រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែតុលាខាងមុខ

  • 281
  • ដោយ Admin

(ពោធិ៍សាត់)៖ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តពោធិ៍សាត់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ឆាប់ៗខាងមុខ។

ក្នុងសេចក្តីជូនដំណឹងនោះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្នុងខេត្តពោធិ៍សាត់។

ព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលគ្រោងរៀបចំនេះ មានកម្មវិធីជាអាទិ៍ ពិធីប្រណាំងទូក ពិធីបណ្តែតប្រទីប ពិធីអកអំបុក និងសំពះព្រះខែ ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់ តាំងពីបុរាណកាល ព្រមទាំងមានពិធីមួយចំនួនទៀតដូចជា៖ «ពិព័រណ៍សមិទ្ធផលភូមិមួយផលិតផលមួយ របស់បណ្តាក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ផ្ទាំងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រីសម័យ និងការដុតកាំជ្រួចនាពេលរាត្រី រយៈពេល៣ថ្ងៃពេញ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមកំសាន្តសប្បាយរីករាយឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពី បុរាណកាលមក កិត្យានុភាពជាតិ និងសក្តានុពលនៃខេត្តពោធិ៍សាត់៕

Ti Amo (ពស)

អត្ថបទទាក់ទង