រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា(SOP) តាមគន្លងប្រក្រតីភាពថ្មី នៅខេត្តពោធិ៍សាត់

  • 298
  • ដោយ Admin

(ពោធិ៍សាត់)៖ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ នាយកដ្ឋានផែនការ នៃក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលសាលាខត្តពោធិ៍សាត់ និងមន្ទីរទេសចរណ៍ខេត្ត បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា(SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ក្នុងខេត្ត ព្រមទាំងបើកវគ្គបណ្តុះបណ្តាល ស្តីពីបដិសណ្ឋារកិច្ច និងម្ហូបអាហារ។

សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះ បានការឧបត្ថម្ភគាំទ្រ ពីសំណាក់អង្គការUNIDO ក្នុងគម្រោង «ស្តារឡើងវិញសហគ្រាស ក្នុងវិស័យកសិ-អាហារ និងទេសចរណ៍(AFTER)» និងមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង និងម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន សរុបចំនួន៤២នាក់ ស្រី២២នាក់។

វគ្គបណ្តុះបណ្តាលផ្តោតលើចំណេះដឹង និងជំនាញរួមមាន៖ (១) ការងាររបស់ខ្ញុំក្នុងផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (២) ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច (៣) ប្រណីតភាពសេវាកម្ម (៤) សម្ភារបរិក្ខារនៅក្នុងភោជនីយដ្ឋាន (៥) ចំណេះដឹងលើបញ្ជីមុខម្ហូប (៦) ចំណេះដឹងលើភេសជ្ជៈ (៧) ជំនាញលក់ (៨) ជំនាញផ្តល់សេវាកម្ម (៩) សេវាកម្មភេសជ្ជៈ (១០) លំដាប់លំដោយក្នុងការផ្តល់សេវាកម្មនៅក្នុងភោជនីយដ្ឋាន (១១) នីតិវិធីក្នុងភោជនីយដ្ឋាន (១២) អនាម័យ សន្តិសុខ និងសុវត្ថិភាពក្នុងហាង។


លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់, លោក យ៉ន ភីរិន នាយករងរដ្ឋបាលខេត្ត និងលោក ជួប រតនា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផែនការ នៃក្រសួងផែនការ បានសំណូមពរសុំឱ្យសិក្ខាកាម ដែលមានឈ្មោះក្នុងវគ្គបណ្តុះបណ្តាល យកចិត្តទុកដាក់សិក្សា ឱ្យបានពេញម៉ោង រយៈពេល០៦ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ព្រមទាំងទទួលបាននិទ្ទេសល្អ ឬល្អបង្គួរ ដើម្បីទទួលបានវិញ្ញាបត្របញ្ជាក់ការសិក្សា ពីក្រសួងទេសចរណ៍ សម្រាប់យកទៅដាក់តាំងក្នុងហាងរបស់ខ្លួន ឬយកទៅបើកអាជីវកម្ម លក់ដូរម្ហូបអាហារដោយខ្លួនឯង ដើម្បីទាក់ទាញ ឬទទួលបានទំនុកទុកចិត្ត ពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ។

លោកបានស្នើសុំឱ្យម្ចាស់អាជីវកម្ម សេវាកម្មទាំងអស់ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមទទួលខុសត្រូវ ជាពិសេសទៀតនោះ ត្រូវយកចិត្តទុកដាក់ លើចំណុចសំខាន់៣គឺ ទី១-ត្រូវមានបដិសណ្ឋារកិច្ចល្អចំពោះភ្ញៀវ ទី២-ថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ និងទី៣-ជៀសវាងឱ្យបាន នូវការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ៕

អត្ថបទទាក់ទង