រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម កែវ រតនៈ នាំយកថវិកាជាង៣០ម៉ឺនដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីចូលរួមអបអរសាទរ ខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

  • 163
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយសសាខា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ បាននាំយកថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម និងថវិការបស់សប្បុរសជន ទាំងក្រុង និងក្រៅប្រទេស សរុបប្រមាណ៣០៥,០០០ដុល្លារអាមេរិក ទៅប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធនសហគមន៍»។

ពិធីប្រគល់ និងទទួលថវិកាខាងលើ ត្រូវបានធ្វើឡើង នៅស្នាក់ការសាខាខេត្ត ដោយបានការចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា ព្រមទាំងគណៈកិត្តិយស សមាជិក សមាជិកា សាខាកាកបាទក្រហមខេត្ត ជាច្រើននាក់ទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម  កែវ រតនៈ ប្រធានកិត្តិយសសាខា បានសម្តែងនូវការកោតសរសើរ ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា និងថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំបំពេញតួនាទី លើការងារមនុស្សធម៌ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទទួលបានជោគជ័យ ហើយបានធ្វើការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ និងគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា និងជួយគាំទ្រដល់សកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់បន្តទៀត ជាពិសេសក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។

ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងសហការី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម កែវ រតនៈ និងលោកជំទាវ ព្រមទាំងតំណាងក្រុមហ៊ុន និងសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជួយទ្រទ្រង់ និងអបអរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២។

ឯកឧត្តមបានបន្ថែមថា ជារៀងរាល់ឆ្នាំយើងបានរៀបចំពិធី ដើម្បីអបអរ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម តែក្នុងកាលៈទេសៈ នៃការរីករាលដាលជំងឺកូវីដ១៩ យើងបានផ្អាកជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។ តែទោះជាយ៉ាងណាក្តីឯកឧត្តម កែវ រតនៈ និងលោកជំទាវ ព្រមទាំងសហការី បានបន្តចូលរួមចំណែកយ៉ាងសកម្ម ដល់សកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជាក់ស្តែងសម្រាប់ឆ្នាំនេះផ្ទាល់ ឯកឧត្តមបានខិតខំ និងស្វែងរកធនធាន ពីបណ្តាក្រុមហ៊ុន និងសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលទទួលបានថវិកា សរុបប្រមាណ៣០៥,០០០ដុល្លារអាមេរិក សម្រាប់ជួយដល់សាខាកាកបាទក្រហមខេត្ត សបញ្ចាក់ឱ្យឃើញអំពីទឹកចិត្ត និងស្មារតីមនុស្សធម៌ពិតប្រាកដ។ ឯកឧត្តមបានសន្យាថា នឹងប្រើប្រាស់ថវិកាទាំងអស់នេះ ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ និងបានប្រគល់ជូនប័ណ្ណថ្លែងអំណរគុណជូនដល់ ឯកឧត្តម កែវ រតនៈ នាពេលនោះផងដែរ។

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ថវិកា ៨ ឧសភា ឆ្នាំ២០២២ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ប្រមូលបាន គឺសរុបចំនួន៤០៧,៦៤៦.២៥ដុល្លារអាមេរិក ដើម្បីឱ្យសាខា មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ និងដោះស្រាយបញ្ហាប្រឈមនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗឱ្យបានទាន់ពេលវេលា ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕

Ti Amo (ពស)

អត្ថបទទាក់ទង