រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលខេត្តពោធិ៍សាត់ ត្រៀមរៀបព្រឹត្តិការណ៍អុំទូកថ្នាក់ខេត្តឡើងវិញ ក្រោយខកខានរយៈពេល២ឆ្នាំកន្លងទៅ ដោយសារការរីករាលដាលជំងឺកូវីដ១៩

  • 285
  • ដោយ Admin

(ពោធិ៍សាត់)៖ ព្រឹត្តិការណ៍អុំទូកថ្នាក់ខេត្ត ត្រូវបានរដ្ឋបាលខេត្តពោធិ៍សាត់ត្រៀមរៀបចំឡើងវិញ ក្រោយខកខានរយៈពេល២ឆ្នាំកន្លងទៅ ដោយសារការរីករាលដាលជំងឺកូវីដ១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ខាងមុខ។

ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ប្រចាំខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់មន្ទីរអង្គភាព ត្រូវសហការត្រៀមទូកងរៀងៗខ្លួន ដើម្បីចូលរួមប្រណាំង បង្កភាពសប្បាយរីករាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីបនាពេលខាងមុខនេះ។

ក្នុងកិច្ចប្រជុំនោះដែរ មានរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន៖ 

១-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ប្រចាំខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

២-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

៣-ពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ រៀបចំព្រឹត្តិការណ៍ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

មានប្រសាសន៍ដឹកនាំកិច្ចប្រជុំ លោក ចេង ឡៃ អភិបាលខេត្តស្ដីទី បានថ្លែងកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាព គណៈបញ្ជាការឯកភាពខេត្ត ក្រុង/ស្រុក ដែលបានខិតខំបំពេញការងារតាមអង្គភាពរៀងៗខ្លួន សម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការងារបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ការបង្ក្រាបករណីចោរកម្ម ជួញដូរគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសផ្សេងៗទៀត។ ក្នុងនាមរដ្ឋបាលខេត្ត លោកបានណែនាំដល់គណៈបញ្ជាការឯកភាពក្រុង/ស្រុកទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បន្ដការពារជំងឺកូវីដ១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមថែរក្សាបរិស្ថាន និងសម្បត្តិធនធានធម្មជាតិ ដែលជាសក្ដានុពលទេសចរណ៍ក្នុងខេត្តរបស់យើង។ 

លោក ចេង ឡៃ បានថ្លែងទៀតថា បុរីវប្បធម៌កោះសំពៅមាស ជាបេះដូងនៃខេត្តពោធិ៍សាត់ ដែលកសាងឡើងដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវ ជា ខេង ដូច្នេះហើយមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ និងមន្ទីរទេសចរណ៍ ត្រូវសហការគ្នា ក្នុងការថែរក្សាបរិស្ថានឱ្យបានស្អាតជានិច្ច ដើម្បីភ្ញៀវទេសចរមកលេងកំសាន្ដ និងការដើរហាត់ប្រាណរបស់ប្រជាពលរដ្ឋ។ លោកបានណែនាំ តាមមន្ទីរអង្គភាពត្រូវត្រៀមទូកងរៀងៗខ្លួន ដើម្បីចូលរួមប្រណាំងបង្កភាពសប្បាយរីករាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីបនាពេលខាងមុខនេះ។ ជាមួយគ្នានេះ​គណៈបញ្ជាការឯកភាពក្រុងស្រុកទាំងអស់ ក៏ត្រូវត្រៀមលក្ខណៈជាមុនដើម្បីទប់ទល់ជាមួយគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំផងដែរ៕ 

Ti Amo (ពស)

អត្ថបទទាក់ទង