រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីចំណូលថវិកា ខួបលើកទី១៥៩ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា, ខណៈឆ្នាំ២០២២នេះ ប្រភពចំណូលមានចំនួន ជាង៤០ម៉ឺនដុល្លារ

  • 148
  • ដោយ Admin

(ពោធិ៍សាត់) ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារចំណូលថវិកា ខួបលើកទី១៥៩ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នៅសាលប្រជុំសាខា ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការ និងក្រុមមន្ត្រីប្រតិបត្តិសាខា ចំនួន១៨នាក់។ 

ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានលើកឡើងថា ក្នុងឱកាសអបអរសាទរ ខួបលើកទី១៥៩ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ដោយឆ្នាំនេះ ស្ថិតក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធនសហគមន៍» ឃើញថាគិតមកដល់ដំណាច់ខែសីហា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ទទួលបានចំណូលថវិកាសរុបចំនួន៤០៧,៦៤៦.២៥ដុល្លារ ក្នុងនោះលុយខ្មែរ ចំនួន១១០,១៨៥,០០០រៀល និងអាមេរិក ចំនួន៣៣០,១០០ដុល្លារ។ ថវិកាទាំងនេះ គឺបានមកពីការចូលរួមជួយឧបត្ថម្ភគាំទ្រ ពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ រួមជាមួយឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធទាំង៣ អាជីវករ ពាណិជ្ជករ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

ក្នុងនាមប្រធានគណៈកម្មាធិការសាខា ឯកឧត្តមបានធ្វើការណែនាំ និងក្រើនរំលឹក ដល់សមាជិក សមាជិកា និងក្រុមប្រតិបត្តិសាខា គប្បីយកចិត្តទុកដាក់ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ គ្រប់គ្រងថវិកា សម្ភារៈ ចំណូល ចំណាយ នៅក្នុងសាខា ឱ្យបានត្រឹមត្រូវច្បាស់លាស់។ ជាមួយគ្នានោះ ត្រូវត្រៀមបង្ការជួយអន្តរាគមន៍ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដល់ជនងាយរងគ្រោះ ដោយគ្រោះធម្មជាតិ ដែលតែងតែកើតមានជាបន្តបន្ទាប់។ នឹងត្រូវយកចិត្តទុកដាក់ ចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបង្កើនការយល់ដឹង អំពីជំងឺឆ្លង ករណីគ្រោះថ្នាក់ចរាចរណ៍ លើកកម្ពស់សមត្ថភាពមន្ត្រី និងយុវជនស្ម័គ្រចិត្ត នៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ ដើម្បីក្លាយជាប្រតិបត្តិករមិនអាចខ្វះបាន ក្នុងការបំពេញការងារមនុស្សធម៌។ 

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រតិបត្តិ និងអនុសាខា ស្រុក ក្រុង ដែលបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម លើវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដោះស្រាយបញ្ហាប្រឈមនានា ជូនដល់ជនរងគ្រោះ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានទាន់ពេលវេលា មានប្រសិទ្ធិភាព និងតម្លាភាព៕

Ti Amo (ពស)

អត្ថបទទាក់ទង