្ចប្រជុំពិភាក្សានេះឡើង ក្នុងគោលបំណងឱ្យមន្ត្រីរដ្ឋបាលថ្នាក់ខេត្ត ស្រុក ក្រុង ទទួលបានការយល់ដឹងអំពីដំណើរការនិងនីតិវិធី នៃការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន ដើម្បីជួយសម្រួលប្រជាពលរដ្ឋទទួលបបានសេវាកាន់តែងាយស្រួល និងទូលំទូលាយ។ កន្លងមកក្រសួងមហាផ្ទៃបានខិតខំប្រឹងប្រែង និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដូចនេះបានដាក់ចេញសេចក្តីណែនាំថ្មីនេះឡើង តម្រូវឱ្យរដ្ឋបាលស្រុក ក្រុង ខណ្ឌ និងនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មក្រសួងមហាផ្ទៃអនុវត្តន៍ ដែលមាន៣ចំណុចសំខាន់គឺ ទី១-អំពីទិន្នន័យដែលអាចកែតម្រូវបាន ទី២-អំពីសមត្ថកិច្ច និងទី៣-អំពីនីតិវិធីការកែតម្រូវ។ 

លោកស្រីបានកត់សម្គាល់ឃើញថា ជាទូទៅទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ត្រូវបានមន្ត្រីអត្រានុកូលដ្ឋាន ឬសាម៉ីខ្លួន បានសរសេរខុស ឬភាន់ច្រឡំច្រើនដូចជា៖ ខុសឆ្គងអក្ខរាវិរុទ្ធ នាមខ្លួន ឪពុក ម្តាយ សូរសម្លេងដូចគ្នា សរសេរខុសគ្នា ខុសភេទ ភាន់ច្រឡំ លើថ្ងៃខែឆ្នាំកំណើត សុរិយគតិ និងចន្ទគតិ ខុសភូមិសាស្ត្ររដ្ឋបាលជាដើម។ ដូចនេះក្នុងឆ្នាំកំពុងអនុវត្តការកែតម្រូវទិន្នន័យ និងធ្វើមោឃភាព បញ្ជីអត្រានុកូលដ្ឋាន ជាសមត្ថកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ក្នុងឆ្នាំកន្លងផុត ជាសមត្ថកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ និងករណីមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិមិនអាចសម្រេចកែតម្រូវបាននោះ ត្រូវជូនទៅតុលាការជាសមត្ថកិច្ច។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម តេង រតនា ប្រធានសាលាដំបូងខេត្ត ក៏មានប្រសាសន៍លើកឡើងអំពីសារៈសំខាន់មួយចំនួន ពាក់ព័ន្ធទៅនឹងនីតិវិធី នៃការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ទូលំទូលាយ និងមិនចំពេលវេលាច្រើន។ ដើម្បីឱ្យកិច្ចការនេះមានភាពងាយស្រួល ទទួលបាននូវភាពកក់ក្តៅ និងមានទំនុកទុកចិត្តនោះ សូមមន្ត្រីទទួលបន្ទុកអត្រានុកូលដ្ឋាន តាំងពីថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ត្រូវតែយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ច ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព ឱ្យស្របទៅតាមសេចក្តីណែនាំលេខ០៤៥ របស់ក្រសួងមហាផ្ទៃ៕

អត្ថបទទាក់ទង